ព័ត៌មានជាតិ

ត្រៀមបញ្ជូនចិនម្នាក់ សង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន ទៅតុលាការ

ដោយ៖វិចិត្រ
ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌដង្កោ បានចាប់បុរសចិនម្នាក់សង្ស័យដឹកជញ្ជូន-ជួញដូរគ្រឿងញៀន ហើយរៀបចំសំណុំរឿងត្រៀមបញ្ជូនទៅតុលាការ។សមត្ថកិច្ចឃាត់ខ្លួននៅត្រង់ច្រកយាម មណ្ឌលអប់រំកែប្រែទី១ ស្ថិតក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ កាលពីថ្ងៃទី១៩ខែធ្នូ។

មន្ត្រីនគរបាលខណ្ឌដង្កោបានឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែធ្នូនេះថា កម្លាំងជំនាញបានចុះស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនចិនម្នាក់សង្ស័យដឹកជញ្ជូន និងជួញដូរគ្រឿងញៀនដោយខុសច្បាប់។ ជនសង្ស័យឈ្មោះ PENG SHENGCHENG ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន ស្នាក់នៅខុនដូជាន់ទី១៨ បន្ទប់លេខ៣០ ក្នុងភូមិអូគីដេ សងា្កត់អូរបែកក្អម ខណ្ឌសែនសុខ។

ពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាង គ្រឿងញៀនជាច្រើនប្រភេទ សរុបចំនួន១៦៣កញ្ចប់-ប្រភេទគ្រាប់ចំនួន២.២២៥គ្រាប់និង២កំប៉ុង។ក្នុងនោះមានលិខិតឆ្លងដែន១ក្បាល-ទូរសព្ទដៃ១គ្រឿង និងសម្ភារប្រើប្រាស់ពាក់ព័ន្ធបទល្មើសមួយចំនួន។

ក្រោយពីឃាត់ខ្លួនកម្លាំងនគរបាលខណ្ឌដង្កោ បាននាំជនសង្ស័យនិងវត្ថុតាង ទៅផ្នែកប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ដើម្បីរៀបចំសំណុំរឿង ត្រៀមបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