សន្ដិសុខសង្គម

សមត្ថកិច្ចខ្មែរក្របួចជនជាតិថៃ៦នាក់ពាក់ព័ន្ធជួញដូរគ្រឿងញៀនបញ្ជូនទៅតុលាការ

ដោយ : បន្ទាយ / បន្ទាយមានជ័យ

នៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣  កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងសមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនជាតិថៃចំនួន៦នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀននិងប្រើប្រាស់សារធាតុញៀន នៅចំណុចក្នុងបុរីធីធី (TT )នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ហើយនៅថ្ងៃទី២២ខែធ្នូឆ្នាំ២០២៣ នគរបាលជំនាញបានកសាងសំណុំរឿងនេះបញ្ជូនជនជាតិថៃទាំងអស់នោះទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ។

ប្រតិបត្តិការនេះ ជាការអនុវត្តតាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងការសម្របសម្រួលនីតីវិធីពីលោក លឹមប៊ុន សុភ័ក្រ្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងដឹកនាំអនុវត្តដោយលោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន  ។

ក្នុងនោះ កម្លាំងនគរបាលជំនាញខេត្តនិងក្រុង បានឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ វីរ៉ាក់ផុន ថរ៉ាកសាត់ ភេទប្រុស អាយុ២៤ឆ្នាំ នឹងបានដកហូតវត្ថុតាងគ្រឿងញៀន ម្សៅក្រាមសថ្លាចំនួន ០១ថង់។

កម្លាំងសមត្ថកិច្ចបានបន្តការឆែកឆេរ និងបានចាប់ខ្លួនជនសង្ស័យចំនួន០៥នាក់/ស្រី៣នាក់ (ជនជាតិថៃ០៥នាក់) ។

ក្រៅពីនេះសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ ១.ម្ស៉ៅក្រាមសថ្លាចំនួន៦ថង់ ២.ថ្នាំគ្រាប់ ចំនួន២៩ថង់ ៣.ថ្នាំគ្រាប់ wy ចំនួន៧ថង់ ៤. ថ្នាំគ្រាប់ fifi ចំនួន ៣៥បន្ទះ ៥. ថ្នាំកញ្ចប់(ថ្នាំសប្បាយ) ចំនួន ៤៩កញ្ចប់ ៦. -ជញ្ជីងចំនួន២និង ៧.ឧបករណ៍សម្រាប់សេពសារធាតុញៀនមួយចំនួនទៀត ៕