ព័ត៌មានជាតិ

ផ្សព្វផ្សាយសារាចរណែនាំស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៣

ដោយ ៖ បន្ទាយ / បន្ទាយមានជ័យ

រដ្ឋបាលខេត្តនិងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យបានផ្សព្វផ្សាយសារាចេរណែនាំលេខ ០១២ .សហវ .សរ អហក ស្តីពីការបិទបញ្ជីចំណូលចំណាយថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៣នៅខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី២២ខែធ្នូ ឆ្នាំ២០២៣ នៅសាលាប្រជុំធំសាលាខេត្ត។

លោកបឹង គឹមសឹង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា : ខ្លឹមសាររួមក្នុងកិច្ចប្រជុំនេះគឺផ្តោតការយកចិត្តទុកដាក់លើសេចក្តីព្រាងលើចំណូល ចំណាយថវិកា រដ្ឋបាល ខេត្តបន្ទាយមានជ័យឆ្នាំ២០២៣ , សេចក្តីព្រាងបញ្ជីគំរោងវិនិយោគ ជាអាទិភាពដែលគ្រោងប្រើប្រាស់តែថវិកាខេត្តឆ្នាំ២០២៤និងសៀវភៅព្រាងផែនការយុទ្ធសាស្ត្រ លើថវិការរដ្ឋបាលខត្តឆ្នាំ២០២៤។

លោកបឹង គឹមសឹង បានអោយដឹងបន្តថា : ក្នុងនោះមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានធ្វើរបាយការណ៍បូកសរុប ការអនុវត្តចំណូល-ចំណាយថវិកាខេត្តឆ្នាំ២០២៣(៩ខែ) ដល់មន្ត្រីអ្នកប្រតិបត្តិថវិការមកពីមន្ទីរ ពាក់ព័ន្ធផ្សេងៗដើម្បីបង្ហាញអំពីរបៀបនៃការអនុវត្ត សារាចរណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដើម្បីពិនិត្យពិភាក្សា និងពន្យល់ណែនាំ លើការប្រើប្រាស់ និងបិទបញ្ជីចំណូល-ចំណាយ ថវិការខេត្ត សម្រាប់ឆ្នាំ២០២៣ ឲ្យមានប្រសិទ្ធិភាពផងដែរ  ។

ក្នុងនោះ មន្រ្តី ជំនាញ ទាំងអស់ត្រូវយល់ អំពីការអនុវត្តតាមនីតិ វិធី ច្បាប់  ស្តីពីរបាយ ការណ៍ ហិរញ្ញ វត្ថុ  បាន កំណត់ ច្បាស់ លាស់ អំពី ពេល វេលា  មិន អាច មាន ភាព យឺត យ៉ាវ បាន ឡើយ ហើយស្រប តាម គោល ការណ៍ ដែល ក្រសួង ដាក់ ចេញ មកផង។

ហេតុនេះគ្រប់មន្ទីរអង្គភាព  ទីចាត់ការ ការិយាល័យចំណុះរដ្ឋបាលខេត្ត ស្រុកក្រុង ឃុំ សង្កាត់ ត្រូវដំណើរការបូកសរុបនិងផ្គូផ្គងតួលេខ នៃការអនុវត្តចំណូល ចំណាយ ថវិការបស់រដ្ឋបាលខេត្ត ឆ្នាំ ២០២៣ ជាមួយរតនាគារខេត្ត រួចផ្ញើទៅកាន់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តឲ្យបានឆាប់ផងដែរ។

មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវផ្ញើរបាយការណ៍ស្តីពីការបិទបញ្ជីថវិកា ដោយមានភ្ជាប់នូវរបាយការណ៍បូកសរុបការងារ អនុវត្តចំណូលចំណាយ ថវិកា មកមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តដើម្បី ធ្វើការបូកសរុបនិងរៀបចំនូវរបាយការណ៍សម្រេចទូទាត់ថវិការបស់រដ្ឋបាលខេត្តនឹងដាក់បញ្ចូលទៅក្នុងជំពូកមួយនៃសេចក្តីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋបាលខេត្តសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣នេះ។

ឱកាសនៃកិច្ចប្រជុំនោះលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យក៏បានធ្វើការណែនាំដល់ប្រធានមន្ទីរ ថ្នាក់ ស្រុក ក្រុង ឃុំសង្កាត់ទាំងអស់ស្ដីពីនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោង ថវិការបស់រដ្ឋាភិបាលថ្នាក់ខេត្ត ព្រោះវាមានសារសំខាន់ណាស់សម្រាប់លោក លោកស្រី ជា មន្ត្រីរាជការដែលពាក់ព័ន្ធតាមរយៈការផ្តល់ជាគោលការណ៍រៀបចំគម្រោងថវិកាឆ្នាំ២០២៣របស់ខ្លួនប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាព ។

ពោលគឺធានាការគ្រប់គ្រងការអនុវត្តថវិកាដើម្បីឈានទៅបង្កើតលទ្ធផលជាក់ស្ដែងដែលអាចវាស់វែងបាននិងការរួមចំណែកដោយផ្ទាល់ក្នុងការសម្រេចគោលបំណងនយោបាយអាទិភាពរបស់រដ្ឋបាលថ្នាក់ខេត្ត៕