សន្ដិសុខសង្គម

ឆ្លងចរន្តអគ្គិសនីលេចចេញជាអណ្តាតភ្លើងឆាបឆេះផ្ទះប្រជាពលរដ្ឋអស់បួនខ្នងនៅស្រុកក្រូចឆ្មារ

ដោយ៖ គង់ហេង
កំពង់ចាម៖ អគ្គិសភ័យមួយដែលផ្តើមពីការឆ្លងចរន្តអគ្គិសនីចេញពីផ្ទះមួយ បានលេចចេញជាអណ្តាតភ្លើងបានឆាបឆេះយ៉ាងសន្ធោរសន្ធៅរាលដាល ឆេះអស់ផ្ទះប្រជាពលរដ្ឋសរុបចំនួន បួន ខ្នង ទ្រព្យសម្បត្តិ ប្រាក់កាក់ និងសម្ភារៈប្រើប្រាស់ នៅភូមិទី៣ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ នៅម៉ោង១១ និង៣០ នាទីថ្ងៃត្រង់ថ្ងៃទី ២០ ធ្នូនេះ។


ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកក្រូចឆ្មារបានឱ្យដឹងថា៖ លំនៅឋានចំនួន បួន ខ្នងដែលអគ្គិសភ័យបានលេបត្របាក់អស់គ្មានសល់នោះមានៈ ផ្ទះ ឈ្មោះ មីន សលីហះ ភេទស្រី អាយុ៤០ឆ្នាំ ផ្ទះ ៦ម៉ែត្រគុណនឹង៨ម៉ែត្រសង់អំពីឈើ ប្រក់សង្ក័សី ឆេះទាំងស្រុង ខូចខាត ម៉ូតូពីរគ្រឿង ប្រាក់រៀលចំនួន៨០ម៉ឺនរៀល និងសម្ភារៈប្រេីប្រាស់ផ្សេងៗទៀត, ផ្ទះ ឈ្មោះ សុះ ម៉ាន ភេទប្រុស អាយុ៤៤ឆ្នាំ ផ្ទះ ទំហំ៧ម៉ែត្រគុណនឹង១២ម៉ែត្រ សង់អំពីឈើ ប្រក់ក្បឿង ឆេះទាំងស្រុង ខូចខាតប្រាក់ដុល្លារចំនួន ១.១០០ដុល្លារ ប្រាក់រៀលចំនួន ៨០ម៉ឺនរៀល ប្រាក់ម៉ាឡេចំនួន ៤០០រីងហ្គីត និង សម្ភារៈប្រើប្រាស់ផ្សេងៗមួយចំនួនទៀត, ផ្ទះ ឈ្មោះ លីន ណាសៀត ភេទប្រុស អាយុ៣៥ឆ្នាំ ផ្ទះទំហំ៦ម៉ែត្រគុណនឹង១០ម៉ែត្រ សង់អំពីឈើ ប្រក់ដែកសង្ក័សី ឆេះអស់ទាំងស្រុង ខូចខាតរួមមាន ឈើកែច្នៃចំនួន ៥ ម៉ែត្រគូប ប្រាក់ដុល្លារចំនួន ៤០០០ ដុល្លារ ម៉ូតូ មួយ គ្រឿង និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត និងចុងក្រោយផ្ទះឈ្មោះ ម៉ាត់ នាង ភេទប្រុ អាយុ ៦៤ឆ្នាំ ផ្ទះទំហំ៧ម៉ែត្រគុណនឹង១២ម៉ែត្រ សង់អំពីឈើប្រក់ក្បឿង ឆេះទាំងស្រុង ខូចខាត មាស៣តម្លឹង ប្រាក់ម៉ាឡេ ៤.០០០រីងហ្គីត ប្រាក់រៀល ១.០០០.០០០រៀល ប្រាក់ដុល្លារ ២.០០០ដុល្លារ ម៉ូតូមួយគ្រឿង និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត។


ប្រភពព័ត៌មាននោះបានបន្តថា៖ ក្នុងប្រតិបត្តិការពន្លត់អគ្គិសភ័យនោះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តចំនួន ៦ គ្រឿង ដើម្បីបាញ់ពន្លត់ទប់ស្កាត់ការឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅជាប់តំបន់នោះបន្តទៀត៕