អន្តរជាតិ

ទ័ពជើងទឹកអ៊ីរ៉ង់ទទួលបានមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ Cruiseសេរីថ្មីនៅពេលសភាពការណ៍កំពុងតានតឹងដាក់គ្នា

ប្រែសម្រួល៖សហការី

ឌូបៃ៖កាលពីថ្ងៃអាទិត្យ ទី២៤ ធ្នូ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានឲ្យដឹងថា កងទ័ពជើងទឹកអ៊ីរ៉ង់ បាននាំយកមីស៊ីលផ្លោងរយៈចម្ងាយ ១.០០០ គីឡូម៉ែត្រ ព្រមទាំងឧទ្ធម្ភាគចក្រឈ្លបយកការណ៍ ខណៈដែលសហរដ្ឋអាមេរិកបានចោទប្រកាន់អ៊ីរ៉ង់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើនាវានៅក្នុងមហាសមុទ្រឥណ្ឌា។ .

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានដកស្រង់សម្តីលោក Shahram Irani ប្រមុខកងទ័ពជើងទឹកអ៊ីរ៉ង់ដោយនិយាយថា “កាំជ្រួចមីស៊ីល Talaeiyeh មានសមត្ថភាពបាញ់បានរយៈចម្ងាយជាង ១,០០០ គីឡូម៉ែត្រ និងជាមីស៊ីលឆ្លាតវៃនាំផ្លូវដែលអាចផ្លាស់ប្តូរគោលដៅដោយស្វ័យប្រវត្តិ” ។

អ៊ីរ៉ង់បាននិយាយថា ឧទ្ធម្ភាគចក្រឈ្លបយកការណ៍និងយន្តហោះគ្មានមនុស្សបើករួមទាំងកាំជ្រួចបំពាក់ឲ្យកងនាវាចរដែនសមុទ្រ គឺស្ថិតនៅក្នុងចំណោមអាវុធសេរីថ្មីដែលត្រូវបានបំពេញបន្ថែមក្នុងឃ្លាំងអាវុធរបស់កងទ័ពជើងទឹក ដោយលោកបានបន្ថែមថា “ឧបករណ៍ទាំងអស់នេះត្រូវបានរចនា និងផលិតដោយឧស្សាហកម្មយោធារបស់ប្រទេសអ៊ីរ៉ង់”។

បើទោះបីជាអ្នកវិភាគយោធារបស់លោកខាងលិចអះអាងថា ពេលខ្លះអ៊ីរ៉ង់និយាយបំប៉ោងហួសពីការពិតចំពោះសមត្ថភាពកងទ័ពរបស់ខ្លួនក៏ដោយ ក៏កាំជ្រួច និងយន្តហោះគ្មានមនុស្សបើកដែលផលិតដោយអ៊ីរ៉ង់ គឺជាធាតុផ្សំដ៏សំខាន់នៅក្នុងវិស័យបច្ចេកវិទ្យាហាដវ៉ែរបស់កងយោធាអេរ៉ង់។

កាលពីថ្ងៃសៅរ៍ក្រសួងការពារជាតិអាមេរិកបានចោទប្រកាន់ថា យន្តហោះគ្មានមនុស្សបើកដែលបញ្ជូនពីប្រទេសអ៊ីរ៉ង់ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារលើនាវាដឹកគីមីដែលមានទង់ជាតិលីបេរីយ៉ានៅក្នុងមហាសមុទ្រឥណ្ឌានេះជាឧប្បត្តិហេតុមួយដែលបានបង្ហាញពីសញ្ញាកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់ និងបង្កឲ្យមានហានិភ័យថ្មីមួយទៀតចំពោះការដឹកជញ្ជូនតាមផ្លូវទឹក បន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលាមកលើប្រទេសអ៊ីស្រាអែល និងសកម្មភាពវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា។

កាលពីថ្ងៃសៅរ៍ប្រទេសអ៊ីរ៉ង់បានច្រានចោលការចោទប្រកាន់របស់អាមេរិកដែលថាខ្លួនបានជួយចលនា Houthi រៀបចំផែនការវាយប្រហារលើនាវាពាណិជ្ជកម្មនៅក្នុងសមុទ្រក្រហម៕

ប្រភព៖ Reuters/zl