អន្តរជាតិ

Nike បង្ហាញគម្រោងសន្សំសំចៃប្រាក់ ២ ពាន់លានដុល្លារដោយកាត់បន្ថយការលក់ប្រចាំឆ្នាំ

ប្រែសម្រួល៖ កញ្ញាស្រីស្រស់

កាលពីថ្ងៃព្រហស្បតិ៍ក្រុមហ៊ុន Nike បានព្យាករលើការចំណាយរបស់អ្នកប្រើប្រាស់ដោយធ្វើការកាត់បន្ថយការលក់ផលិតផលប្រចាំឆ្នាំរបស់ខ្លួនលើអាជីវកម្មអនឡាញនិងការផ្សព្វផ្សាយពាណិជ្ជកម្មឲ្យសមស្របតាមទិដ្ឋភាពជាក់ស្តែងនៃតម្រូវការដោយបាននិយាយថា ខ្លួនគ្រោងនឹងកាត់បន្ថយការផ្គត់ផ្គង់សិទ្ធិផ្តាច់មុខលើផលិតផលសំខាន់ៗដើម្បីគ្រប់គ្រងការចំណាយ ដោយបានទម្លាក់ភាគហ៊ុនរបស់ខ្លួនធ្លាក់ចុះមកនៅត្រឹម ១១ ភាគរយ។

ក្រុមហ៊ុនបាននិយាយថា ខ្លួនកំពុងខិតខំសន្សំប្រាក់ឲ្យបានចំនួន ២ ពាន់លានដុល្លារនៅក្នុងរយៈពេល ៣ ឆ្នាំខាងមុខ តាមរយៈការរឹតបន្តឹងការផ្គត់ផ្គង់ផលិតផល កាត់បន្ថយសេវាគ្រប់គ្រងតាមរយ:បង្កើនស្វ័យសកម្មនិងកែលម្អចង្វាក់ផ្គត់ផ្គង់របស់ខ្លួន។

ផ្នែកលក់ដុំរបស់ក្រុមហ៊ុន Nike ទទួលរងសម្ពាធជាបន្តបន្ទាប់ ខណៈដែលអ្នកលក់រាយរក្សាការរឹតបន្តឹងលើការរក្សាស្តុកផលិតផល និងដាក់ការបញ្ជាទិញតិចជាងមុនដោយសារតែអ្នកប្រើប្រាស់បានកាត់បន្ថយការចំណាយធ្វើឲ្យមានផលប៉ះពាល់ដល់អាជីវកម្មឌីជីថលរបស់ខ្លួនផងដែរ។

Nike CFO Matthew Friend បាននិយាយថា “យើងកំពុងសំឡឹងមើលលើនិន្នាកាប្រែប្រួលរបស់អ្នកប្រើប្រាស់នៅជុំវិញពិភពលោកដោយយកចិត្តទុកដាក់បំផុត ” គេបន្ថែមថា បើទោះបីជាមានកំណើនអតិថិជននៅតាមហាងក៏ដោយ ក៏ក្រុមហ៊ុននៅតែមើលឃើញសកម្មភាពផ្សព្វផ្សាយនៅក្នុងអាជីវកម្មឌីជីថលរបស់ខ្លួននៅមានកម្រិតនៅឡើយ។

ក្រុមហ៊ុន​បាន​ព្យាករ​ថា​ប្រាក់​ចំណូល​ពេញ​មួយ​ឆ្នាំ​នឹង​កើន​ឡើង​ប្រហែល ១ ភាគរយគឺ​ធ្លាក់​ចុះជាង​ពី​ការ​ព្យាករ​កាលពីលើកមុន​ដែលថា​កំណើនមាន​ភាគរយច្រើនជាងនេះ​​។ យោងតាមទិន្នន័យរបស់ LSEG អ្នកវិភាគបានរំពឹងថានឹងមានកំណើនដល់ទៅ ៣.៣ ភាគរយ។

អ្នកវិភាគភាគហ៊ុនជាន់ខ្ពស់នៅ Morningstar លោក David Swartz បាននិយាយថា “ក្រុមហ៊ុន Nike កំពុងនិយាយអំពីការកាត់បន្ថយចំនួនផលិតផលប្រហែលជាក្រុមហ៊ុនមានអារម្មណ៍ថាមានផលិតផលច្រើនពេកដែលមិនមានប្រាក់ចំណេញខ្ពស់ ហើយពិបាកលក់ចេញ” ។

ក្រុមហ៊ុន Nike រំពឹងថានឹងមានការសន្សំប្រាក់ចាប់ពី ៤០០ លានដុល្លារទៅ ៤៥០ លានដុល្លារពីការចំណាយលើការរៀបចំរចនាសម្ព័ន្ធនៅមុនដំណាច់ឆ្នាំសារពើពន្ធ ដែលជាកត្តាពាក់ព័ន្ធចម្បងជាមួយនឹងការចំណាយលើការបែងចែកបុគ្គលិកនៅក្នុងត្រីមាសទីបី។

ការ​លក់​នៅ​ក្នុង​ប្រទេស​ចិន​មានការកើន​ឡើង ៤ ភាគរយ​នៅត្រឹម​ត្រីមាស​ទីពីរ​ដែល​បង្ហាញពី​ការ​ធ្លាក់​ចុះ​តិចតួចក្រោម ៥ ភាគរយ​ធៀបនឹង​​ត្រីមាស​ទី ១ ដែល​បង្ហាញ​ថា​តម្រូវការ​នៅមិន​ទាន់​មាន​ស្ថិរភាព​នៅ​ឡើយ​នៅលើ​ទីផ្សារ។

ក្រុមហ៊ុនបានប្រកាសពីប្រាក់ចំណូលសរុបចំនួន ១៣.៣៩ពាន់លានដុល្លារក្នុងត្រីមាសទីពីរ ដែលនៅក្រោមការព្យាករ ១៣.៤៣ ពាន់លានដុល្លារ។

ភាគហ៊ុនរបស់ Nike បានកើនឡើងតិចជាង ៥ ភាគរយនៅឆ្នាំនេះ ធៀបនឹងកំណើន ២៤ ភាគរយនៅក្នុងសន្ទស្សន៍ S&P 500 និង ភាគរយធៀបនឹងគូប្រជែង Adidas មាន ៥២.៥ ៕

ប្រភព៖ Reuters