ព័ត៌មានជាតិ

លោកយ៉ាង គឹមហ៊ុយ ត្រូវបានតែងតាំងជាទីប្រឹក្សាសម្តេចតេជោហ៊ុន សែន

លោកយ៉ាង គឹមហ៊ុយ អនុប្រធានក្រុមការងារអភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រស្រុកម៉ាឡៃ ត្រូវបានគណបក្សប្រជាជនកម្ពុជាតែងតាំងជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា។

លោកជាអនុប្រធានរបស់លោកប៉ានខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចធិបតី        ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។

លោកប៉ានខែម ប៊ុនថន ធ្លាប់ជានាយករងខុទ្ទកាល័យសម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងទទួលបន្ទុកដឹកនាំក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុកឃុំចុះដោះស្រាយទំនាស់ដីធ្លីតំបន់៦៧១ បឹងជង្រុក ។

ចំណែកលោកយ៉ាង គឹមហ៊ុយ ជាអាជីវកររស់នៅក្រុងប៉ោយប៉ែតនិងជាអនុប្រធានការងារតំបន់អភិវឌ្ឍន៍តេជោឈ្នះ ឈ្នះ បឹងជង្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ  ខេត្តបន្ទាយមានជ័យ។

លោកក៏ទទួលលើការងារអភិវឌ្ឍន៍នៅចំណុចទំនាស់ដីធ្លីរ៉ាំរ៉ៃដែលទើបដោះស្រាយបញ្ចប់នៅដីថ្មីភូមិទំនប់ដាច់ ឃុំអូរបីជាន់  ស្រុកអូរជ្រៅផងដែរ ។

សូមរំលឹកថា នៅការងារអភិវឌ្ឍន៍តំបន់តេជោឈ្នះ ឈ្នះ បឹងជង្រុក (671) ដែលដោះស្រាយទំនាស់ដីធ្លីរ៉ាំរ៉ៃចប់  លោកហ៊ុយ ភរិយា និងសហការីបានកៀរគរថវិកាប្រមាណ៦លានដុល្លារអាមេរិកយកទៅអភិវឌ្ឍន៍នៅតំបន់អតីតសមរភូមិសង្គ្រាមនិងចម្ការមីននោះ ៕