ព័ត៌មានជាតិ

ក្រុមការងារអះអាងថាការចាក់ក្រាលកៅស៊ូផ្លូវប្របមាត់សមុទ្រឆ្ពោះទៅឆ្នេរអង្កោលនឹងសម្រេចរួចរាល់ មុនដំណាច់ឆ្នាំ២០២៣

ដោយ៖ កំចាយ

កែប÷ ជាមួយសកម្មភាពចាក់ក្រាលកៅស៊ូយ៉ាងសស្រោកសស្រាំរបស់ក្រុមការងារស្ថាបនាផ្លូវប្របមាត់សមុទ្រប្រវែងជាង១១គីឡូម៉ែត្រពីចំណុចកំពង់ផែទេសចរណ៍កោះទន្សាយទៅភ្ជាប់ជាមួយផ្លូវជាតិលេខ១៣៣២ ឆ្លងកាត់ឆ្នេរខ្សាច់កម្សាន្តអង្កោល អ្នកបច្ចេកទេសបានអះអាងថានឹងសម្រេចរួចរាល់មុនដំណាច់ឆ្នាំ២០២៣។

លោក ឡឹម ប៊ុនលេង អ្នកបច្ចេកទសរបស់ក្រុមហ៊ុនម៉ៅការសាងសង់ផ្លូវខាងលើបានប្រាប់ឱ្យដឹងថា ពេលនេះ ក្រុមការងារបានចាក់ក្រាលកៅស៊ូស្រទាប់ទី១ ស្ទើរសម្រេច១០០ភាគរយហើយ ពោលគឺនៅតែប្រមាណ៩០០ម៉ែត្រទៀតនៃប្រវែងសរុបប៉ុណ្ណោះ។ ចំណែកស្រទាប់ទី២ សម្រេចការចាក់ក្រាលបានប្រវែង៣.០០០ម៉ែត្រហើយ។ អ្នកបច្ចេកទេសដដែលបានបញ្ជាក់ថា សម្រាប់ការងារក្រាលកៅស៊ូនឹងបញ្ចប់ទាំងស្រុងមុនបំណាច់ឆ្នាំ២០២៣នេះ។ ដោយឡែក ការក្រាលបេតុងតាមចិញ្ជើមផ្លូវ និងការរៀបចំបង្គោលភ្លើង ព្រមទាំងកិច្ចការងារទាំងស្រុងនៃគម្រោងនឹងត្រូវបញ្ចប់នៅខែមករា ឆ្នាំ២០២៤។

លោក ប៊ុន យោង អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកែបបានបញ្ជាក់ថា គម្រោងផ្លូវប្របមាត់សមុទ្រដែលមានប្រវែងជាង១១គីឡីម៉ែត្រនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្តកែប ពិសេសសម្រាប់វិស័យទេសចរណ៍ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម សោម ពិសិដ្ឋ។ ផ្លូវនេះនឹងក្លាយជាគោលដៅស្រូបទាញអ្នកទេសចរឱ្យមកកម្សាន្តសប្បាយនៅទីតាំងកម្សាន្តថ្មីគឺឆ្នេរអង្កោលសម្រាប់ឱកាសនៃថ្ងៃឆ្លងឆ្នាំសកល ក៏ដូចជាពិធីបុណ្យទានផ្សេងៗទៀតនាពេលខាងមុខ។

សូមបញ្ជាក់ថា ការស្ថាបនាផ្លូវប្របមាត់គឺជាការអនុវត្តអនុគម្រោងមួយរបស់គម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ននៃមហាអនុតំបន់មេគង្គជំហានទី២ ក្រោមឥណទានធនាគារអភិវឌ្ឍន៍អាស៊ីADB ក្នុងទំហំទឹកប្រាក់១០,៥លានដុល្លារ។ ក្នុងនោះមានអនុគម្រោងចំនួន២ទៀត គឺទីលានទុកដាក់សំរាមដោយបានសម្ពោធ រួចផ្ទេរឱ្យរដ្ឋបាលខេត្តគ្រប់គ្រងរួចរាល់ និងគម្រោងកំពង់ផែលើកោះទន្សាយដែលកំពុងដំណើរការសាងសង់៕