អន្តរជាតិ

ក្រុមហ៊ុនHonda នៅសហរដ្ឋអាមេរិកនឹងប្រមូលរថយន្តជាង២.៥លានគ្រឿងមកកែតម្រូវវិញ

ប្រែសម្រួល៖ សហការី

នៅថ្ងៃព្រហស្បតិ៍រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ (NHTSA) បាននិយាយថា ក្រុមហ៊ុន Honda Motor នៅអាមេរិចកំពុងប្រមូលរថយន្តប្រហែល ២.៥លានគ្រឿង ដោយសារមានបញ្ហាស្នប់ប្រេងដំណើរការមិនល្អដែលអាចបណ្តាលឲ្យគាំងម៉ាស៊ីនបង្កឲ្យមានហានិភ័យនៅពេលកំពុងបើកបរដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។

រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ NHTSA បាននិយាយថាដើម្បីដោះស្រាយបញ្ហានេះក្រុមហ៊ុន Honda Motor ត្រូវប្រមូលរថយន្តប្រហែល ២.៥លានគ្រឿងដើម្បីកែតម្រូវជំម៉ូឌុលបូមប្រេងដោយមិនគិតថ្លៃ។

ការប្រមូលមកវិញរួមមានម៉ូដែលមួយចំនួនដែលជាម៉ូដែលកំពុងពេញនិយមបំផុតរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុនដូចជា Honda Accord, Civic, CR-V, HR-V, Ridgeline, Odyssey និងម៉ូដែល Acura មួយចំនួនទៀតផងដែរ។

បើយោងតាម ​​NHTSA ស្នប់ឥន្ធនៈនៅខាងក្នុងធុងឥន្ធនៈអាចមិនដំណើរការ។ ការជូនដំណឹងដល់ម្ចាស់រថយន្តត្រូវបានគេរំពឹងថានឹងផ្ញើជូននៅខែកុម្ភៈឆ្នាំក្រោយ។

សេចក្តីប្រកាសនេះធ្វើឡើងនៅក្នុងថ្ងៃបន្ទាប់ពីនិយតករបានចេញលិខិតបញ្ជាឲ្យប្រមូលរថយន្ត កូនកាត់ CR-V ប្រហែល ១០៦,០៣០ គ្រឿងដើម្បីកែសម្រួលឡើងវិញជៀសវាងហានិភ័យដែលអាចបង្កឲ្យឆេះរថយន្តដែលបណ្តាលមកពីខ្សែអាគុយឡើងកំដៅខ្លាំង ឬក៏អាចនាំឲ្យឆេះសៀគ្វី៕

ប្រភព៖ Reuters