សន្ដិសុខសង្គម

មានស្ត្រីម្នាក់បើករថយន្តបុកអ្នកជិះម៉ូតូស្លាប់រួចរត់គេចខ្លួនទៀ់តហើយ

ដោយ៖សុខុម
ភ្នំពេញ៖នារីម្នាក់បើករថយន្តព្រូសលឿនបុកបុរសជិះម៉ូតូម្នាក់ស្លាប់កាលពីល្ងាចថ្ងៃទី២៤ខែធ្នូឆ្នាំ២០២៣លើផ្លូវក្បែរផ្សារហេងលីផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញគេនៅពុំទាន់ដឹងមូលហេតុពិតប្រាកដទេ។


ប្រជាពលរដ្ឋបានឃើញហេតុការណ៍ថា បុរសមិនទាន់ស្គាល់អត្តសញ្ញាណជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ស៊េរីឆ្នាំ២០២៣ពណ៌ខ្មៅ ពាក់ផ្លាកលេខ ត្បូងឃ្មុំ 2L-1312 តែម្នាក់ឯងតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីកើតមកលិច។មកដល់ក្បែរស្តុបពេទ្យលោកសង្ឃមានរថយន្តម៉ាកតូយូតាព្រូស ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ2BE-0241 បើកបរដោយនារីម្នាក់មកពីក្រោយស្របទិសគ្នាក្នុងល្បឿនលឿន បុកពីក្រោយម៉ូតូពេញទំហឹង បណ្ដាលឱ្យបុរសនោះដួលទៅនឹងថ្នល់។

នៅពេលនោះរថយន្តបង្កនៅតែបន្តល្បឿនបើកកិនពីលើបុរសរងគ្រោះម្ចាស់ម៉ូតូ ដេកដួលលើដងផ្លូវ។ពេលនោះពលរដ្ឋក៏បានទាក់ទងទៅខាងមន្ទីរពេទ្យលោកសង្ឃ ឲ្យមកដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់ភ្លាមៗ តែអកុសលបុរសនោះស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
ចំណែកនារីអ្នកបើករថយន្តបានរត់គេចខ្លួនបាត់នៅសល់តែស្ត្រីអ្នករួមដំណើរជាមួយក្នុងរថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួនយកសាកសួរនៅកន្លែងសមត្ថកិច្ច៕