អន្តរជាតិ

អាមេរិកដឹងថាខ្លួនកំពុងស្ថិតនៅក្នុងសភាពឯកោលើឆាកអន្តរជាតិដោយសារគាំទ្រសង្គ្រាមអ៊ីស្រាអែល

ប្រែសម្រួល៖ ស.សម្បត្តិ

វ៉ាស៊ីនតោន៖ អស់ពេលជាងបីឆ្នាំហើយបន្ទាប់ពីប្រធានាធិបតី ចូ បៃដិន បានចូលកាន់តំណែងដោយបានធ្វើសច្ចាប្រណិធានថា “នឹងនាំអាមេរិកឲ្យត្រឡប់មកកាន់សភាពដើមវិញ” ក្នុងការក្សាមុខមាត់របស់ខ្លួនលើឆាកអន្តរជាតិ។ ក៏ប៉ុន្តែឥឡូវនេះអាមេរិកកំពុងជាប់ផុងរងនូវការវាយប្រហារដោយសារគាំទ្រអ៊ីស្រាអែលក្នុងការធ្វើសង្រ្គាមប្រឆាំងជាមួយនឹងក្រុមហាម៉ាសនៅហ្គាហ្សាស្ទ្រីប។

នៅក្នុងពេលនេះអាមេរិកសំឡឹងឃើញថា ខ្លួនបានដើរថយក្រោយមួយជំហានហើយកំពុងធ្លាក់ក្នុងសភាពឯកោសាជាថ្មី។ សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្របន្ទាប់ពីមានការចរចាជាបន្តបន្ទាប់បានបើកភ្លើងខៀវគាំទ្រសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីជំនួយមនុស្សធម៌សម្រាប់តំបន់ហ្គាហ្សាស្ទ្រីបក្រោយពីបានវ៉េតូលើការអំពាវនាវកាលពីលើកមុនដល់ការបញ្ឈប់ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សាស្ទ្រីបចំនួនពីរលើករួចមក។

អាមេរិក​នៅ​តែ​ប្រកាន់គោលជំហររបស់ខ្លួនដាច់​ឆ្ងាយ​ពី​សម្ព័ន្ធមិត្តដ៏​ជិត​ស្និទ្ធ​បំផុត​មួយ​ចំនួន​ដូចជា អង់គ្លេស បារាំង និង​ជប៉ុន ដែល​គាំទ្រ​សេចក្តីសម្រេចស្តីពីបទឈប់បាញ់ដែលសហរដ្ឋ​អាមេរិក​មិន​ព្រម​ចូល​រួម​ចំណែកដូចនៅក្នុងសង្រ្គាមរុស្ស៊ី។

នៅក្នុងមហាសន្និបាតពេញអង្គកាលពីមួយសប្តាហ៍មុន មានតែសហរដ្ឋអាមេរិកនិងដៃគូអឺរ៉ុបតែពីរប៉ុណ្ណោះ គឺអូទ្រីស និងសាធារណរដ្ឋឆេក ក្រៅពីនោះមិនមានសម្ព័ន្ធមិត្តអាស៊ីណាមួយប្រឆាំងនឹងការបោះឆ្នោតគាំទ្រដល់ការអំពាវនាវស្តីពីបទឈប់បាញ់ដែលមិនភ្ជាប់ជាមួយនឹងសង្រ្គាមដែលបង្កឡើងដោយការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលានៅលើទឹកដីអ៊ីស្រាអែលនោះទេ។

នាយកកម្មវិធីអាមេរិកនៅ Chatham Houseក្នុងទីក្រុងឡុងដ៍អ្នកស្រី Leslie Vinjamuri បាននិយាយថា អ្នកបង្កើតគោលនយោបាយអឺរ៉ុបភាគច្រើន នៅពេលនិយាយអំពីសហរដ្ឋអាមេរិកគេតែងរំលឹកដល់ការគាំទ្រដ៏រឹងមាំរបស់លោក Biden ចំពោះអ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។លោកស្រីបាននិយាយថា “ល្បែងនយោបាយដែលអាមេរិកកំពុងលេងនៅពេលនេះសម្រាប់ពិភពលោកទាំងមូលគឺធ្វើឲ្យគេមើលឃើញថា សហរដ្ឋអាមេរិកកំពុងយកចិត្តទុកដាក់ចំពោះជនជាតិអ៊ីស្រាអែល និងជនជាតិអ៊ុយក្រែន ហើយបានបង្ហាញថាអាមេរិកពិតជាមិនបានយកចិត្តទុកដាក់ចំពោះជនជាតិ​សម្បុរទង់ដែងនោះទេ នេះជាទេវកថាដែលត្រូវបានគេដកស្រង់សម្តីរបស់លោកស្រីមកចុះផ្សាយ”។

