កីឡា

អាជ្ញាកណ្តាលដែលគេដាល់គាត់ជាំមុខបានបដិសេធមិនលើកលែងទោសឲ្យអ្នកប្រព្រឹត្ត

ប្រែសម្រួល៖ សហការី

អាជ្ញាកណ្តាលលោក Halil Umut Meler បាននិយាយថា គាត់នឹងមិនអត់ឱនឲ្យលោក Faruk Koca ជនជាតិតួកគី ប្រធានក្លិប Ankaragucu ដែលបានដាល់គាត់ចំមុខនៅនាទីចុងបញ្ចប់ការប្រកួត Super Lig កាលពីសប្តាហ៍មុននោះទេ។

ក្រុមប្រឹក្សាវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់តួកគី (TFF) បានដាក់បម្រាមជាអចិន្ត្រៃយ៍លើ Koca ដែលបានចូលទីលានប្រកួត ហើយបានវាយលោក Meler នៅពេលផ្លុំកញ្ចែនៅនាទីចុងក្រោយបន្ទាប់ពី Rizespor តាមស្មើនៅនាទីទី ៩៧ នៅកីឡដ្ឋាន Eryaman របស់ Ankaragucu ។

Meler ត្រូវ​បានគេ​ទាត់​ចំ​ក្បាលក្នុងខណ:​ពេលដែល​គាត់បាន​ដួលនៅ​លើ​ទីលាន។

Koca ត្រូវបានចាប់ខ្លួនមួយថ្ងៃបន្ទាប់ពីឧបទ្ទវហេតុនេះកើតឡើង ដោយ Meler បានប្រាប់ប៉ូលិសថា អ្នកចាត់ការរូបនេះបានគំរាមសម្លាប់គាត់។

Meler បានប្រាប់សារព័ត៌មានតួកគីប្រចាំថ្ងៃ Hurriyet ថា “ខ្ញុំមិនអត់ឱនឲ្យ (Koca))ជាដាច់ខាត ខ្ញុំនឹងមិនលើកលែងទោសឲ្យគាត់នោះទេ” ។

“សម្រាប់អ្នក​ដែល​បាន​ដាល់​ខ្ញុំ អ្នកដែលបានធ្វើឲ្យខ្ញុំ​ដួលទៅ​នឹង​ដី ធ្វើឲ្យខ្ញុំ​មិន​អាច​បំភ្លេច​បាន​អស់​មួយ​ជីវិតជាពិសេសគឺនៅពេលដែល​ខ្ញុំ​ត្រូវបានគេទាត់ក្នុងខណ:ពេលខ្ញុំ​ដួលទៅ​នឹង​ដី​​​។

“នោះហើយជាមូលហេតុដែលធ្វើឲ្យមនសិការរបស់ខ្ញុំមិនអាចអត់ឱនឱ្យគាត់បានទេ។

សូមបញ្ជាក់ថា លីគបាល់ទាត់កំពូលរបស់ប្រទេសតួកគីបានបន្តការលេងឡើងវិញនៅថ្ងៃអង្គារបន្ទាប់ពីត្រូវបានផ្អាកអស់មួយសប្តាហ៍៕

ប្រភព៖ Reuters