អន្តរជាតិ

Twitterមិនទូទាត់ប្រាក់រង្វាន់រាប់លានដុល្លារដល់បុគ្គលិកដែលតុលាការចោទថាបានរំលោភលើច្បាប់កិច្ចសន្យា

ប្រែសម្រួល៖ សហការី

វ៉ាស៊ីនតោន៖ Twitter បានខកខានក្នុងការទូទាត់ប្រាក់រង្វាន់រាប់លានដុល្លារដល់បុគ្គលិករបស់ខ្លួនដែលចៅក្រមអាមេរិកបានចោទប្រកាន់ពីបទរំលោភលើកិច្ចសន្យា។ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដែលឥឡូវហៅថា X Corp បានខកខានអនុវត្តតាមការសន្យារបស់ខ្លួនជាមួយបុគ្គលិកថានឹងទូទាត់ប្រាក់រង្វាន់ជូនដល់ពួកគេ បណ្តាលឲ្យចៅក្រមតុលាការសហព័ន្ធសម្រេចចោទប្រកាន់ពីបទរំលោភលើកិច្ចសន្យាកាលពីថ្ងៃសុក្រ ។

នាយកជាន់ខ្ពស់ខាងសំណងរបស់ Twitter លោក Mark Schobinger បាននិយាយកាលពីខែឧសភា នៅមុនពេលចាកចេញពីក្រុមហ៊ុនរបស់ Elon Muskថា លោកនឹងប្តឹង Twitter នៅក្នុងខែមិថុនា ដោយចោទពីបទរំលោភលើកិច្ចសន្យា។

បណ្តឹងរបស់ Schobinger បានចោទប្រកាន់ថា នៅមុនពេលលោកចាកចេញហើយបន្ទាប់ពីលោកមហាសេដ្ឋី Musk បានទិញ Twitter កាលពីឆ្នាំមុន គាត់បានសន្យាថានឹងផ្តល់ប្រាក់រង្វាន់ជូលដល់បុគ្គលិក ៥០ ភាគរយនៃប្រាក់រង្វាន់គោលសម្រាប់ឆ្នាំ ២០២២ ជូនដល់ពួកគាត់ ក៏ប៉ុន្តែក្រុមហ៊ុនមិនដែលបានធ្វើការទូទាត់ប្រាក់រង្វាន់ទាំងនោះជូនដល់បុគ្គលិកនោះទេ។

ដើម្បីបដិសេធការចោទប្រកាន់នេះ Twitter បានច្រានចោលករណីនេះ ប៉ុន្តែលោក Vince Chhabria ដែលជាចៅក្រមសាលាដំបូងសហរដ្ឋអាមេរិក បានសម្រេចថាបណ្តឹងរបស់ Schobinger គឺស្ថិតនៅក្រោមច្បាប់របស់រដ្ឋកាលីហ្វ័រញ៉ាស្តីពីបទរំលោភលើកិច្ចសន្យាហើយករណីនេះគឺឆ្លុះបញ្ចាំងពីការសន្យាផ្តល់ប្រាក់រង្វាន់របស់ក្រុមហ៊ុន។

ចៅក្រមបានធ្វើសេចក្តីសន្និដ្ឋានថា “នៅពេលដែល Schobinger បានធ្វើអ្វីមួយជូនដល់ Twitter ហើយ Twitter បានសន្យាផ្តល់ជូនជាប្រាក់រង្វាន់ដើម្បីជាថ្នូរនឹងការសន្យានោះ គឺនៅក្រោមច្បាប់រដ្ឋកាលីហ្វ័រញ៉ាត្រូវបានចាត់ទុកថាជាកិច្ចសន្យាដែលមានជាប់បន្ទុកក្នុងការបំពេញកាតព្វកិច្ចស្របតាមការសន្យា ។

X លែងមានការិយាល័យទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយទៀតហើយ។ ក្រុមហ៊ុនមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការធ្វើអត្ថាធិប្បាយចំពោះគណនី X របស់ខ្លួននៅខាងក្រៅម៉ោងធ្វើការនោះទេ។

មេធាវីរបស់ Twitter បានប្រកែកថាក្រុមហ៊ុនបានធ្វើការសន្យាដោយផ្ទាល់មាត់ដែលមិនមែនជាកិច្ចសន្យាផ្លូវការធ្វើឡើងជាលាយលក្ខណ៍អក្សរនោះទេ ហើយថាច្បាប់រដ្ឋតិចសាស់គួរតែមានវិសាលភាពលើករណីនេះ នេះបើយោងតាម ​​Courthouse News ដែលបានរាយការណ៍ជាលើកដំបូងអំពីសេចក្តីសម្រេចរបស់ចៅក្រម។ ចៅក្រមបានសម្រេចថាច្បាប់រដ្ឋកាលីហ្វ័រញ៉ាមានអានុភាពនិងវិសាលភាពលើករណីនេះ ហើយថា “ទឡ្ហីករណ៍ដែលមានខ្លឹមសារផ្ទុយពីអង្គហេតុដំបូងរបស់ Twitter ត្រូវបានចៅក្រមច្រានចោលទាំងស្រុង”។

X ត្រូវរងនូវការប្តឹងផ្តល់ដោយអតីតបុគ្គលិក និងនាយកប្រតិបត្តិជាច្រើនលើកចាប់តាំងពីលោក Musk បានទិញក្រុមហ៊ុននេះហើយបានរំសាយបុគ្គលិកអស់ជាងពាក់កណ្តាល។

បណ្តឹងទាមទារសំណងជាច្រើន រួមទាំងការរើសអើងលើនិយោជិតវ័យចំណាស់ ស្ត្រី និងកម្មករពិការ ដោយមិនបានធ្វើការជូនដំណឹងជាមុនអំពីការបញ្ឈប់បុគ្គលិកនោះទេ។ ក្រុមហ៊ុន​បានបដិសេធ​លើរាល់ការចោទប្រកាន់ទាំងនេះ៕

ប្រភព៖ Reuters