សន្ដិសុខសង្គម

អ្នកបើករថយន្តFord បុកមនុស្សស្លាប់នៅខេត្តរតនគិរីកំពុងរត់គេចពីសំណាញ់ច្បាប់

ដោយ៖សុខុម
រតនគិរី÷រថយន្ត ford ចង្កូតស្ដាំមួយគ្រឿងបានបុកអ្នកជិះម៉ូតូផ្លោងជាច្រើនម៉ែត្រធ្លាក់ពីលើផ្លូវលំក្រោយមកបានស្លាប់ពេលបញ្ជូនទៅពេទ្យកាលពីថ្ងៃទី១៧ធ្នូ ក្នុងក្រុមហ៊ុនចម្ការចេក នៅត្រង់ចំណុចការដ្ឋានទី៦ ឃ្លាំងពោត ស្ថិតក្នុងភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ។


ចាប់តាំងពីថ្ងៃកើតហេតុមកដល់ថ្ងៃទី២៤ខែធ្នូឆ្នាំ២០២៣ជនបង្កកំពុងគេចខ្លួននៅឡើយ។
របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាម៉ូតូបើកបរក្នុងទិសដៅពីត្បូងទៅជើង រីឯរថយន្តពីលិចទៅកើតមកដល់ចំណុចកើតហេតុក៏បានបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យភាគីខាងម៉ូតូផ្លោងធ្លាក់ចេញពីផ្លូវជាច្រើនម៉ែត្រ។


របាយការណ៍បានបញ្ជាក់ទៀតថា អ្នកបើកបរម៉ូតូម៉ាកវេវឆ្លាម គ្មានស្លាកលេខ ឈ្មោះ ណេត សារ៉ុន ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករក្រុមហ៊ុនចម្ការចេក ស្ថិតក្នុងភូមិ៣ ឃុំស្រែអង្រ្គង ស្រុកកូនមុំ ខេត្តរតនគិរី។អ្នកបើកបររថយន្តបង្ក មិនស្គាល់អត្តសញ្ញាណ។
ករណីគ្រោះថ្នាក់មួយនេះបង្កឡើងដោយសារអ្នកបើកបររថយន្តខ្វះការប្រុងប្រយ័ត្នក្នុងល្បឿនលឿន។


ប្រភពមួយបានឲ្យដឹងថាអ្នកបើកបររថយន្តបុកកម្មករចំការចេកស្លាប់គឺជាអ្នកបម្រើការងារនៅក្នុងក្រុមហ៊ុនវៀតណាមនោះតែម្ដងគ្រាន់តែសមត្ថកិច្ចនៅពុំទាន់ចាប់ខ្លួនបានតែប៉ុណ្ណោះ។


ក្រោយកើតហេតុរថយន្តម៉ាកហ្វត ពណ៌ស ចង្កូតស្ដាំ ពាក់ស្លាកលេខPP-3146រួមទាំងម៉ូតូរបស់ជនរងគ្រោះសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកូនមុំ៕