សន្ដិសុខសង្គម

តែងតាំងមុខតំណែងមេប៉ុស្តិ៍និងអធិការថ្មីជំនួសមេប៉ុស្តិ៍មុនដែលមានឈ្មោះជាចោរប្លន់អ្នកលក់មាស

ដោយ៖ បន្ទាយ / កំពង់ធំ

ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រកាសភារកិច្ច និងតែងតាំងមុខតំណែងមន្ដ្រីនគរបាលជានាយនគរបាលប៉ុស្តិ៍ឃុំសំព្រោជ និងអធិការនគរបាលថ្មីស្រុកស្ទោង កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និងលោក សាយ គឹមឡម អភិបាលស្រុកស្ទោងចូលរួមជាអធិបតី ។

ការប្រកាសភារកិច្ចនិងតែងតាំងមុខតំណែងជូនមន្ដ្រីនគរបាលការដូចខាងលើ គឺក្រោយពីបាន”រក្សាប្រអប់មេប៉ុស្ដិ៍និងអធិការស្រុកឲ្យនៅទំនេរជាបណ្ដោះអាសន្នជាច្រើនខែ”.។

ពោលគឺអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលសំណើពីមូលដ្ឋាននិងខេត្ត ហើយពិនិត្យ ពិចារណាយ៉ាងយូរ ទើបសម្រេចតែងតាំងមេប៉ុស្ដិ៍ និងអធិការនគរបាលស្រុកថ្មីដើម្បីឲ្យចូលកាន់តំណែងនាពេលនេះ ។

នគរបាលដែលត្រូវប្រកាសឲ្យចូលកាន់មុខតំណែងនេះ គឺលោកវរសេនីយ៍ទោ ជឹម រីណា ជាអធិការនៃអធិការដ្ឋាននគរបាលស្រុកស្ទោង ។ ចំណែកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំព្រោជត្រូវតែងតាំងលោកអនុសេនីយ៍ឯក លឹង សុធា អតីតនាយរងផ្នែកនៃអធិការដ្ឋាននគរបាលស្រុកស្ទោង ។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានផ្ដាំផ្ញើដល់លោកអធិការ ដែលទើបតែងតាំងថ្មី និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវខិតខំធ្វើការអោយបានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវ ។

លោកឧត្តមសេនីយ៍ទោស្នងការ បានណែនាំដល់លោកអធិការ និងសហការីត្រូវ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនតាមឋានានុក្រម និងរក្សាសាមគ្គីភាពផ្ទៃក្នុង រួមសុខរួមទុក្ខ ដើម្បីបង្កើនប្រសិទ្ធភាព ការងារ។

ជាពិសេសការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ព្រមទាំងទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ។

សូមរំលឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យពិនិត្យការតែងតាំងមេប៉ុស្តិ៍នគរបាលឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់មានព័ត៌មានថា មេប៉ុស្តិ៍រូបនេះ ធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋ ។

លោកអធិការនគរបាលដែលត្រូវតែងតាំងថ្មីទទួលសេចក្តីសម្រេចពីលោកស្នងការនគរ​បាលខេត្តកំពង់ធំ

សម្តេចធិបតី បានបញ្ជាក់តាមតេឡេក្រាមបែបនេះ «ក្រោយពីបានទទួលព័ត៌មានតាមប្រភពផ្សេងៗរួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ធ្វើជាមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋនិងត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារ ខ្ញុំបានចេញបទបញ្ជាភ្លាមទៅ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យពិនិត្យ ស្រាវជ្រាវជាមួយ ឯកឧត្តម ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជាបន្ទាន់។ ក្នុងករណីជារឿងពិត ត្រូវធ្វើការកែសម្រួលភ្លាម។

“ខ្ញុំសូមឱ្យមានការត្រួតពិនិត្យនិងវាយតម្លៃឲ្យបានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ ឲ្យបានហ្មត់ចត់មុននឹងធ្វើការតែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិនិងក្រោមជាតិ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យមានការត្រួតពិនិត្យ និងវាយ តម្លៃ ឱ្យ បានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ ឱ្យបានហ្មត់ចត់មុននឹងធ្វើ ការតែងតាំងនៅតាមបណ្ដាស្ថាប័នរដ្ឋទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងក្រោម ជាតិ។

យោងប្រភពព័ត៌មាននិងសមត្ថកិច្ចនានាបានអោយដឹងថា : បុរសដែលតែងតាំងជាមេប៉ុស្តិ៍សំព្រោជកន្លងមកនេះ មានឈ្មោះ ហុង សារ៉ុម។

បុគ្គលរូបនេះធ្លាប់មានប្រវត្តិមិនល្អជាប់ពាក់ព័ន្ធការប្លន់អ្នកលក់មាស ទាំងកណ្ដាលថ្ងៃនៅក្នុងផ្សារស្ទោងកាលពីថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៥ ដែលយកអស់គ្រឿងអលង្កាសរុបជាង១៥០តម្លឹង ,ម៉ូតូមួយគ្រឿង និងលុយកាក់មួយចំនួនធំផងទៀត ។

ចំណែកលោកអធិការនគរបាលស្រុកស្ទោង ដែលស្នើតែងតាំងលោកមេប៉ុស្តិ៍ កាលណោះគឺជាសាច់ថ្លៃរបស់បុគ្គលនោះ ។

គួរបញ្ជាក់ដែរថា ឃុំសំព្រោជ ជាឃុំមួយដែលមានភូមិសាស្ត្រជាប់បឹងទន្លេសាប ត្រង់ចំណុចផ្ទៃបឹងធំរាងដូចប្លោកត្រីនៃស្រុកស្ទោងខេត្តកំពង់ធំ ។ ឃុំនេះនិងឃុំឯទៀតជាប់បឹងទន្លេសាប តែងរងការចោទប្រកាន់ថា សម្បូរបទល្មើសនេសាទ ៕