សេដ្ឋកិច្ច

ក្នុងរយៈពេល១១ខែ កម្ពុជានាំចេញផ្លែមៀនស្រស់ទំហំទឹកប្រាក់១៨លានដុល្លារ

ដោយៈសិរីមតី
ភ្នំពេញ៖ កម្ពុជាបាននាំចេញផ្លែមៀនស្រស់ក្នុងទំហំទឹកប្រាក់ប្រមាណ ១៨.៥៤លានដុល្លារអាមេរិកដែលកើនឡើងរហូត ដល់ជិត១ពាន់ភាគរយ នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម ។

ចាប់ពីខែមករា ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ កម្ពុជាបាននាំចេញផ្លែមៀនស្រស់ ទៅប្រទេសចិនមានចំនួន ១១ ៤០៣.២៣តោន។ ក្រៅពីការនាំចេញទៅ កាន់ទីផ្សារ ប្រទេស ចិន សហគ្រាសនៅកម្ពុជាកំពុងកែច្នៃផ្លែមៀន ទៅជាដំណាប់មៀន ផ្លែមៀនកំប៉ុង ទឹកមៀនកៀប និងស្រាមៀន ដាក់លក់នៅតាមផ្សារទំនើបនានានៅក្នុងប្រទេស។

សូមជម្រាបថា៖ការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិនជាផ្លូវការគឺជាសមិទ្ធផលថ្មីមួយទៀត ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីបើកទីផ្សារថ្មីប្រកបដោយសក្តានុពលសម្រាប់កសិផលកម្ពុជា សំដៅចូលរួមលើកកម្ពស់ប្រាក់ចំណូល និងជីវភាពបងប្អូនអ្នកដាំមៀន ជំរុញការអភិវឌ្ឍ វិស័យកសិកម្ម។

ដំណាំមៀនគឺជាដំណាំកសិ-ឧស្សាហកម្មមួយក្នុងចំណោមដំណាំកសិ-ឧស្សាហកម្មផ្សេងទៀតដែលមានសក្តានុពលសម្រាប់ ធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេស ប្រទេសចិន ជាលក្ខណៈស្រស់ និងក្រៀម។

ផ្លែមៀនស្រស់កម្ពុជាគឺជាផ្លែឈើស្រស់ទី៣បន្ទាប់ពីផ្លែចេកស្រស់និងផ្លែស្វាយស្រស់ ដែលអាចនាំចេញទៅប្រទេសចិនដោយផ្ទាល់។ បច្ចុប្បន្នទីផ្សារធំរបស់ប្រទេសកម្ពុជា ក្នុងការនាំចេញផ្លែមៀនស្រស់រួមមានប្រទេសថៃ និងប្រទេសចិន ដោយការនាំចេញផ្លែមៀនស្រស់ មានបរិមាណប្រមាណ ១៥ ០០០ទៅ ២០ ០០០តោនក្នុង១ឆ្នាំ ហើយ សង្ឃឹមថា កំណើននេះនឹងបន្ដកើនឡើងនៅឆ្នាំបន្តបន្ទាប់ទៀត៕