សេដ្ឋកិច្ច

កសិករគំរូនៅក្រុងស្ទឹងត្រែងចំណាយដើមត្រឹមតែ៣០ម៉ឺនរៀលទទួលបានផលមកវិញជាង១០លានរៀល

ដោយ៖សុខុម

ស្ទឹងត្រែង៖ ស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីត្រើយម្ខាងនៃដងទន្លេសេកុង ក្នុងភូមិហាងខូបាន សង្កាត់សាមគ្គី  ក្រុងស្ទឹងត្រែង គេឃើញមានរោងធ្វើអំពីដែក ដំបូលប្រក់ថង់ប្លាស្ទិកពណ៌ស បានគ្របដណ្តប់ពីលើរងបន្លែ តម្រៀបគ្នាជាជួរពណ៌ខៀវស្រងាត់។

ទីនោះហើយដែលជាកន្លែងដាំបន្លែតាមបច្ចេកទេសជំរុញដោយមន្ទីរកសិកម្ម របស់កសិករគំរូម្នាក់ក្នុងចំណោមកសិករគំរូជាច្រើននាក់ទៀតនៅខេត្តស្ទឹងត្រែង ដែលបានប្រកបមុខរបរមួយនេះអស់រយៈពេលជាង១០ឆ្នាំមកហើយ។

អង្គុយផ្ទាល់ដី នៅតាមចន្លោះនៃរងបន្លែ ដែលមើលទៅរត់ជួររមេញ កសិករគំរូ លោកខៃយឿនដៃបោចស្មៅតូចៗ ចេញពីរងបន្លែបណ្តើរ និយាយរៀបរាប់ប្រាប់យើងបណ្តើរថា  បន្ទាប់ពីធ្វើស្រែ កសិករមួយចំនួននៅភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង តែងបាននាំគ្នាដាំបន្លែលក់ ដើម្បីរកប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

អ្នកដាំបន្លែរូបនោះ បានឲ្យយើងដឹងថា ពីដើមឡើយ គាត់មានមុខរបរជាអ្នកដុតក្រឡានលក់។ប៉ុន្តែដោយសារមានការលំបាក់ស្វែងរកដើមឬស្សីសម្រាប់ដុតពេក ចាប់ពីឆ្នាំ២០១២ មកគ្រួសាររបស់គាត់ក៏បានបោះបង់ ងាកមកចាប់យករបរដាំបន្លែតាមបច្ចេកទេសជំរុញដោយមន្ទីរកសិកម្មខេត្តស្ទឹត្រែង ដោយមានខាងអង្គការនិងមន្រ្តីមន្ទីរកសិកម្មខេត្តជាអ្នកជួយបណ្តុះបណ្តាល បង្ហាត់បង្រៀនទាំងចំណេះដឹងនិងបទពិសោធក្នុងការដាំបន្លែនេះ។

លោកបានប្រាប់ថា នៅលើផ្ទៃដីសរុបបច្ចុប្បន្នទំហំជិត២០០០អា គាត់បានសម្រេចដាំបន្លែ  ធម្មតាចំនួន៣ប្រភេទមាន ត្រឡាច,ត្រកួននិងស្ពៃសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារ។

ក្នុងនោះមួយឆ្នាំគឺដាំបន្លែបាន៣លើក ដោយក្នុងមួយលើកៗ ក្រៅអំពីចំណាយធ្វើរោងគាត់បានចំណាយខ្ទង់៣០ម៉ឺនរៀល នៅពេលប្រមូលផលពីបន្លែទាំង៣ប្រភេទគឺសរុបបានដល់ទៅជាង១០លានរៀល។

ចំពោះការដាំបន្លែតាមបច្ចេកទេសនេះទៀតសោត គឺមានលក្ខណៈខុសប្លែកពីទម្លាប់ចាស់ដែលដូនតាយើងបានដាំពីដើមមក ដែលត្រូវរែកទឹកស្រោច ធ្វើការងារយ៉ាប់យ៉ឺនខ្លាំងណាស់តែហាក់ដូចជាទទួលបានទិន្នផលទាប។ ប៉ុន្តែការដាំបច្ចុប្បន្ននេះ យើងប្រើទុយោបូមទឹកពី       អណ្តូងនិងស្រះយកទៅស្រោច ការងារមិនសូវជាធ្ងន់ធ្ងរទេ តែអ្នកដាំទទួលបានមកវិញនូវទិន្នផលខ្ពស់។

