ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ៖សន្និសីទជាតិស្តីពីការអប់រំសម្រាប់វិជ្ជាជីវៈសុខាភិបាល រួមចំណែកជួយដល់ស្ថាប័នអប់រំក្នុងវិស័យសុខាភិបាល

ដោយៈសិរីមតី
ភ្នំពេញ៖ សន្និសីទជាតិស្តីពីការអប់រំសម្រាប់វិជ្ជាជីវៈសុខាភិបាល នឹងរួមចំណែកជួយដល់ស្ថាប័នអប់រំក្នុងវិស័យសុខាភិបាល បង្កើនការយល់ដឹងបន្ថែមទៀត ក្នុងការ ធ្វើ កំណែ ទម្រង់ នៃការអប់រំវិជ្ជាជីវៈសុខាភិបាល។ ក្នុងនោះក្រសួងសុខាភិបាលក៏បានផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសការអប់រំមុន ពេលបម្រើ ការងារ សម្រាប់ វិជ្ជាជីវៈសុខាភិបាលផងដែរ។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងដូច្នេះក្នុងពិធីបើកសន្និសីទជាតិ ស្តីពីការអប់រំសម្រាប់វិជ្ជាជីវៈសុខាភិបាល ឆ្នាំ២០២៣ ក្រោម ប្រធានបទ”បរិវត្តកម្មការអប់រំវិជ្ជាជីវៈសុខាភិបាល” (Transforming Health Professional Education) ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ នៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២៣។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានមានប្រសាសន៍ថា៖សន្និសីទជាតិនេះ បង្កើតវេទិកាជួបជុំដើម្បីផ្លាស់ប្តូរចំណេះដឹង និងចែករំលែកបទពិសោធន៍ ក៏ដូចជាការពិភាក្សា រិះរក វិធីធ្វើឲ្យប្រសើរឡើងសម្រាប់ការអប់រំវិជ្ជាជិវៈសុខាភិបាល ពីវាគ្មិនទាំងក្នុង និងក្រៅប្រទេស ក្នុងការធ្វើបច្ចុប្បន្នភាពលើគោលនយោបាយ សេចក្តីណែនាំ ក្របខណ្ឌ និងបទដ្ឋានគតិយុត្តិនានាដែលទាក់ទងនិងការអប់រំវិជ្ជាជីវៈសុខាភិបាល។

ឯកឧត្តមរដ្ឋមន្រ្តីសុខាភិបាល បានគូសរំលេចផងដែរថា៖អង្គសិក្ខាសាលានេះ នឹងផ្តល់ឱកាសដល់អ្នកវិទ្យាសាស្ត្រដែលមានជំនាញអប់រំសុខាភិបាល សាស្ត្រាចារ្យ គ្រូបង្រៀន អ្នកស្រាវជ្រាវក្នុងជំនាញវិទ្យាសាស្ត្រសុខាភិបាល តាមរយៈការជម្រុញកិច្ចសហការ និងការពិភាក្សាគ្នាក្នុងចំណោមអ្នកវិទ្យាសាស្រ្តដែលមានវិជ្ជាជីវៈអប់រំ អ្នកស្រាវជ្រាវ អ្នកបម្រើសេវាសុខាភិបាល និងភាគីពាក់ព័ន្ធដែលនឹងជម្រុញឲ្យមានការកែលម្អជាបន្តបន្តាប់នៅក្នុងវិស័យអប់រំវិជ្ជាជីវៈសុខាភិបាល៕