អន្តរជាតិ

អ៊ីរ៉ង់ព្រមានបិទសមុទ្រមេឌីទែរ៉ាណេដោយសារការសម្លាប់មនុស្សនៅតំបន់ហ្គាហ្សា

ប្រែសម្រួល៖ កញ្ញាស្រីស្រស់

នៅថ្ងៃសៅរ៍ ២៣ ធ្នូ ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីរ៉ង់បានប្រកាសថា មេបញ្ជាការឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានព្រមានថា សមុទ្រមេឌីទែរ៉ាណេ អាចនឹងត្រូវបិទប្រសិនបើអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនបន្តអំពើ “ឧក្រិដ្ឋកម្ម” នៅក្នុងតំបន់ហ្គាហ្សា។

អ៊ីរ៉ង់បានគាំទ្រក្រុមហាម៉ាសប្រឆាំងនឹងអ៊ីស្រាអែល ហើយបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានគាំទ្រនូវអ្វីដែលខ្លួនហៅថាជាអំពើឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាដោយទម្លាក់គ្រាប់បែកអស់ពេលច្រើនសប្តាហ៍បានសម្លាប់មនុស្សរាប់ពាន់នាក់ និងបានបណ្តេញពលរដ្ឋចេញពីលំនៅឋាន។

លោក Tasnim បានដកស្រង់សម្តី ឧត្តមសេនីយទោ Mohammad Reza Naqdi ដែលជាមេបញ្ជាការសម្របសម្រួលនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ដែលបាននិយាយថា “ពួកគេនឹងបិទច្រកសមុទ្រមេឌីទែរ៉ាណេនៅក្នុងពេលឆាប់ៗនេះ (ច្រកសមុទ្រ) Gibraltar និងផ្លូវទឹកផ្សេងទៀត” ។

ក្រុម Houthi ដែលជាសម្ព័ន្ធមិត្តរបស់យេម៉ែន ក្នុងរយៈពេលមួយខែកន្លងមកនេះ បានធ្វើការវាយប្រហារលើនាវាពាណិជ្ជករ ដែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម ដើម្បីជាការសងសឹកចំពោះការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា នាំឲ្យក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនបានផ្លាស់ប្តូរទិសដៅឆ្លងកាត់តាមផ្លូវសមុទ្រ។

កាលពីថ្ងៃសុក្រសេតវិមានបាននិយាយថា អ៊ីរ៉ង់ “បានលូកដៃយ៉ាងជ្រៅក្នុងជម្លោះ” ដូចជាការគាំទ្រក្រុមហាម៉ាសក្នុងការរៀបចំផែនការប្រយុទ្ធប្រឆាំងនឹងទាហានអ៊ីស្រាអែលនិងការវាយប្រហារលើនាវាពាណិជ្ជកម្មនៅលើសមុទ្រក្រហមជាដើម។

អ៊ីរ៉ង់នៅមិនទាន់មានសមត្ថភាពលុកលុយក្នុងសមុទ្រមេឌីទែរ៉ាណេដោយផ្ទាល់នោះទេ ហើយក៏គេនៅមិនទាន់ដឹងច្បាស់ថាឆ្មាំបដិវត្តន៍អ៊ីរ៉ង់អាចមានសមត្ថភាពបិទច្រកសមុទ្របានទាំងមូលដោយរបៀបណានោះទេ បើទោះបីជា Naqdi បានអះអាងអំពី “អំណាចដែលកើតចេញពីការតស៊ូរបស់ពួកគេយ៉ាងណាក៏ដោយ និងការបិទផ្លូវទឹកនេះទំនងជានៅមិនទាន់មានសមត្ថភាពនៅឡើយទេ” ។

Naqdi ត្រូវបានសារព័ត៌មានដកស្រង់សម្តីថា “កាលពីម្សិលមិញ ឈូងសមុទ្រពែរ្ស និងច្រកសមុទ្រ Hormuz ត្រូវបានយើងធ្វើឲ្យក្លាយទៅជាសុបិន្តដ៏អាក្រក់សម្រាប់ពួកគេ ហើយថ្ងៃនេះពួកគេកំពុងជាប់គាំងនៅក្នុងសមុទ្រក្រហម” សម្តីរបស់លោក Naqdi ត្រូវបានសារព័ត៌មានដកស្រង់យកមកផ្សព្វផ្សាយយ៉ាងដូច្នេះ។

មានក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ដែលឈរជើងនៅសមុទ្រមេឌីទែរ៉ាណេគឺកងជីវពលហេសបូឡារបស់លីបង់ និងកងជីវពលដែលជាសម្ព័ន្ធមិត្តស៊ីរី ដែលឈរជើងនៅឈូងសមុទ្រ Gibraltar ៕

ប្រភព៖ Reuters