  • ការផ្ទុះកំហឹងសាធារណៈ

មិនដូចអ្នកកាន់តំណែងមុនគឺលោក Donald Trump ដែលគាំទ្រអ៊ីស្រាអែលផ្កាប់មុខនោះទេគឺ លោក Biden បានសម្តែងការខកចិត្តចំពោះនាយករដ្ឋមន្ត្រី Benjamin Netanyahu និងការបរាជ័យរបស់អ៊ីស្រាអែលក្នុងការការពារជនស៊ីវិលនៅតំបន់ Gaza បើទោះបីជាសហរដ្ឋអាមេរិកនៅតែប្រកាន់ជំហរបន្តផ្គត់ផ្គង់បិរិក្ខារយោធា និងគាំទ្រនយោបាយការទូតក៏ដោយ។

មន្ត្រីរដ្ឋបាលលោក Biden បាននិយាយថា សម្ពាធនៅពីក្រោយខ្នងរបស់ពួកគេ បានទទួលផ្លែផ្កាជា

បណ្តើរៗហើយ ដោយអ៊ីស្រាអែល ចាប់ផ្តើមបើកភ្លើងខៀវឲ្យចូលប្រើអ៊ីនធឺណិត និងបើកច្រចេញចូលក្នុងតំបន់ហ្គាហ្សា។

លោកស្រីVinjamuri បាននិយាយថា ជាមួយនឹងរូបភាពនៃការឈឺចាប់របស់ពលរដ្ឋដែលរស់នៅក្នុង Gaza ក្នុងមួយសប្តាហ៍នេះចំពោះដំណើររឿងដែលគេកំពុងមើលឃើញថាលោក Biden “ឱបក្រសោបលោក Netanyahu យ៉ាងណែន ហើយបន្ទាប់មកចាប់ផ្តើមដាក់សម្ពាធមកលើលោក Netanyahu យ៉ាងខ្លាំងក្នុងសភាពស្ងៀមស្ងាត់។

នាយកមជ្ឈិមបូព៌ានៃក្រុមហ៊ុន Gallup International លោក Munqith Dagher បាននិយាយថា ការស្ទង់មតិសាធារណជនអារ៉ាប់ចំនួនប្រាំមួយនាក់កាលពីខែមុនបានបង្ហាញថា មានតែ ៧ ភាគរយប៉ុណ្ណោះដែលជឿថាសហរដ្ឋអាមេរិកបានដើរតួនាទីវិជ្ជមាននៅក្នុងសង្គ្រាម។

លោក Dagher ដែលជាស្ថាបនិកក្រុមស្រាវជ្រាវ Al-Mustakella នៅអ៊ីរ៉ាក់បាននិយាយថា កេរ្តិ៍ឈ្មោះរបស់ទីក្រុងវ៉ាស៊ីនតោនបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងពិភពអារ៉ាប់ចាប់តាំងពីការឈ្លានពានរបស់អ៊ីរ៉ាក់កាលពី ២ ទសវត្សរ៍មុន ប៉ុន្តែរហូតមកដល់ពេលថ្មីៗនេះ មាន១៥ភាគរយទៅ ៣០ ភាគរយនៅតែពេញចិត្តសហរដ្ឋអាមេរិក។

គាត់បាននិយាយថា “ពាណិជ្ជសញ្ញា” របស់សហរដ្ឋអាមេរិកតំណាងឲ្យ “រឿងល្អជាច្រើនជាពិសេសសម្រាប់បញ្ញវន្តនិងវណ្ណៈកណ្តាលដូចជាលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្ស (និង) សេរីភាពនៃការនិយាយស្តី” ប៉ុន្តែ “ហ្គាហ្សាជាសន្លឹកបៀចុងក្រោយគេបង្អស់” ។

ប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញអំពីឈុតឆាកដែលមិនមានភាពត្រឹមត្រូវស្មោះត្រង់ចំពោះអំពើមនុស្សធម៌ក្នុងតំបន់ហ្គាហ្សាទៅកាន់សាធារណជនអារ៉ាប់ ដោយបង្ហាញពី “ភាពលំអៀងទាំងស្រុងរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះជនជាតិអ៊ីស្រាអែល និងការបដិសេធសិទ្ធិមនុស្សសម្រាប់ជនជាតិប៉ាឡេស្ទីនរបស់អាមេរិក” ។

លោក Dagher បាននិយាយថា យោងតាមការស្ទង់មតិបានបង្ហាញឲ្យឃើញថា អ្នកទទួលផលសំខាន់ៗនៅក្នុងពិភពអារ៉ាប់ គឺចិន រុស្ស៊ី ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ អ៊ីរ៉ង់ ដែលមានភាពតានតឹងជាប្រវត្តិសាស្ត្រជាមួយពិភពអារ៉ាប់ ប៉ុន្តែមានតែអ៊ីរ៉ង់មួយគត់ក្នុងចំណោមរដ្ឋាភិបាលពិភពអារ៉ាប់ នៅក្នុងតំបន់ ដែលបានយកឈ្នះចិត្តក្រុមហាម៉ាស។

