សន្ដិសុខសង្គម

បណ្ដេញមន្ត្រីនគរបាល១១នាក់ ចេញពីក្របខ័ណ្ឌ បន្ទាប់ធ្វើតេស្ត រកឃើញសារធាតុញៀន

ដោយ៖វិចិត្រ
ភ្នំពេញ៖ក្រសួងមហាផ្ទៃ បានបណ្ដេញមន្ត្រីនគរបាលជាតិ ខេត្តព្រៃវែងមានឋានន្តរស័គ្គពីពលបាលទោ ដល់វរសេនីយត្រីចំនួន១១នាក់ ចេញពីក្របខ័ណ្ឌបន្ទាប់ពីធ្វើតេស្តរកឃើញសារធាតុញៀនក្នុងខ្លួន។

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ខែធ្នូឆ្នាំ២០២៣បានចេញសេចក្តីប្រកាស សម្រេចបណ្ដេញមន្ដ្រីនគរបាលជាតិ ខេត្តព្រៃវែងមានឋានន្តរស័គ្គពីពលបាលទោ ដល់វរសេនីយត្រីចំនួន១១នាក់ ចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ។
មូលហេតុពួកគេបានល្មើសវិន័យនៃកងកម្លាំងនគរបាលជាតិ គឺបានប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់ពីធ្វើតេសរកឃើញសារធាតុញៀនក្នុងខ្លួន។ក្នុងប្រកាសបណ្ដេញចេញបានបញ្ជាក់ថា មន្ដ្រីនគរបាលជាតិទាំង១១នាក់ ដែលក្រសួងមហាផ្ទៃ បណ្ដេញចេញពីក្របខណ្ឌនេះ ជាកម្លាំងស្ថិតក្រោមឱវាទស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ។

លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃបានឱ្យដឹងថា ករណីនេះមិនមែនជាលើកទី១ទេ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចបណ្ដេញចេញពីក្របខ័ណ្ឌ។ ក្នុងនីតិកាលកន្លងទៅ អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ក៏បានអនុវត្តវិធានការនេះយ៉ាងសកម្ម និងតឹងរឹងផងដែរ។
លោកបណ្ឌិតបានបន្តថា នៅមានជាបន្តបន្ទាប់ទៀត ដែលអង្គភាពចំណុះក្រសួងមហាផ្ទៃបានរកឃើញ និងកំពុងបន្តនីតិវិធីតាមបទបញ្ជា របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