សន្ដិសុខសង្គម

បើករថយន្តងោកមួយភាំងរេចង្កូតជ្រុលបុកស្ពានបណ្តាលឲ្យស្លាប់ម្នាក់

ដោយ៖ កំចាយ

កំពត÷ នារីម្នាក់បានស្លាប់នៅនឹងកន្លែង ចំណែក២នាក់ទៀតរងរបួសស្រាលដោយសារអ្នកបើកបររថយន្តងោកមួយភាំងបណ្តាលឲ្យរេចង្កូតជ្រុលបុកបង្កាន់ដៃស្ពាន។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នៅលើដងផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិតាភុល ឃុំស្នាយអញ្ជិត ស្រុកជុំគិរី។

លោកវរសេនីយ៍ត្រី នាក់ សាមេត អធិការរងស្រុកជុំគិរីបានប្រាប់ឲ្យដឹងថា នារីដែលបាត់បង់ជីវិតឈ្មោះ ហ្វូធី ហុងង៉ា អាយុ ២៧ឆ្នាំ មានទីលំនៅប្រទេសវៀតណាម។ ចំណែកអ្នករបួស រួមមាន ១. ឈ្មោះ អេង សុវណ្ណ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាអ្នកបើកបររថយន្ត។ ២. ង្វៀងធី ហុងញ៉ុង ភេទស្រី អាយុ ៣០ឆ្នាំ រស់នៅប្រទេសវៀតណាម។

លោកអធិការរងបានរៀបរាប់ថា កាលពីវេលាម៉ោង៥ និង៤៥នាទីព្រឹកថ្ងៃទី២៣ ខែធ្នូ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦៩-៧០។ មុនហេតុការណ៍កើតឡើង គេឃើញរថយន្ត HIGHLADER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AK- 1895 បើកបរមកពីទិសខាងជើងក្នុងល្បឿនយ៉ាលឿន។

ភ្លាមៗ ស្រាប់តែរថយន្តនោះបានរេចង្កូតជ្រុលបុកបង្កាន់ដៃស្ពានពេញទំហឹបណ្តាលឲ្យខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ លោកវរសេនីយ៍បានបញ្ជាក់ថា ពេលអ្នកជិតខាងចូលទៅជួយស្រាប់តែឃើញនារីម្នាក់ស្លាប់ភ្លាមៗ ចំណែកអ្នកបើកបររថយន្ត និងស្ត្រីរួមដំណើរម្នាក់ទៀតរងរបួសស្រាល។ ក្នុងស្ថានភាពបែបនោះ រថយន្តសង្គ្រោះបានមកទួលអ្នករបួសទាំង២នាក់ និងនាំសពទៅកាន់មន្ទីរពេទ្យស្រុក។ ក្រោយមក សមត្ថកិច្ចក៏នាំខ្លួនអ្នកបើកបររថយន្តបន្តទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុកជុំគិរី៕