ព័ត៌មានជាតិ

បន្ថែមលើសត្វកម្រដែលមានស្រាប់,បច្ចុប្បន្នផ្សោតពណ៌ផ្កាឈូកបានបង្ហាញខ្លួនក្នុងដែនសមុទ្រខេត្តកំពត

ដោយ៖ កំចាយ

កំពត÷ ដោយកិច្ចខិតខំតាមដានយ៉ាងល្អិតល្អន់រយ:ពេល៣ខែកន្លងមក នាដំណាក់កាលចុងក្រោយនេះ ក្រុមការងាររបស់ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត រួមជាមួយមន្ត្រីអង្គការអភិរក្សធនធានសមុទ្រកម្ពុជាបានប្រទះឃើញហ្វូងសត្វផ្សោតពណ៌ផ្កាឈូកប្រមាណជិត២០ក្បាលស្ថិតនៅតំបន់ឆ្នេរក្នុងភូមិសាស្ត្រក្រុងបូកគោ។

លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពតបានប្រាប់ឱ្យដឹងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ថា អំឡុងពេល៣ខែចុងក្រោយនេះ ក្រោមកិច្ចសហការរវាងក្រុមការងារល្បាតរបស់ខណ្ឌរដ្ឋបាលជលផលកំពត និងអង្គការអភិរក្សធនធានសមុទ្រកម្ពុជាបានតាមដានយ៉ាងល្អិតល្អន់ ហើយសង្កេតឃើញថាចំនួនសត្វផ្សោតមានការកើនឡើងគួឱ្យកត់សម្គាល់។ ជាក់ស្តែង នៅអំឡុងពេលចុងក្រោយនេះ ក្រុមការងារបានប្រទះឃើញហ្វូងផ្សោតពណ៌ផ្កាឈូក (Pink Dolphin) ប្រមាណចន្លោះ១៥ក្បាលទៅ២០ក្បាលស្ថិតក្នុងភូមិសាស្ត្រក្រុងបូកគោ ដោយមេហ្វូងពពួកសត្វកម្រទាំងនេះមានអាយុប្រហែល២០ឆ្នាំ។

លោកនាយខណ្ឌបានបន្តថា ហ្វូងសត្វផ្សោតសមុទ្រដែលមានវត្តមានក្នុងខេត្តកំពតមិនមែនត្រឹមតែពពួកពណ៌ផ្កាឈូកប៉ុណ្ណោះទេគឺមានទាំងប្រភេទផ្សេងៗពី២០ក្បាលទៅ៣០ក្បាលទៀតដែលបានរស់នៅអចិន្ត្រៃយ៍ក្នុងតំបន់សហគមន៍នេសាទត្រពាំងរពៅ សហគមន៍នេសាទព្រែកត្នោត និងសហគមន៍នេសាទចង្ហោន។

លោក ស សូរិន បានបញ្ជាល់ថា ខេត្តកំពតមានផែនការបង្កើតតំបន់គ្រប់គ្រងជលផលថ្មីមួយលើផ្ទៃសមុទ្រទំហំ៧.០០០ហិកតាស្ថិតនៅតំបន់ឆ្នេរ ក្នុងភូមិសាស្ត្រក្រុងបូកគោដែលជាយុទ្ធសាស្ត្រដើម្បីអភិរក្សព្រៃកោងកាង ផ្កាថ្ម ស្មៅសមុទ្រ សត្វកម្រ ពិសេសការពារផ្សោតសមុទ្រដែលជាប្រភេទសត្វជិតផុតពូជ។

ជាមួយនឹងកំណើនសត្វផ្សោតសមុទ្រនេះ លោកសូមអំពាវនាវដល់ភាគីពាក់ព័ន្ធ និងបងប្អូនប្រជានេសាទមេត្តាចូលរួមថែរក្សា ការពារសត្វផ្សោតសមុទ្រឱ្យបានគង់វង្សយូរអង្វែង៕