អន្តរជាតិ

បក្សចលនាឆ្ពោះទៅមុខជឿលើការស៊ើបអង្កេតសំណុំរឿងកំណែទម្រង់ច្បាប់ប្រមាថស្តេចថៃ

ប្រែសម្រួល៖ សហការី

បាងកក៖ នៅថ្ងៃចន្ទ ទី២៥ ខែធ្នូ គណបក្សចលនាឆ្ពោះទៅមុខរបស់ប្រទេសថៃ ដែលបានឈ្នះការបោះឆ្នោតនៅឆ្នាំនេះ ប៉ុន្តែមិនបានដឹកនាំរដ្ឋាភិបាលបាននិយាយថាខ្លួនមានទំនុកចិត្តលើសំណុំរឿងរបស់តុលាការដែលស៊ើបអង្កេតលើយុទ្ធនាការរបស់ខ្លួនដែលបានសន្យាធ្វើកំណែទម្រង់ច្បាប់ប្រមាថព្រះមហាក្សត្រ។

គណបក្សចលនាឆ្ពោះទៅមុខបានឈ្នះអាសនៈភាគច្រើននៅក្នុងការស្ទង់មតិកាលពីខែឧសភា ប៉ុន្តែមេដឹកនាំនៅពេលនោះលោក ពីតា​ លឹមចារុងរ៉ាត ត្រូវបានរារាំងមិនឲ្យក្លាយជានាយករដ្ឋមន្ត្រីដោយក្រុមអភិរក្សនិយមនៅក្នុងព្រឹទ្ធសភា។

ការសន្យាបស់គណបក្សក្នុងការធ្វើកំណែទម្រង់ច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រដ៏តឹងតែងរបស់ប្រទេសថៃបានធ្វើឲ្យមានការរំជើបរំជួលដល់សមាជិកព្រឹទ្ធសភាដែលគាំទ្រយោធាភាគច្រើនជារាជានិយម សមាជិកព្រឹទ្ធសភាទាំងនោះត្រូវបានតែងតាំងដោយរបបយោធា។

តុលាការធម្មនុញ្ញកំពុងពិចារណាលើញត្តិដែលលើកហេតុផលថា ការសន្យារបស់គណបក្សចលនាឆ្ពោះទៅមុខក្នុងការកែទម្រង់ច្បាប់ប្រមាថព្រះមហាក្សត្រ ស្មើនឹងការប៉ុនប៉ងផ្តួលរំលំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

អតីតមេដឹកនាំគណបក្ស ចលនាឆ្ពោះទៅមុខលោក ពីតា​ ដែលបានដឹកនាំគណបក្សនៅក្នុងការបោះឆ្នោត ប៉ុន្តែបានលាលែងពីតំណែង បានផ្តល់ភស្តុតាងនៅក្នុងសវនាការកាលពីថ្ងៃចន្ទ ហើយបាននិយាយថាមាន “ដំណើរការល្អ”។

លោក ពីតា​ បាននិយាយថា “ប្រសិនបើអ្នកក្រឡេកមើលអនុភាពនៃច្បាប់និងការចោទប្រកាន់ក្នុងស្ថានភាពដ៏អាក្រក់បំផុតនោះគឺ តុលាការធម្មនុញ្ញនឹងស្នើសុំឲ្យយើងបញ្ឈប់ដំណើរការយុទ្ធនាការលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ” លោក ពីតា​ បាននិយាយដោយច្រានចោលការលើកឡើងថា គណបក្សរបស់លោកកំពុងប្រឈមនឹងហានិភ័យរំលាយចោល។

តុលាការ​បាន​និយាយ​ថា ខ្លួន​នឹង​ប្រកាស​សាលក្រម​ក្នុង​សំណុំ​រឿង​នេះ​នៅ​ថ្ងៃ​ទី ៣១ ខែ​មករា។

គណបក្សចលនាឆ្ពោះទៅមុខទទួលបានការគាំទ្រពីប្រជាជនថៃវ័យក្មេង និងអ្នករស់នៅតាមទីក្រុងដែលធុញទ្រាន់នឹងការគ្រប់គ្រងរបស់របបយោធាជិតមួយទសវត្សរ៍ហើយក៏ទទួលបានជ័យជំនះក្នុងការបោះឆ្នោតដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងខែឧសភា។

ប៉ុន្តែលោក ពីតា​ លឹមចារុងរ៉ាត ត្រូវ​បាន​រារាំង​មិនឲ្យឈរឈ្មោះសម្រាប់តំណែងនាយក​រដ្ឋមន្ត្រី ហើយ​គណបក្ស ចលនាឆ្ពោះទៅមុខ ត្រូវ​បាន​រារាំងមិនអោយបង្កើត​រដ្ឋាភិបាល ខណៈ​ដែលគណបក្ស​ភឿថៃ​របស់​អតីត​មេ​បក្ស​ប្រឆាំង​ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាន​ឡើង​កាន់​អំណាចជំនួសវិញ​ក្នុង​សម្ព័ន្ធភាព​ជាមួយ​គណបក្សដែល​គាំទ្រដោយ​យោធា។

លោក ពីតា​ លឹមចារុងរ៉ាត ក៏កំពុងប្រឈមមុខនឹងដំណើរការក្តីក្នុងសំណុំរឿងមួយទៀតនៅតុលាការធម្មនុញ្ញដែលរារាំងគាត់ពីការធ្វើនយោបាយក្រោមហេតុផលថាមានកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដែលផ្ទុយនឹងច្បាប់បោះឆ្នោតសម្រាប់សភាថៃ៕

ប្រភព៖ AFP/mi