សេដ្ឋកិច្ច

កត្តាមនុស្សនិងធម្មជាតិបានធ្វើឲ្យបរិមាណផលនេសាទថយចុះពីមួយឆ្នាំទៅមួយឆ្នាំ

ដោយ៖ កំចាយ

កំពត÷ មន្ត្រីជំនាញបានបញ្ជាក់ថាពីមួយឆ្នាំទៅមួយឆ្នាំ ទិន្នផលនេសាទបានធ្លាក់ចុះព្រោះតែកត្តាមនុស្ស និងធម្មជាតិ។ សម្រាប់ឆ្នាំ២០២៣ ផលនេសាទទឹកសាប និងសមុទ្រក្នុងខេត្តកំពតដែលប្រមូលបានត្រឹមតែជាង២ម៉ឺនតោនប៉ុណ្ណោះ។ រយ:ពេលមួយឆ្នាំ សមត្ថកិច្ចបង្ក្រាបបទល្មើសបានរហូតដល់ជិត៦០ករណី។

លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មខេត្តកំពតបានប្រាប់ឱ្យដឹងថា ការប្រមូលផលនេសាទទឹកសាប និងសមុទ្ររបស់បងប្អូនប្រជាពលរដ្ឋេពេញមួយឆ្នាំ២០២៣នេះទទួលបាន២២.៨៨៧តោន។ ក្នុងនោះ ផលនេសាទទឹកសាបមាន៣.៨៦៧តោន និងផលនេសាទសមុទ្រ១៩.០២០តោន។ បរិមាណនេះបានថយចុះប្រមាណ៧ភាគរយបើធៀបនឹងឆ្នាំ២០២២។ លោកនាយខណ្ឌបានបញ្ជាក់ថា ការថយចុះនូវផលនេសាទបណ្តាលមកពីកត្តា២ គឺទី១. បម្រែបម្រួលអាកាសធាតុដោយមានខ្យល់ព្យុះ ភ្លៀងផ្គររន្ទះញឹកញយជាដើម។ ទី២. ទឹកនៅតំបន់ឆ្នេរបានប្រែជាល្អក់ព្រោះតែការហូរច្រោះពីតំបន់ភ្នំ។

បន្ថែមលើនេះ កត្តាមនុស្សបានធ្វើឱ្យផលនេសាទថយចុះ ដូចជាសកម្មភាពបំផ្លាញទីជម្រកក្នុងដែននេសាទដោយកិច្ចអភិវឌ្ឍតំបន់ឆ្នេរ ការលួចប្រើឧបករណ៍ល្មើសច្បាប់ ព្រមទាំងកង្វះការយល់ដឹងលើកិច្ចការពារបរិស្ថាន និងធនធានសមុទ្រជាដើម។ លោក ស សូរិន បានប្រាប់ឱ្យដឹងថា ដើម្បីរក្សានិរន្តរភាពធនធានសមុទ្រ ខណ្ឌរដ្ឋបាលជលផលបានបន្តដាក់ចេញនូវផែនការ និងទិសដៅអនុវត្តសំខាន់ៗមួយចំនួន រួមមាន ជំរុញមន្ត្រីបន្តកៀរគរអង្គការដៃគូដើម្បីបោះបង្គោលអភិរក្សព្រៃកោងកាង ស្មៅសមុទ្រ និងផ្កាថ្ម។ បង្កើនការផ្សព្វផ្សាយច្បាប់ជលផលដល់ប្រជានេសាទឱ្យចូលរួមសហការដើម្បីលុបបំបាត់ការប្រើប្រាស់ឧបករណ៍ល្មើស។ ផ្សព្វផ្សាយការរៀបចំបច្ចេកទេសដល់ប្រជានេសាទឱ្យចូលរួមបង្កើនមុខរបរចិញ្ចឹមត្រីសមុទ្រដើម្បីកាត់បន្ថយសកម្មភាពនេសាទតាមបែបធម្មជាតិលើផ្ទៃសមុទ្រ។ ពង្រឹងសហគមន៍នេសាទឱ្យយល់ដឹងផ្នែកច្បាប់ និងចូលរួមការពារធនធានក្នុងមូលដ្ឋានរបស់ខ្លួន។

លើសពីនេះ ខណ្ឌរដ្ឋបាលជលផលនឹងប្រែក្លាយសហគមន៍នេសាទទាំង៩ក្នុងខេត្តទៅជាតំបន់ទេសចរណ៍ធម្មជាតិដើម្បីរកប្រាក់ចំណូលបន្ថែម។ លោកនាយខណ្ឌបានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣នេះ កម្លាំងរបស់លោកបង្ក្រាបបទល្មើសនេសាទបាន៥៩ករណី។ ក្នុងនោះ រឹបអួស និងបំផ្លាញចោលលបកន្ទុយកណ្តុរចំនួន៣៦ករណី ស្មើនឹង៥៨០លប, រឹបអួស និងបំផ្លាញឈិបរុញដៃភ្ជាប់ឧបករណ៍ឆក់ ២៣ករណី រឹបអូសអាគុយ១៤គ្រឿង អាំងវែកទ័រឆក់ ១៤គ្រឿង និងដុតបំផ្លាញចោល១៨គ្រឿង៕