ព័ត៌មានជាតិ

សន្តិបណ្ឌិត នេត សាវឿន អំពាវនាវឱ្យជួយអង្គទាំងប្រាំដែលបម្រើពលរដ្ឋនិងបក្ស

ដោយ៖ គង់ហេង
កំពង់ចាម៖ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋាន ខេត្តកំពង់ចាម បានអំពាវនាវឱ្យក្រុមការងារគណបក្ស ខេត្តកំពង់ចាមមេត្តាជួយបង្កលក្ខណៈដល់អង្គទាំងប្រាំ ដែលជាអ្នកបម្រើប្រជាពលរដ្ឋ និងគណបក្ស។


លោកសន្តិបណ្ឌិតបានអំពាវនាវដល់សមាជិកគណបក្សខេត្តកំពង់ចាមឱ្យជួយ ដល់អង្គទាំង ប្រាំ មានៈ ១.មេឃុំ-ចៅសង្កាត់,២.ស្មៀន,៣.មេប៉ុស្ត៍,៤.មេភូមិ និង៥.មណ្ឌលសុខភាព បែបនេះនៅចំពោះមុខវត្តមាន លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយរដ្ឋមន្រ្តី សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ព្រមទាំងសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ប្រធានក្រុមការងារគណបក្សចុះជួយខេត្ត និងជាប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុកក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងពិធីប្រកាសសេចក្តីសម្រេចចាត់តាំងក្រុមការងារគណបក្សចុះជួយក្រុង/ស្រុក នៅស្នាក់ការគណប្សប្រជាជនកម្ពុជា ស្រុកចម្ការលើ នៅព្រឹកថ្ងៃទី២៤ ធ្នូនេះ។


លោកឧបនាយករដ្ឋមន្រ្តី នេត សាវឿន បានថ្លែងថា៖ ដើម្បីបង្កើនប្រសិទ្ធិភាពរបស់គណបក្សសូមអំពាវនាវដល់សមាជិក សមាជិកា គណបក្សប្រជាកម្ពុជាខេត្តកំពង់ចាម ស្រុក ក្រុង ឃុំ សង្កាត់ទាំងអស់មេត្តាជួយ ដល់ពួកគាត់(អង្គទាំងប្រាំ) គឺកៀរគរ ធនធាន បញ្ញាស្មារតី និងបទពិសោធន៍ ប្រយោជន៍ឱ្យអង្គទាំង ប្រាំ ដំណើរការដោយរលូន។


លោកបានបន្តថា៖ ពិសេសចុះទៅស្តាប់ប្រជាពលរដ្ឋផ្ទាល់ ដោយស្តាប់សំណូមពរពួកគាត់(ប្រជាពលរដ្ឋ) និងជំរុញឱ្យពួកគាត់សហការជាមួយយើង(ក្រុមការងារចុះមូលដ្ឋាន)។ ដោយស្តាប់ឱ្យនូវតម្រូវការរបស់ប្រជាពលរដ្ឋ និងជួយពង្រឹងស្មារតីជំរុញប្រជាពលរដ្ឋឱ្យចេះរកចំណូលសម្រាប់ជីវភាពគ្រួសារ ហើយចូលរួមសហការកិច្ចមួយចំនួនទៀត៕