សន្ដិសុខសង្គម

រថយន្តស្តារិចបុកម៉ូតូកង់បីបណ្ដាលឱ្យបុរសម្នាក់ប៉ើងធ្លាក់ចូលប្រឡាយទឹកស្លាប់

ដោយ:សុខុម
ភ្នំពេញ៖ មួយគ្រួសារឈប់នៅលើម៉ូតូកង់បីស្រាប់តែរថយន្តស្តារិចមកពីក្រោយបុកពេញទំហឹងប៉ើងបុរសម្នាក់ធ្លាក់ចូលក្រឡាយទឹកស្លាប់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាទៀបភ្លឺថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ លើផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល។


ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាក្រុមគ្រួសារងគ្រោះ បានបើកម៉ូតូកង់បីមួយគ្រឿងមិនមានផ្លាកលេខឈប់ចតនៅលើចិញ្ចើមផ្លូវជាតិលេខ៤។ជនរងគ្រោះនៅលើម៉ូតូកង់បីទាំងអស់ ពេលនោះមានរថយន្តម៉ាកស្តារិច ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2AA-1815 បើកដោយបុរសម្នាក់តាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿនរេចង្កូតទៅខាងស្ដាំដៃជ្រុលបុកពីក្រោយម៉ូតូកង់បីពេញទំហឹង បោកផ្ទប់នឹងបង្គោលភ្លើងបាក់មួយដើមទៅមុខលែងរួច។ភ្លាមនោះបុរសអ្នកបើកម៉ូតូកង់បីបានធ្លាក់ចូលក្នុងប្រឡាយទឹកស្លាប់។រីឯស្រ្តីជាប្រពន្ធនិងកូនតូចប្រុសស្រី៣នាក់ទៀត បានរងរបួសធ្ងន់ស្រាលដេកដួលនៅនឹងកន្លែងហើយត្រូវក្រុមសង្គ្រោះបន្ទាន់ ៧១១ជួយសង្គ្រោះ។


សមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះមាន ១- ឈ្មោះ មាស សុភ័ណ្ឌ អាយុ៣៥ឆ្នាំជាឪពុកស្លាប់រស់នៅភូមិតាហេវក្រោម ឃុំកោងកាង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ២-ឈ្មោះ សុំ សុីសារ៉ា អាយុ ៣៧ឆ្នាំម្តាយរបួសស្រាល៣- ឈ្មោះ មាស សុភត្រា អាយុ ១១ឆ្នាំ ភេទប្រុស ត្រូវជាកូនរបួសធ្ងន់ ៤- ឈ្មោះ មាស សុភក្រ័និត្យ អាយុ៣ខួប ភេទប្រុស(របួសស្រាល) ៥- ឈ្មោះ មាស សុភក្រ័ណានិមល អាយុ ១១ខែ ភេទស្រី(របួសស្រាល) ក្មេងៗរងគ្រោះទាំង៣នាក់ ក្នុងនោះធ្ងន់ម្នាក់ ត្រូវបានដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។
អ្នកបើកបររថយន្តបង្កក្រោយកើតហេតុភ្លាមបានគេចខ្លួនបាត់៕