សន្ដិសុខសង្គម

កូនមេធាវីដែលសង្ស័យថាបើកឡានទំនើបបុកគេស្លាប់កាលពីប៉ុន្មានថ្ងៃមុនបានប្រគល់ខ្លួនឲ្យសមត្ថកិច្ច

ដោយ៖ សុខុម
ភ្នំពេញ៖ នៅទីបំផុត កូនប្រុសរបស់មេធាវីម្នាក់ដែលសង្ស័យថាបើករថយន្តទំនើបបុកអ្នកជិះម៉ូតូស្លាប់ហើយរត់គេចខ្លួនកាលពីប៉ុន្មានថ្ងៃមុននោះ ឥឡូវនេះប្រហែលជាទាល់ច្រករត់មិនរួចបានចូលមកប្រគល់ខ្លួនឲ្យសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់ហើយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៣នេះ។

ការយល់ព្រមប្រគល់ខ្លួនបែបនេះ គឺទំនងជាធ្វើឡើងបន្ទាប់ពីថ្មីៗនេះ លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌បាន ណែនាំឲ្យព្រះរាជអាជ្ញាធ្វើការពិនិត្យស្រាវជ្រាវ និងដោះស្រាយឲ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់បំផុតតាមផ្លូវច្បាប់លើករណីមួយនេះ។


សូមរំលឹកថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ មានរថយន្ត Jeep ពណ៌ខ្មៅមួយគ្រឿ់ង ពាក់ផ្លាកលេខភ្នំពេញ 2CB-9963 បានបើកបុកម៉ូតូ នៅត្រង់ចំណុចផ្លូវប្រសព្វ លើផ្លូវលេខ៣១៧ ប្រសព្វផ្លូវលេខ៥៦៦ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រោយពីហេតុការណ៍នេះកើតឡើងមានការរិះគន់យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម។


ជនរងគ្រោះដែលជិះម៉ូតូត្រូវរថយន្តបុកស្លាប់នោះឈ្មោះសៀង គឹមហុង ភេទប្រុស អាយុ២៩ឆ្នាំរស់នៅផ្លូវលេខ១១អឺ0ផ្លូវលេខ២៧ភូមិ៣សង្កាត់ចតុមុខខណ្ឌដូនពេញ។


រីឯជនសង្ស័យដែលជាអ្នកបង្កឲ្យមានអ្នកស្លាប់នោះឈ្មោះ ព្រហ្ម វិចិត្រ សុសក្ដា អាយុ២៣ឆ្នាំដែលត្រូវបានគេអះអាងថា ជាកូនប្រុសរបស់លោកមេធាវីម្នាក់៕