អន្តរជាតិ

ការបោះឆ្នោតក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីសង្រ្គាមនៅហ្គាហ្សាត្រូវបានពន្យារពេល ម្តងទៀត

ប្រែសម្រួល៖ កញ្ញាស្រីស្រស់

កាលពីថ្ងៃព្រហស្បតិ៍ ២១ ធ្នូ ប្រភពការទូតបាននិយាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានលើកពេលបោះឆ្នោតជាថ្មីម្តងទៀតក្នុងការគាំទ្រសេចក្តីសម្រេចលើសង្គ្រាមរវាងក្រុមហាម៉ាសនិងអ៊ីស្រាអែលដែលត្រូវបានពន្យារពេលជាច្រើនលើកមកហើយ។

ការពន្យារពេលរហូតដល់ថ្ងៃសុក្របានកើតឡើងដោយសារតែសហរដ្ឋអាមេរិកបានជំទាស់នឹងខ្លឹមសាមួយចំនួនក្នុងអំឡុងពេលធ្វើសេចក្តីព្រាងលើសេចក្តីសម្រេចដោយនិយាយថាខ្លួនត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រលើសេចក្តីសម្រេចនេះ។

បន្ទាប់ពីការពន្យារពេលអស់ជាច្រើនថ្ងៃ សេចក្តីព្រាងចុងក្រោយបង្អស់ដែលដកស្រង់ដោយ AFP បានអំពាវនាវឲ្យមាន “ការអនុញ្ញាតជាបន្ទាន់ឲ្យក្រុមមនុស្សធម៌ធ្វើសកម្មភាពប្រកបដោយសុវត្ថិភាព និងគ្មានការរារាំងហើយថែមទាំងបង្កើតលក្ខខណ្ឌសម្រាប់ការបញ្ចប់ជម្លោះប្រកបដោយនិរន្តរភាព”  តែមិន​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​ភ្លាមៗ​នោះ​ទេ។

ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់ទីក្រុងវ៉ាស៊ីនតោនលោកស្រី Linda Thomas-Greenfield បានប្រាប់អ្នកយកព័ត៌មានថា “ប្រសិនបើដំណោះស្រាយត្រូវបានដោះទៅមុខ នោះយើងអាចគាំទ្រវាបាន”។

លោក​ស្រី​បាន​បដិសេធ​ចំពោះ​ការលុប​ចោលខ្លឹមសាមួយចំនួនក្នុងសេចក្តី​ព្រាងលើ​សេចក្តី​សម្រេច​នេះ​។

លោកស្រី​បាន​បន្ត​ថា​ សេចក្តីព្រាងលើ​​សេចក្តី​សម្រេចនេះ​គឺជា​ដំណោះស្រាយ​ដ៏​រឹងមាំ​មួយ​ដែល​ត្រូវបាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ដោយ​ក្រុមប្រទេស​អារ៉ាប់​។

ជម្លោះការទូតនៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុង Manhattan បណ្តាលឲ្យការបោះឆ្នោតត្រូវបានពន្យារពេលជាច្រើនដងនៅក្នុងសប្តាហ៍នេះ ធ្វើឲ្យស្ថានការណ៍កាន់តែយ៉ាប់យ៉ឺននៅក្នុងតំបន់ហ្គាហ្សា និងអ្នកស្លាប់មានចំនួនកាន់តែកើនឡើង។

អ្នកវិភាគ International Crisis Group លោក Richard Gowan បាននិយាយថា “មើលទៅសហរដ្ឋអាមេរិកទំនងជាទាញយកការគាំទ្រពីសមាជិកក្រុមប្រឹក្សាសន្តិសុខផ្សេងទៀតដើម្បីជៀសវាងការវេតូ ប៉ុន្តែជាលទ្ធផលមើលទៅទំនងជានៅខ្សោយ” ។

អេមីរ៉ាតអារ៉ាប់រួមកំពុងគាំទ្រសេចក្តីសម្រេចលើជម្លោះដែលត្រូវបានធ្វើវិសោធនកម្មលើផ្នែកសំខាន់ៗមួយចំនួនដើម្បីធានាបានដល់ការសម្របសម្រួលលើការអនុវត្តយន្តការជាក់ស្តែង នេះបើយោងតាមសេចក្តីព្រាងច្បាប់ដែលដកស្រង់ដោយ AFP ។

