អន្តរជាតិ

កងទ័ពអាកាសអ៊ុយក្រែនអះអាងថាបានបំផ្លាញនាវាដ៏ធំរបស់រុស្ស៊ីដែលឈរជើងនៅតំបន់គ្រីមៀ

ប្រែសម្រួល៖ ស.សម្បត្តិ

អ៊ុយក្រែនអះអាងថា ការវាយប្រហារតាមអាកាសបានបំផ្លាញនាវារបស់រុស្ស៊ីនៅកំពង់ផែក្នុងក្រុង Feodosia នៃតំបន់គ្រីមៀ។

មេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន Mykola Oleshchuk បានចេញមកនិយាយតាម Telegram ដោយមិនបានផ្តល់ភស្តុតាងលម្អិតថា “កងនាវាចររុស្ស៊ីកាន់តែរួញតូចទៅៗហើយ! អរគុណដល់កងទ័ពអាកាសអ៊ុយក្រែនរបស់យើងនិងអ្នកពាក់ព័ន្ធទាំងអស់សម្រាប់កិច្ចប្រតិបត្តការ filigree!” ។ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ កងកម្លាំងអាកាសរបស់អ៊ុយក្រែនបាននិយាយដោយមិនបានផ្តល់ភស្តុតាងលម្អិតថាអាកាសយានិករបស់ខ្លួនបានវាយប្រហារលើកំពង់ផែក្នុងក្រុង Feodosia នៅវេលាម៉ោងប្រហែល ២.៣០ ព្រឹកដោយមីស៊ីលប្រឆាំងនាវាហើយបានបំផ្លាញនាវា Novocherkassk នៃកងនាវាចរសមុទ្រខ្មៅរបស់កងទ័ពជើងទឹករុស្ស៊ី។

ការអះអាងនេះមិនមានរបាយការណ៍ឯករាជ្យសម្រាប់ធ្វើការផ្ទៀងផ្ទាត់បានទេហើយមិនមានការធ្វើអត្ថាធិប្បាយភ្លាមៗពីកងទ័ពជើងទឹករុស្ស៊ីលើការអួតអាងរបស់មេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែនដែលថាបានបំផ្លាញនាវារបស់រុស្សីនោះទេ។ គេ​នៅមិន​ទាន់​ដឹងច្បាស់​ថា​តើ​មី​ស៊ី​ល​ប្រភេទ​ណា​ដែល​អ៊ុយ​ក្រែ​ន​រាយការណ៍​ថា​ខ្លួនបាន​ប្រើ​ហើយបាញ់អស់​ប៉ុន្មាន​គ្រាប់​នោះទេ ។

កាលពីព្រឹកថ្ងៃអង្គារ លោក Sergei Aksyonov អភិបាលក្រុង Crimea ដែលត្រូវបានលើកបន្តុបដោយរុស្ស៊ី បានថ្លែងថាមានការវាយប្រហាររបស់អ៊ុយក្រែនបណ្តាលឲ្យឆេះកំពង់ផែតែត្រូវបានទប់ស្កាត់ភ្លាមៗ។

Aksyonov បាននិយាយនៅលើ Telegram ថា “សេវាកម្មសង្គ្រោះបន្ទាន់ដែលពាក់ព័ន្ធទាំងអស់គឺនៅនឹងកន្លែងកើតហេតុចំណែកអ្នក​រស់នៅ​តាម​ផ្ទះ​ជាច្រើន​​ត្រូវបាន​ជម្លៀស​ចេញប្រកបដោយសុវត្ថិភាព”។

អាជ្ញាធរដែលគ្រប់គ្រងនៅគ្រីមៀបានធ្វើសេចក្តីថ្លែងការណ៍ថាដោយសារតែ “ហេតុផលបច្ចេកទេស” រថភ្លើងត្រូវផ្អាកការចេញដំណើរពីក្រុង Feodosia នាពេលនេះហើយចរាចរណ៍តាមដងផ្លូវត្រូវបានបិទដោយផ្នែកខ្លះនៅក្នុងក្រុង Feodosia ។

ទីប្រជុំជន Feodosia ដែលមានប្រជាជនប្រហែល ៦៩,០០០ នាក់ ស្ថិតនៅតាមឆ្នេរសមុទ្រភាគខាងត្បូងនៃឧបទ្វីបគ្រីមៀ។

យោងតាមរូបភាពវីដេអូដែលបានបង្ហោះនៅលើបណ្តាញព័ត៌មានរុស្ស៊ីតាម Telegram បង្ហាញពីការផ្ទុះដ៏ខ្លាំងក្លា និងមានភ្លើងឆេះយ៉ាងសន្ថោសន្ធៅនៅក្នុងកំពង់ផែ Feodosia ។

ទាំងរុស្ស៊ី និងអ៊ុយក្រែន តែងតែនិយាយបំផ្លើសពីការខូចខាតរៀងៗខ្លួនដែលពួកគេអះអាងថាបានធ្វើការវាយប្រហារបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទៅវិញទៅមកនៅក្នុងសង្គ្រាមអស់រយៈពេលជាង ២២ ខែ តែបើតាមការបានប៉ាន់ស្មានគឺមិនដូចការអះអាងនោះទេ។

សូមរំលឹកថា រុស្ស៊ី​បាន​បញ្ចូលតំបន់​គ្រីមេ​របស់​អ៊ុយក្រែនជាឧបសម្ព័ន្ធរបស់ប្រទេសខ្លួនដែលត្រូវបានអន្តរជាតិធ្វើការ​ថ្កោលទោស​យ៉ាង​ទូលំទូលាយនៅ​ក្នុង​ឆ្នាំ ២០១៤៕

ប្រភព៖ Reuters/ec