អន្តរជាតិ

ប្រទេសថៃកាន់តែខិតជិតដល់ការធ្វើឱ្យអាពាហ៍ពិពាហ៍ភេទដូចគ្នាស្របច្បាប់

ប្រែសម្រូល៖ សហការី

បាងកក៖ សភាថៃគ្រោងនឹងពិចារណាលើភាពស្របច្បាប់សម្រាប់សម្ព័ន្ធភាពអាពាហ៍ពិពាហ៍ភេទដូចគ្នាដោយចាប់ផ្តើមពិភាក្សាលើសេចក្តីព្រាងច្បាប់រដ្ឋប្បវេណីដើម្បីធ្វើសមាហរណកម្មនិងវិសោធនកម្មលើបទប្បញ្ញត្តិនៃក្រមរដ្ឋប្បវេណីចំនួន ៤ដើម្បីស្នើសុំសច្ចាប័នតាមរយ:ការបោះឆ្នោតជាលើកដំបូងនៅថ្ងៃព្រហស្បតិ៍ ទី២១ ធ្នូនេះ។

ការពិភាក្សានេះត្រូវបានធ្វើឡើងបន្ទាប់ពីសភាកាលពីឆ្នាំមុនបានពិភាក្សាលើសេចក្តីព្រាងច្បាប់ស្រដៀងគ្នានេះរួចមួយលើកហើយនិងច្បាប់រដ្ឋប្បវេណីស្តីពីសម្ព័ន្ធផ្លូវភេទដូចគ្នារបស់រដ្ឋាភិបាលអាណត្តិមុន ក៏ប៉ុន្តែនៅមិនទាន់បានធ្វើការបោះឆ្នោតជាលើកចុងក្រោយនៅមុនពេលសម័យប្រជុំសភាកាលពីឆ្នាំមុនត្រូវបានបញ្ចប់។

កាលពីថ្ងៃព្រហស្បតិ៍មានសេចក្តីព្រាងច្បាប់ចំនួនបួនដែលកំពុងត្រូវបានលើកយកមកពិភាក្សាច្បាប់នេះត្រូវបានតាក់តែងដោយរដ្ឋាភិបាលថ្មីដែលទើបនឹងបានឡើងកាន់តំណែងបន្ទាប់ពីការបោះឆ្នោតសកលនៅក្នុងខែឧសភា ដោយមានសម្រង់ខ្លឹមសារពីច្បាប់រដ្ឋប្បវេណីដែលតាក់តែងឡើងដោយក្រុមសង្គមស៊ីវិលមួយ និងច្បាប់ពីរផ្សេងទៀតរៀបចំដោយបក្សប្រឆាំងឈ្ពោះទៅមុខនិងគណបក្សប្រជាធិបតេយ្យ ដែលច្បាប់ទាំងបួននេះមានខ្លឹមសារស្រដៀងៗគ្នាដែលនឹងត្រូវធ្វើសមាហរណកម្មនិងវិសោធនកម្មលើបទប្បញ្ញត្តិនៃច្បាប់មួយចំនួនផងដែរ។

លោក Somsak Thepsuthin ឧបនាយករដ្ឋមន្ត្រីបានប្រាប់សភាថា “ជាគោលការណ៍ សេចក្តីព្រាងច្បាប់នេះត្រូវធ្វើសមាហរណកម្មនិងវិសោធនកម្មលើបទប្បញ្ញត្តិមួយចំនួននៅក្នុងក្រមរដ្ឋប្បវេណី ដើម្បីបើកផ្លូវសម្រាប់សម្ព័ន្ធភាពគូស្នេហ៍ ដោយមិនគិតពីភេទ អាចភ្ជាប់ពាក្យ និងរៀបការបានដូចគ្នា”។

លោកបានមានប្រសាសន៍ថា “ច្បាប់នេះនឹងផ្តល់សិទ្ធិ ទំនួលខុសត្រូវ និងឋានៈដល់គ្រួសារស្មើភាពគ្នានឹងសម្ព័ន្ធភាពអាពាហ៍ពិពាហ៍រវាងបុរស និងស្ត្រីនាពេលបច្ចុប្បន្នតាមគ្រប់ទម្រង់ទាំងអស់”។

ឧបនាយករដ្ឋមន្ត្រីលោក Somsak បាននិយាយថា រដ្ឋាភិបាលបានធ្វើការស្ទង់មតិនៅចន្លោះថ្ងៃទី ៣១ ខែតុលាដល់ថ្ងៃទី ១៤ ខែវិច្ឆិកា បានបង្ហាញពីការគាំទ្រជាសាធារណៈដល់ទៅ ៩៦.៦ ភាគរយលើសេចក្តីព្រាងច្បាប់នេះ។

ប្រទេសថៃមានសហគមន៍ស្រលាញ់ភេទដូចគ្នាដោយបើកចំហដែលគេអាចមើលឃើញថាមានច្រើននៅតំបន់អាស៊ី ក៏ប៉ុន្តែសកម្មជននយោបាយជាច្រើនបាននិយាយថា ច្បាប់ និងស្ថាប័នរបស់ប្រទេសនេះមិនទាន់ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរអាកប្បកិរិយារបស់សង្គមថៃដែលនៅតែមានការរើសអើងប្រឆាំងនឹងអ្នកស្រឡាញ់ភេទដូចគ្នា និងក៏ដូចជាសម្ព័ន្ធភាពនៃគូស្នេហ៍ភេទដូចគ្នាផងដែរ។

ប្រសិនបើសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តជាលើកដំបូងនៅក្នុងសភាក្នុងថ្ងៃព្រហស្បតិ៍នេះ ច្បាប់នេះអាចនឹងត្រូវឆ្លងការបោះឆ្នោតសម្រាប់នីតិវិធីចុងក្រោយដែលនិងត្រូវអនុម័តនៅដើមឆ្នាំក្រោយ ក្នុងនោះនឹងធ្វើឲ្យថៃជាប់ចំណាត់ថ្នាក់លេខ ៣ នៅតំបន់អាស៊ី បន្ទាប់ពីតៃវ៉ាន់ និងនេប៉ាល់ក្នុងនាមជាប្រទេសដែលទទួលស្គាល់សម្ព័ន្ធភាពអាពាហ៍ពិពាហ៍ភេទដូចគ្នា៕

ប្រភព៖ Reuters/fh