អន្តរជាតិ

ក្រុមប្រទេស G7ព្រមានចាត់ការឆ្លើយតបចំពោះការបាញ់មីស៊ីលទាំងគឃ្លើនរបស់កូរ៉េខាងជើង

ប្រែសម្រួល៖ សហការី

កាលពីថ្ងៃអង្គារទី ១៩ ធ្នូ ក្រុមប្រទេស G7 បានប្រកាសថាសហគមន៍អន្តរជាតិបានឯកភាពគ្នាចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់បំផុតចំពោះការផលិតអាវុធនុយក្លេអ៊ែរនិងការបាញ់មីស៊ីលឆ្លងទ្វីប ” របស់កូរ៉េខាងជើងទាំងគឃ្លើន”ដោយមិនប្រុងប្រយ័ត្ន” ។

រដ្ឋមន្ត្រីការបរទេស G7 បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីមានការបាញ់មីស៊ីលផ្លោងដ៏មានសក្តានុពលបំផុតរបស់ក្រុងព្យុងយ៉ាងថា “សកម្មភាពខ្វះការប្រុងប្រយ័ត្នដែលបានប្រព្រឹត្តម្តងហើយម្តងទៀតរបស់កូរ៉េខាងជើងត្រូវតែមានវិធានការឆ្លើយតបភ្លាមៗយ៉ាងម៉ឺងម៉ាត់បំផុតជាពិសេសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវតែពិចារណាលើបញ្ហានេះ”។

មីស៊ីលផ្លោងអន្តរទ្វីប Hwasong-18 ត្រូវបានបាញ់បង្ហោះក្នុងអំឡុងពេលដែលកូរ៉េខាងជើងនិយាយថា ជាសមយុទ្ធនៅទីតាំងមិនស្គាល់មួយ ថ្ងៃទី 18 ខែធ្នូ ឆ្នាំ 2023 (រូបថត៖ Reuters/KCNA/Handout)

កាលពីថ្ងៃចន្ទកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបកម្រិតខ្ពស់បំផុតរបស់ខ្លួនជាមួយនឹងវិសាលភាពដែលមានសក្តានុពលរហូតទៅដល់ទឹកដីសហរដ្ឋអាមេរិក។

កូរ៉េខាងជើង បានអះអាងថា មេដឹកនាំរបស់ខ្លួន លោក គីម ជុងអ៊ុន បានធ្វើការត្រួតពិនិត្យក្នុងការបាញ់បង្ហោះនេះ ហើយបានព្រមានក្រុងវ៉ាស៊ីនតោនចំពោះការពង្រឹងទំនាក់ទំនង ជាមួយកូរ៉េខាងត្បូង ប្រឆាំងនឹងកូរ៉េខាងជើងថាជា “ការសម្រេចចិត្តមិនត្រឹមត្រូវ” ។

ក្រុមប្រឹក្សាសន្តិសុខបានអនុម័តសេចក្តីសម្រេចអំពាវនាវឲ្យកូរ៉េខាងជើងបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងឆ្លងទ្វីបរបស់ខ្លួន ចាប់តាំងពីប្រទេសនេះបានធ្វើតេស្តនុយក្លេអ៊ែរជាលើកដំបូងនៅក្នុងឆ្នាំ ២០០៦។

ចំណែកចិនដែលជាដៃគូដ៏ជិតស្និទ្ធបំផុតរបស់កូរ៉េខាងជើង និងរុស្ស៊ី ប្រទេសទាំងពីរបានប្រើអំណាចវេតូនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រឆាំងនឹងការរឹតបន្តឹងបន្ថែមទៀតនៃទណ្ឌកម្មនេះ។

នៅក្នុងការផ្លាស់ប្តូរយុទ្ធសាស្ត្រចុងក្រោយកាលពីថ្ងៃអង្គារក្រុមប្រទេសដែលពាក់ព័ន្ធបានជំរុញកិច្ចសហប្រតិបត្តិការបីផ្លូវរវាង ប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដើម្បីចែករំលែកទិន្នន័យលើពេលវេលាជាក់ស្តែងស្តីពីការបាញ់បង្ហោះរបស់កូរ៉េខាងជើងដែលបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំកំពូលក្នុងចំណោមមេដឹកនាំប្រទេសទាំងបីកាលពីខែសីហាកន្លងទៅ។

សហរដ្ឋអាមេរិកក៏បានអះអាងផងដែរថា បេសកជនរបស់ខ្លួនម្នាក់ដែលទទួលខុសត្រូវបញ្ហាកូរ៉េខាងជើងបានទាក់ទងតាមទូរសព្ទកាលពីថ្ងៃអង្គារជាមួយសមភាគីជប៉ុន និងកូរ៉េខាងត្បូង ហើយបានព្រមានថាការបាញ់បង្ហោះនេះបាន “បំផ្លាញសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងនៅលើពិភពលោក”។

នៅក្នុងសេចក្តីថ្លែងការណ៏របស់ ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា សម្ព័ន្ធមិត្តបានស្វែងរក “ការអនុវត្តពេញលេញ” នូវសេចក្តីសេម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ហើយថែមទាំងបានជំរុញឲ្យមាន “ការវិលទៅរកកិច្ចសន្ទនាការទូត” តែកូរ៉េខាងជើងបានបង្ហាញពីចំណាប់អារម្មណ៍តិចតួចក្នុងការសន្ទនាជាមួយរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ៕

ប្រភព៖ AFP/fs