ការទាមទារឲ្យភាគីទាំងអស់ “អនុញ្ញាត និងសម្របសម្រួលការប្រើប្រាស់ផ្លូវទៅកាន់តំបន់ហ្គាហ្សាស្ទ្រីបទាំងមូល រួមទាំងច្រកព្រំដែនសម្រាប់ការផ្តល់ជំនួយមនុស្សធម៌” ។

អ៊ីស្រាអែល​បាន​ទម្លាក់​គ្រាប់បែក​លើ​ច្រក​ចេញចូលសម្រាប់ផ្តល់ជំនួយ​ដែល​ទើបនឹង​បើក​ឡើង​វិញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ អាជ្ញាធរ​ហាម៉ាស​បាន​អះអាងដូច្នេះ។

សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខដែល​មាន​សមាជិក​​១៥​នាក់​បាន​កំពុង​ពុះពារធ្វើការ​ជា​ច្រើន​ថ្ងៃ​ដើម្បី​ស្វែង​រក​ចំណុច​រួម​លើ​សេចក្តីសម្រេច​នេះ។

  • ស្ថានភាពពោរពេញដោយការ “អស់សង្ឃឹម”

អ៊ីស្រាអែល​ដែល​គាំទ្រ​ដោយ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​គឺ​សហរដ្ឋ​អាមេរិក​បាន​ប្រឆាំង​នឹង​ពាក្យ “បទ​ឈប់​បាញ់” ហើយ​ក្រុង​វ៉ាស៊ីនតោន​បាន​ប្រើ​វ៉េតូ​ពីរដង​ដើម្បី​រារាំង​សេចក្តីសម្រេចដែល​ប្រឆាំង​ដោយ​អ៊ីស្រាអែល​ចាប់​តាំង​ពី​សង្រ្គាម​ចាប់ផ្តើម។

កាលពីថ្ងៃពុធនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា នឹងមិនមានបទឈប់បាញ់នៅក្នុងតំបន់ Gaza រហូតដល់មាន “ការលុបបំបាត់” ក្រុមហាម៉ាសចោលទាំងស្រុង។

ភាពរង្គោះរង្គើការទូតបានកើតឡើងនៅចំពេលដែលអ្នកឃ្លាំមើលការអត់ឃ្លានរបស់អង្គការសហប្រជាជាតិបានព្រមានថា “មនុស្សគ្រប់រូបនៅក្នុងតំបន់ហ្គាហ្សាដែលហែកហួរដោយសង្រ្គាម ត្រូវបានព្យាករណ៏ថានឹងប្រឈមមុខនឹងអសន្តិសុខស្បៀងកម្រិតខ្ពស់ក្នុងរយៈពេលប្រាំមួយសប្តាហ៍ខាងមុខ”។

លោក Stephane Dujarric អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ បាននិយាយថា “កម្មវិធីស្បៀងអាហារពិភពលោកបាននឹងកំពុងចាត់ទុកសន្តិសុខស្បៀងស្ថិតនៅក្នុងស្ថានភាពអស់សង្ឃឹម ហើយគ្មាននរណាម្នាក់នៅក្នុងតំបន់ហ្គាហ្សាមានសុវត្ថិភាពនោះទេ។ នោះហើយជាមូលហេតុដែលយើងទាំងអស់គ្នាបានអំពាវនាវឲ្យមានបទឈប់បាញ់មួយក្នុងហេតុផលមនុស្សធម៌ជាបន្ទាន់” ។

ក្រុមហាម៉ាសបានឆ្មក់ចូលទឹកដីអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ដោយបានសម្លាប់មនុស្សប្រហែល ១,១៤០ នាក់ ដែលភាគច្រើនជាជនស៊ីវិល នេះបើយោងតាមការបូកសរុបរបស់ AFP ដោយផ្អែកលើតួលេខរបស់អ៊ីស្រាអែល។

អ៊ីស្រាអែល​បាន​ឆ្លើយតប​ជាមួយ​នឹង​ការវាយប្រហារ​តាមអាកាស និង​ទ័ពថ្មើរជើងឥតឈប់ឈរ។ ការិយាល័យផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋាភិបាលហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីបបាននិយាយកាលពីថ្ងៃពុធថាមនុស្សយ៉ាងហោចណាស់ ២០.០០០ នាក់ត្រូវបានសម្លាប់ក្នុងនោះមានកុមារ ៨.០០០ នាក់ និងស្ត្រី ៦.២០០ នាក់៕

ប្រភព៖ AFP/rc