  • អាមេរិកនៅតែជាកម្លាំងលំដាប់កំពូល

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជំរុញឲ្យពិភពលោកបង្វែរការខឹងសម្បារបស់ខ្លួនទៅលើក្រុមហាម៉ាសគឺជាក្រុមជីវពលសកម្មប្រយុទ្ធដែលបានជ្រៀតចូលក្នុងទឹកដីអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ដោយបានសម្លាប់មនុស្សប្រហែល ១,១៤០ នាក់ និងចាប់មនុស្សប្រហែល ២៥០ នាក់ទៀតធ្វើជាចំណាប់ខ្មាំង នេះបើយោងតាមការបូកសរុបរបស់ AFP ដោយផ្អែកលើតួលេខរបស់អ៊ីស្រាអែល។

អ៊ីស្រាអែល​បានធ្វើការ​ឆ្លើយតប​ដោយបើកការវាយប្រហារតាម​ផ្លូវអាកាស​និង​ទ័ពថ្មើរជើង​ដែល​អាជ្ញាធរ​ហាម៉ាស​និយាយ​ថា​បាន​សម្លាប់​ប្រជាជន​ប៉ាឡេស្ទីន​ជាង២០.០០០នាក់ ហើយភាគច្រើនគឺ​ជាស្ត្រី​និង​កុមារ។

Blinken បាននិយាយថា សហរដ្ឋអាមេរិក “បានធ្វើច្រើនជាងប្រទេសផ្សេងទៀត” ដើម្បីនាំយកជំនួយចូលទៅក្នុងហ្គាហ្សា។

កាលពីថ្ងៃពុធលោក Blinken បានប្រាប់អ្នកយកព័ត៌មានថា រដ្ឋាភិបាល “ចង់ធ្វើការជាមួយយើង ហើយកំពុងស្វែងរកការដឹកនាំរបស់អាមេរិកនៅក្នុងវិបត្តិនេះ – សូម្បីតែប្រទេសដែលប្រកាន់គោលជំហរមិនយល់ស្របជាមួយយើងលើបញ្ហាមួយចំនួនក៏ដោយ”។

ប្រទេសចិនបានបង្កើនការទូតក្នុងតំបន់ ប៉ុន្តែរដ្ឋបាលលោក Biden បានព្យាយាមប្រើប្រាស់ពាក្យសម្តីរបស់ខ្លួនជំរុញឲ្យទីក្រុងប៉េកាំងប្រើឥទ្ធិពលរបស់ខ្លួនជាមួយទីក្រុងតេអេរ៉ង់ ដើម្បីបញ្ឈប់ការវាយប្រហារលើនាវាពាណិជ្ជកម្មដោយក្រុមឧទ្ទាម Houthi ដែលគាំទ្រដោយអ៊ីរ៉ង់នៅយេម៉ែន។

ខណៈពេលដែលប្រទេសចិនមានចំណាប់អារម្នណ៏ផ្នែកសន្តិសុខតិចតួចនៅមជ្ឈិមបូព៌ា សហរដ្ឋអាមេរិកបានឆ្លើយតបទៅនឹងការវាយប្រហាររបស់ Houthi ដោយបញ្ជូននាវាផ្ទុកយន្តហោះទៅល្បាតនិងបង្កើតក្រុមការងារចម្រុះប្រទេសដើម្បីការពារផ្លូវដឹកជញ្ជូនសំខាន់ៗលើលំហសមុទ្រ។

អនុប្រធានគោលនយោបាយនៅវិទ្យាស្ថានមជ្ឈិមបូព៌ាដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនលោក Brian Katulis បាននិយាយថា រដ្ឋបាល Biden ខណៈដែលបានយល់យ៉ាងច្បាស់ពីកំហឹងសាធារណៈកំពុងផ្តល់អាទិភាពលើសេចក្តីសម្រេចដែលមានគោលបណង “ជាក់ស្តែង” លុបបំបាត់ការគំរាមកំហែងរបស់ក្រុមហាម៉ាសជាជាងការអំពាវនាវដែលគេជឿថាគ្រាន់តែជានិមិត្តសញ្ញាសម្រាប់បទឈប់បាញ់មួយប៉ុណ្ណោះ។

Katulis បាននិយាយថា ប្រទេសអារ៉ាប់ជាច្រើនដែលបរិហារគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកគឺជា “ប្រទេសដែលមានការធានាសន្តិសុខដោយសហរដ្ឋអាមេរិក” Katulis បាននិយាយដូច្នេះ។

“ខ្ញុំរកឃើញហេតុផលជាច្រើនធ្វើឲ្យចង់ឆ្កួតដូចជាសេចក្តីថ្លែងការណ៍ដែលចេញដោយក្រុមប្រទេសអារ៉ាប់ថា ពួកគេថាមិនអាចរស់នៅជាមួយយើងបានទេតែតាមពិតគឺពួកគេមិនអាចរស់នៅដោយគ្មានយើងបានទេ”៕

ប្រភព៖ AFP/kg