សេដ្ឋកិច្ច

ការកាត់បន្ថយតម្រូវការធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះបង្កឲ្យមានភាពរង្គោះរង្គើនៅលើទីផ្សារ

ប្រែសម្រួល៖ សហការី

តូក្យូ៖ ដោយសារមានការកើនឡើងនូវភាពតានតឹងផ្នែកជម្លោះភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា ធ្វើឲ្យតម្រូវការប្រេងចុះខ្សោយបានទាញតម្លៃប្រេងឲ្យធ្លាក់ចុះដ៏គួឲ្យព្រួយបារម្ភចំណែកស្តុកប្រេងឆៅអាមេរិកបានហក់ឡើងខ្លាំងបង្កឲ្យមានភាពរង្គោះរង្គើនៅលើទីផ្សារជួញដូរប្រេងរបស់ពិភពលោក។

ប្រេងឆៅ Brent បានធ្លាក់ចុះ ៦៥ សេន ឬ ០.៨ ភាគរយមានតម្លៃ ៧៩.០៥ ដុល្លារអាមេរិកក្នុងមួយបារ៉ែលគិតមកត្រឹមម៉ោង ០១២០GMT ខណៈប្រេងឆៅ West Texas Intermediate អាមេរិកមានតម្លៃ ៧៣.៦៧ ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះ ៥៥ សេន ឬ ០.៧ ភាគរយ។

តម្លៃគោលរបស់ប្រេងឆៅទាំងពីរបានហក់ឡើងកាលពីថ្ងៃពុធធ្វើឲ្យអ្នកវិនិយោគមានការព្រួយបារម្ភអំពីការប្រែប្រួលតម្លៃនៅលើទីផ្សារពាណិជ្ជកម្ម។ ក្រុមហ៊ុនដឹកជញ្ជូនប្រេងតាមសមុទ្រសំខាន់ៗបានជ្រើសរើសផ្លូវលើសមុទ្រក្រហមបង្កឲ្យមានការធ្វើដំណើរកាន់តែយូរបណ្តាលឲ្យមានការចំណាយច្រើនថែមទៀតលើការដឹកជញ្ជូន និងថ្លៃធានារ៉ាប់រង។

សេដ្ឋវិទូជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវ NLI លោក Tsuyoshi Ueno បាននិយាយថា “តម្រូវការប្រេងជាសកលនៅលើទីផ្សារមានការធ្លាក់ចុះ ដោយសារផលប៉ះពាល់លើសមុទ្រក្រហមត្រូវបានគេមើលឃើញថាមានការចំណាយច្រើនហួសកម្រឹតសម្រាប់ការដឹកជញ្ជូនប្រេងព្រោះបញ្ហាផ្លូវដឹកជញ្ជូន នៅច្រកសមុទ្រ Hormuz” ។

លោក​បាន​បន្ត​ថា​៖ “​ការ​កើនឡើង​ស្តុក​ប្រេង​ឆៅ​របស់​សហរដ្ឋ​អាមេរិក និង​ផលិតកម្ម​ប្រេង​ក្នុង​ស្រុក​ជាសម្ពាធបន្ថែមលើការធ្លាក់តម្លៃប្រេង​ផង​ដែរ​”​។

កាលពីថ្ងៃពុធរដ្ឋបាលគ្រប់គ្រងថាមពលអាមេរិកហៅកាត់ថា (EIA) បានគូសបញ្ជាក់ថា ស្តុកប្រេងឆៅអាមេរិកបានហក់ឡើង ២.៩ លានបារ៉ែលក្នុងមួយសប្តាហ៍រហូតដល់ថ្ងៃទី ១៥ ធ្នូ ឡើងដល់ ៤៤៣.៧ លានបារ៉ែល បើធៀបនឹងការភ្យាកររបស់អ្នកវិភាគតាមសម្រង់នៃការស្ទង់មតិរបស់ Reuters ស្តីពីការធ្លាក់ចុះតម្លៃប្រេងបានរកឃើញថាការផលិតត្រូវបានកាត់បន្ថយ ២.៣ លានបារ៉ែលក្នុងមួយសប្តាហ៍។

EIA បានបន្ថែមថា កាលពីសប្តាហ៍មុនទិន្នផលប្រេងឆៅរបស់សហរដ្ឋអាមេរិកបានហក់ឡើងដល់ ១៣.៣ លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ពោលគឺកើនឡើងហួសកម្រិតពីមុនដែលឡើងត្រឹមតែ ១៣.២ លានបារ៉ែលក្នុងមួយថ្ងៃ។

សម្រាប់ផ្លូវដឹកជញ្ជូនប្រេង ប្រហែល ១២ ភាគរយនៃចរាចរណ៍ដឹកជញ្ជូនប្រេងនៅលើពិភពលោកត្រូវឆ្លងកាត់ច្រកសមុទ្រក្រហម និងតាមប្រឡាយស៊ុយអេ។ បើទោះបីជាយ៉ាងណាក៏ដោយក៏ផលប៉ះពាល់លើការផ្គត់ផ្គង់ប្រេងនៅមានកម្រិតមកទល់ពេលនេះ អ្នកវិភាគបាននិយាយថាភាគច្រើននៃប្រេងឆៅនៅមជ្ឈិមបូព៌ាត្រូវបាននាំចេញតាមច្រកសមុទ្រ Hormuz ។

លោក Naohiro Niimura ដែលជាដៃគូទីប្រឹក្សាហានិភ័យទីផ្សារនិងជាក្រុមហ៊ុនស្រាវជ្រាវនិងប្រឹក្សាយោបល់ បានឲ្យដឹងថា “មិនមានការកាត់បន្ថយផលិតកម្មបន្ថែមដោយ OPEC+ នៅក្នុងឆ្នាំនេះទេ តម្លៃប្រេងទំនងជានៅតែហើមស្រករហូតដល់ចុងឆ្នាំដោយយោងតាមការប្រែប្រួលសេដ្ឋកិច្ចក្នុងប្រទេសសំខាន់ៗនិងឥទ្ធិពលដុល្លារអាមេរិក” ។ ។

លោក​បាន​ព្យាករ​ថា WTI នឹង​មានការជួញ​ដូរក្នុង​ចន្លោះ​ពី ៧០ ទៅ ៧៥ ដុល្លារក្នុងមួយបារែលនៅ​ក្នុង​ខែ​នេះ។ ចំណែកក្រុមសម្ព័ន្ធមិត្តដឹកនាំដោយអាមេរិកក្នុងការកំណត់តម្លៃប្រេងរុស្ស៊ីបានប្រកាសពីការផ្លាស់ប្តូរទម្រង់ដោយអនុលោមតាមច្បាប់រតនាគារអាមេរិកបានថ្លែងថានឹងទម្លាក់តម្លៃប្រេងរុស្សីថែមទៀតរួមទាំងវិធានការដាក់សម្ពាធឲ្យកាន់តែខ្លាំងដើម្បីរារាំងដល់ការនាំចេញប្រេងរុស្ស៊ី៕

ប្រភព៖ Reuters