ព័ត៌មានជាតិ

តំបន់មួយនៅជាប់ព្រំដែនកម្ពុជា-ឡាវអាជ្ញាធរពុំអនុញ្ញាតឲ្យភ្ញៀវទៅកម្សាន្តនិងបោះតង់ពេលយប់ឡើយ

ដោយ:សុខុម
ស្ទឹងត្រែង:អាជ្ញាធរស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែងបានធ្វើលិខិតជូនដំណឹងពាក់ព័ន្ធទៅនឹងការធ្វើដំណើរកម្សាន្តដោយសំដៅទៅលើភ្ញៀវជាតិនិងអន្តរជាតិប្រជាពលរដ្ឋទូទៅនៅក្នុងដំណើរទៅកាន់តំបន់ព្រំដែនកម្ពុជាឡាវក្បែរភូមិសាស្ត្រអន្លង់ឈើទាលឃុំព្រះរំកិលស្រុកបុរីអូរស្វាយសែនជ័យមិនត្រូវបានអនុញ្ញាត។


លោក លី មិណាអភិបាលស្រុកបុរីអូរស្វាយសែនជ័យបានប្រាប់អ្នកយកព័ត៌មានយើងនៅព្រឹកថ្ងៃទី២០ខែធ្នូឆ្នាំ២០២៣ថាចំណុចក្បាលកោះល្ងកន្លងមកមានភ្ញៀវជាតិនិងអន្តរជាតិទៅសម្រាកម្ដងម្កាលនៅពេលយប់។កន្លែងហ្នឹងគឺជាចំណុចខ្សែបន្ទាត់ព្រំដែនដែលមានកម្លាំងសមត្ថកិច្ចឈរជើងចាំទប់ស្កាត់បទល្មើសឆ្លងដែននានាជាពិសេសបទល្មើសគ្រឿងញៀននិងការជួញដូរមនុស្សឆ្លងដែនខុសច្បាប់។
លោកអភិបាលស្រុកបានបញ្ជាក់ថាចំណុចក្បាលកោះល្ងត្រូវបានហាមឃាត់។
រីឯលោក អ៊ន់ ប៉ោសឿនប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានលើកឡើងថាភ្ញៀវទេសចរដែលទៅកម្សាន្តនៅអន្លង់ឈើទាលបានប៉ុន្តែមិនអនុញ្ញាតឱ្យជិះទូកឆ្លងទៅកាន់ក្បាលកោះល្ងដែលយើងឈរមើលឃើញដោយផ្ទាល់ភ្នែកពីលើច្រាំងនៅចំហៀងខាងមុខនោះបានទេ។ក្បាលកោះល្ងគឺស្ថិតក្នុងឃុំព្រះរំកិលស្រុកបុរីអូរស្វាយសែនជ័យអាជ្ញាធរមានការយាមកាមយ៉ាងតឹងរុឹងក្នុងកិច្ចការការពារសន្តិសុខជាតិ។


លោកប្រធានមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងទៀតថាបើទោះបីជាអាជ្ញាធរហាមមិនឲ្យទៅលេងនៅក្បាលកោះល្ងក្បែរនោះក្តីប៉ុន្តែភ្ញៀវក៏មានជម្រើសទៅកម្សាន្តលេងនៅតំបន់នោះដូចគ្នា។នៅទីនោះមានទូកខាងសហគមន៍រង់ចាំបម្រើសេវាកម្មជូនយើងអាចធ្វើដំណើរតាមទូកទៅបោះតង់នៅតាមដងទន្លេក្រៅពីតំបន់ហាមឃាត់បានដូចគ្នា។
ក្រៅពីនេះក៏មានសក្តានុពលទេសចរជាច្រើនទៀតដែលអាចឲ្យភ្ញៀវទៅកម្សាន្តបានតាមរយះការសាកសួរព័ត៌មាននៅមណ្ឌលផ្ដល់ព័ត៌មានទេសចរណ៍ខេត្តស្ទឹងត្រែង៕