សន្ដិសុខសង្គម

សមត្ថកិច្ចកម្ពុជាបញ្ជាក់ថាគ្មានការប្រើហិង្សានិងបង្ខាំងថៃ៩នាក់ដូចការផ្សាយចោទប្រកាន់របស់ព័ត៌មានថៃទេ

ដោយ ៖ បន្ទាយ / បន្ទាយមានជ័យ

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានចេញសេចក្តីប្រកាសព័ត៌មានមួយថា សូមជម្រាបជូនដល់សាធារណជន អ្នកសារ ព័ត៌មានក្នុងស្រុក-ក្រៅស្រុក និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថា កាលពីថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០២៣ មានសារព័ត៌មានថៃចុះផ្សាយថា “ជនជាតិថៃ០៩នាក់បានរត់ឆ្លងដែនចូលទឹកដីថៃ ដើម្បីអោយសមត្ថកិច្ចថៃជួយសង្រ្គោះកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ” ។ដោពួកគេ(ជនជាតិថៃ) អះអាងថា: ពួកខ្លួនត្រូវចាញ់បោកក្រុមបងធំនាំអោយទៅធ្វើការនៅក្នុងកាស៊ីណូខុសច្បាប់នៅក្រុងប៉ោយប៉ែត ។

ក្រោយពីទទួលព័ត៌មានផ្សព្វផ្សាយនេះ  អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបំភ្លឺយ៉ាងដូច្នេះថា : នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង១៩.០០នាទី ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញា រងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយជ័យ ដឹកនាំសមត្ថកិច្ចចំរុះមានសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថក្រុង និង អាជ្ញាធរក្រុងប៉ោយប៉ែត សង្កាត់ ភូមិចុះដល់អគារមួយកន្លែងនៅចំណុចអគារថ្មី នាភូមិអូរជ្រៅសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។​ នៅទីនោះ ក្រុមការងារបានរកឃើញជនជាតិថៃ១៧នាក់/ស្រី១០នាក់ រួមជាមួយអ្នកពាក់ព័ន្ធផ្សេងទៀត ។

ហើយបានចុះត្រួតពិនិត្យ កន្លែងកើតហេតុក្នុងករណីឆេះបន្ទប់ដេកលេខA7 ទីស្នាក់នៅរបស់បុគ្គលិក ស្ថិតក្នុងអគារស្នាក់នៅក្នុងកាស៊ីណូពូលី មានទីតាំង ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលសង្ស័យពាក់ព័ន្ធនឹងជនជាតិថ ចំនួន០៩នាក់ លួចឆ្លងដែនដោយខុសច្បាប់ចូលប្រទេសថៃកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នោះ ។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបន្តថា :យោងតាមលទ្ធផលស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់សមត្ថកិច្ចជំនាញ និងស្ដាប់ការបំភ្លឺរបស់អ្នកពាក់ព័ទ្ធជុំវិញរឿងហេតុខាងលើឃើញថា : ជនជាតិថៃ០៩នាក់ បានឈ្លោះប្រកែកគ្នា ហើយដុតឆេះបន្ទប់ដេកនិងបានប្រើអំពើហិង្សាលើសន្តិសុខនៅពេលចូលឃាត់ពួកគេ។

តមក ដោយខ្លាចសមត្ថកិច្ចចាប់ខ្លួនមកអនុវត្តច្បាប់ ទើបនាំគ្នារត់គេចខ្លួនលោតផ្លោះរបងបន្លាលួសបណ្ដាលអោយមានរបួស ហើយបានលួចឆ្លងដែនដោយខុសច្បាប់ចូលប្រទេសថៃកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៣ ។

អ្មកនាំពាក្យបានបន្តថា : “ចំពោះការប្រើអំពើហិង្សានិងបង្ខាំងទៅលើជនជាតិថៃ០៩នាក់នោះ”.គឺសមត្ថកិច្ចកម្ពុជា រកពុំទាន់ឃើញ មានភស្តុតាងពាក់ព័ន្ធដូចការចោទប្រកាន់របស់សារព័ត៌មានថៃដែលបានចុះផ្សាយនោះទេ ៕