សន្ដិសុខសង្គម

រថយន្ត fordដឹកមួយគ្រួសារក្រឡាប់បណ្ដាលឱ្យអាជីវករផ្សារខេត្តព្រះសីហនុម្នាក់ស្លាប់

ដោយ:សុខុម
ខេត្តកែប:ពិតជាអាសូរណាស់ស្ត្រីម្នាក់ដែលជាអាជីវករអ្នកខេត្តព្រះសីហនុបាត់បង់ជីវិត ជាមួយក្រុមគ្រួសាររងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍ក្រឡាប់រថយន្តកាលពីរសៀលថ្ងៃទី២១ខែធ្នូឆ្នាំ២០២៣។


សមត្ថកិច្ចខេត្តកែបបានឲ្យដឹងថាករណីរថយន្ត ford ក្រឡាប់លើដងផ្លូវជាតិលេខ ៣៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៤-២៥ ចំណុចទល់មុខស្ថានីយ៍ប្រេងឥន្ធនៈតេលា ស្ថិតក្នុងភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ។


សមត្ថកិច្ចបានបញ្ជាក់ថារថយន្តម៉ាកហ្វតFord ពណ៌ស ផលិតឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ 2BW-5253 បើកបរពីកើតទៅលិចទំនងជាលឿនជ្រុលបុកបង្គោលស៊ីម៉ង់ត៍។អ្នកបើកបររថយន្តឈ្មោះ ឡុង ម៉េង ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិសង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ផុតពីគ្រោះថ្នាក់ក៏ប៉ុន្តែអ្នករួមដំណើរចំនួន ៤នាក់ រួមមាន៖
១ឈ្មោះ ម៉ៅ ឡា ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរអាជីវករ ត្រូវជាប្រពន្ធអ្នកបើកបរ ស្លាប់ នៅនឹងកន្លែងកើតហេតុ។២ឈ្មោះ ម៉ៅ ឡៃ ភេទស្រី អាយុ៦៧ឆ្នាំម្តាយក្មេងអ្នកបើកបររងរបួសស្រាល។
៣ឈ្មោះ ស្រី ប៉ុក ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរអាជីវករ ប្អូនជីដូនមួយខាងប្រពន្ធ រងបួសស្រាល។៤ឈ្មោះ ស្រី បុិច ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស ត្រូវជាកូនឈ្មោះ ស្រី ប៉ុក រងរបួសស្រាល។

នៅក្រោយហេតុការណ៍បន្តិចកម្លាំងសមត្ថកិច្ចបានជួយបញ្ជូនអ្នករងរបួសតាមរថយន្តសង្គ្រោះមណ្ឌលសុខភាពឃុំពងទឹក យកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកែប។ ចំណែកវត្ថុតាងរថយន្តកម្លាំងសមត្ថកិច្ចបានស្ទួចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរខេត្តកែប៕