រីឯបន្លែដែលយើងដាំបាន គឺមានតម្រូវការទីផ្សារល្អ ងាយស្រួលលក់បានតម្លៃខ្ពស់ នៅពេលខ្លះមានឈ្មួញកណ្តាលបានមកបញ្ជាទិញដល់កន្លែងយកទៅលក់បន្តទៀតដោយឲ្យតម្លៃ       ខ្ពស់។

ជាក់ស្តែងសព្វថ្ងៃនេះ ត្រឡាច, ត្រកួននិងស្ពៃក្រោយពេលប្រមូលផលហើយមួយវគ្គៗគ្រួសារគាត់បានដឹកយកទៅលក់នៅផ្សារសាមគ្គីស្ទឹងត្រែង ចំពោះត្រឡាចប្រភេទលេខ១តម្លៃ ១០០០រៀល បើមិនជាប់ចំណាត់ថ្នាក់តម្លៃក្រោម៥០០រៀលក្នុងមួយគីឡូក្រាម។ រីឯស្ពៃមួយគីឡូក្រាម២០០០រៀលនិងត្រកួនមួយបាច់៤០០រៀល។

លោកខៃ យឿនបានឱ្យដឹងថា ដោយសារតែការដាំបន្លែ ទទួលបានប្រាក់ចំណូលគួរសមបែបនេះហើយ ទើបវាបានជំរុញទឹកចិត្តដល់គ្រួសាររបស់គាត់នឹងបន្តខិតខំដាំបន្លែនេះតទៅទៀតដើម្បីជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសាររបស់គាត់។

កន្លងមកមន្ទីរកសិកម្មខេត្តស្ទឹងត្រែងក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលមួយចំនួនតែងបានបង្កលក្ខណៈងាយស្រួលឲ្យរូបគាត់បានធ្វើដំណើរទៅចូលរួមទស្សនកិច្ចសិក្សានៅតាមសហគមន៍ដាំបន្លែមួយចំនួននៅភ្នំពេញនិងតាមបណ្តាខេត្តមួយចំនួន ដើម្បីបានរៀនសូត្រនិងដកស្រង់នូវបទពិសោធល្អៗបន្ថែមទៀតផងដែរ។

លោកក៏បាន សំណូមពរដល់បងប្អូន ជាពិសេសប្រជាកសិករដែលមានដីទោះតិចឬច្រើនក្តីសូមកុំទុកឲ្យនៅទំនេរចោលឲ្យសោះ  ត្រូវដាំដំណាំឬចិញ្ចឹមសត្វផ្សេងៗ សំខាន់គឺបន្លែដែលជាតម្រូវការចាំបាច់បរិភោគប្រចាំថ្ងៃរបស់យើង ហើយមុខរបរនេះឯងវាក៏អាចរកបានប្រាក់ចំណូលបន្ថែមទៀតផងដែរ។

លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែងបានយល់ឃើញថាបច្ចុប្បន្នប្រជាកសិករនៅខេត្តនេះ ពួកគាត់មានផ្ទៃដីទំនេរធំទូលាយនៅឡើយ  មិនទាន់បានប្រើប្រាស់ឲ្យអស់នូវសក្តានុពលពីផ្ទៃដីរបស់គាត់ក្រៅពីធ្វើស្រែមួយមុខប៉ុណ្ណោះទេ។

មន្ទីរកសិកម្មបានជំរុញនិងលើកទឹកចិត្តដល់កសិករដាំដំណាំរួមផ្សំផ្សេងៗទៀតដូចជាបន្លែប្រភេទហូបផ្លែ,ស្លឹក,មើមជាដើមឱ្យបានកាន់តែច្រើន។

ក្រៅពីបន្លែ ត្រូវចូលរួមក្នុងការចិញ្ចឹមសត្វដើម្បីជាការរួមចំណែកបង្កើនលទ្ធភាពកសិកម្មរបស់ខ្លួនផ្គត់ផ្គង់ជីវភាព ក៏ដូចជាការលក់ដូរលើទីផ្សារបង្កើនសេដ្ឋកិច្ចគ្រួសាររបស់បងប្អូន។

ប្រធានមន្ទីរកសិកម្មខេត្តបានឲ្យដឹងបន្តទៀតថា កន្លងមកមន្ទីរបានធ្វើការអប់រំផ្សព្វផ្សាយជាច្រើនទៅដល់កសិករនិងបានត្រៀមជានិច្ចដើម្បីជួយបង្កលក្ខណៈងាយស្រួលទៅដល់ពុកម៉ែបងប្អូនដែលជាកសិករ ក្នុងការផ្ដល់នូវបច្ចេកទេសទាន់សម័យ និងការបង្ហាត់បង្ហាញតាមតម្រូវការរបស់ប្រជាកសិករយើងគ្រប់ពេលវេលា៕