ព័ត៌មានជាតិ

ផ្ទេរភារកិច្ចនិងចូលកាន់តំណែងអភិបាលរងខេត្តបន្ទាយមានជ័យដែលផុតអាណត្តិ

ដោយ : បន្ទាយ / បន្ទាយមានជ័យ

នៅថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ ២០២៣ នៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យមានពិធីផ្ទេរភារកិច្ចនិងចូលកាន់តំណែងអភិបាលរងខេត្តបន្ទាយមានជ័យដែលផុតអាណត្តិ ដោយលោក លៀម សុដា ពីអភិបាលរងខេត្តព្រះសីហនុចូលជំនួសកៅអីលោកលី សារី អភិបាលរង ដែលផ្ទេរទៅអភិបាលរងខេត្តសៀមរាប។

ក្នុងពិធីនោះលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានលើកឡើងសង្ខេបស្តីពីស្ថានភាពទូទៅ សន្តិសុខ សេដ្ឋកិច្ច សង្គមកិច្ចនិងការអភិវឌ្ឍក្នុងខេត្ត ។

លោក លៀម សុដា បានប្តេជ្ញាចិត្តថា នឹងខិតខំយកអស់កម្លាំងប្រាជ្ញា ស្មារតី កាយចិត្តដើម្បីបំពេញការងារអោយបានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវ និងខិតខំបម្រើសេវាប្រជាពលរដ្ឋក្នុងឋានៈ លោកជាអភិបាលរងខេត្ត ។

លោកប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា : សូមមន្ត្រីទទួលតំណែងថ្មី ក៏ដូចអភិបាល អភិបាលរងខេត្តនិងមន្ត្រីត្រូវក្តាប់អោយបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា  ព្រមទាំងចំណុចសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ យកទៅអនុវត្តឲ្យប្រកបដោយប្រសិទ្ធភាព ។

ក្នុងនោះបានផ្តោតសំខាន់សេវារដ្ឋបាលតាមរយ:ច្រកចេញចូលតែមួយ និងបម្រើសេវាសាធារណៈឲ្យកាន់តែនៅជិតប្រជាពលរដ្ឋ នៅថ្នាក់ក្រុង ស្រុក ឃុំសង្កាត់ ក្នុងការទំនាក់ទំនង និង ស្វែងរកនូវឯកសារផ្សេងៗ៕