អន្តរជាតិ

UN បានព្រមានថាប្រទេសមីយ៉ាន់ម៉ាគ្រោះមហន្តរាយផ្នែកមនុស្សធម៌គឺកំពុងតែឈរនៅចំមាត់ជ្រោះ

ប្រែសម្រួល៖ រតនា

អង្គការសហប្រជាជាតិនិយាយថា មួយភាគបីនៃចំនួនសរុបរបស់ប្រជាជនមីយ៉ាន់ម៉ា ឬជាង ១៨ លាននាក់នៃចំនួនសរុបកំពុងតែត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់បំផុត។ កាលពីថ្ងៃចន្ទ ទី១៨ ខែធ្នូ ភ្នាក់ងារអង្គការសហប្រជាជាតិបានធ្វើការអំពាវនាវស្វែងរកការបរិច្ចាគមូលនិធិចំនួនមួយពាន់លានដុល្លារនៅឆ្នាំក្រោយ ដើម្បីបំពេញតម្រូវការចាំបាច់ផ្នែកជំនួយមនុស្សធម៌សម្រាប់ប្រជាជនមីយ៉ាន់ម៉ាជាង ១៨ លាននាក់។

ស្ថាប័ន​ពិភពលោកមួយនេះ​បាន​ថ្លែង​ថា ស្ថានភាព​មនុស្សធម៌​នៅក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍មួយនេះ​កាន់តែ​អាក្រក់​ឡើងហើយចាប់តាំងពីមាន​រដ្ឋប្រហារ​នៅ​ទីនោះ​​អស់ពេលជិតបី​ឆ្នាំកន្លងមក​។

របាយការណ៍របស់ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទបាននិយាយថា “ប្រទេសមីយ៉ាន់ម៉ាកំពុងឈរនៅលើគំនូសទាបបំផុតនៅក្នុងឆ្នាំ ២០២៤ ជាមួយនឹងវិបត្តិមនុស្សធម៌ដ៏ស៊ីជម្រៅដែលកំពុងតែកើនឡើងចាប់តាំងពីការកាន់កាប់ដោយកងយោធានៅក្នុងខែកុម្ភៈ ឆ្នាំ ២០២១ ដែលប្រជាជនស៊ីវិលឥឡូវនេះកំពុងរស់នៅក្នុងភាពភ័យខ្លាចបំផុតមួយ” ។

ប្រជាជន ១៨.៦ លាននាក់ដែលកំពុងប្រឈមនឹងតម្រូវការជំនួយមនុស្សធម៌នាពេលបច្ចុប្បន្នគឺ ១ លាននាក់ច្រើនជាងឆ្នាំមុន និង ១៩ ដងច្រើនជាងឆ្នាំ ២០២០ នៅមុនពេលមានរដ្ឋប្រហារកើតឡើង។

លោក Marcoluigi Corsi បានថ្លែងថាជាបណ្ដោះអាសន្នអង្គការសហប្រជាជាតិបានព្រមានថា “កុមារ កុមារចំនួន ៦ លាននាក់កំពុងទទួលរងនូវវិបត្តិដោយសារការផ្លាស់ទីលំនៅ ការរំខានដល់ការថែទាំសុខភាព និងការអប់រំ អសន្តិសុខស្បៀងអាហារ និងកង្វះអាហារូបត្ថម្ភដែលជាហានិភ័យនៃការការពាររួមទាំងការជ្រើសរើសដោយបង្ខំ និងបញ្ហាផ្លូវចិត្ត” ។ អ្នកសម្របសម្រួលមនុស្សធម៌សម្រាប់មីយ៉ាន់ម៉ដែលជាអ្នកចេញរបាយការណ៍នេះបានធ្វើការគូសបញ្ជាក់អំពីកង្វល់ជាពិសេសការផ្លាស់ទីលំនៅ ដោយមនុស្សជិត ២.៦ លាននាក់ត្រូវបានភៀសខ្លយនចេញពីផ្ទះរបស់ពួកគេគិតមកទល់នឹងថ្ងៃទី ១១ ខែធ្នូ បានកើនឡើងដល់ ១.១ លាននាក់ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុនរួមទាំងមនុស្សជាង ៦៦០,០០០ នាក់ត្រូវបានផ្លាស់ទីលំនៅចាប់តាំងពីចុងឆ្នាំមកគឺនៅក្នុងខែតុលាគឺចំពេលមានការវាយប្រហារគ្នាកាន់តែខ្លាំងឡើងរវាងកងយោធា និងកងយុទ្ធជនជនជាតិភាគតិចនៅភាគខាងជើងនៃប្រទេស។

របាយការណ៍នេះបាននិយាយថា ការធ្វើឲ្យស្ថានការណ៍កាន់តែធ្លាក់ចុះធ្ងន់ធ្ងរឡើងៗដោយសារ “ជម្លោះ រ៉ាំរ៉ៃនិងអំពើហិង្សាកើនឡើងកាន់តែខ្លាំងត្រូវបានគេរំពឹងថានឹងកាន់តែធ្ងន់ធ្ងរជាងនេះទៀតនៅក្នុងឆ្នាំ ២០២៤” បើយោងតាមរបាយការណ៍នេះបានឲ្យដឹងថា “អំពើហិង្សាបង្កឡើងកងយោធាជាប្រព័ន្ធប្រឆាំងនឹងជនស៊ីវិលស្លូតត្រង់”។

ដោយមើលឃើញពីកាលៈទេសៈដ៏អាក្រក់នេះ OCHA បានធ្វើការអំពាវនាវកាលពីថ្ងៃចន្ទស្នើសុំការបរិច្ចាគមូលនិធិចំនួន ៩៩៤ លានដុល្លារដើម្បីជួយដល់ប្រជាជនចំនួន ៥,៣ លាននាក់ដែលត្រូវបានគេកំណត់ថាជាអាទិភាពសម្រាប់ជំនួយមនុស្សធម៌នៅក្នុងប្រទេសមីយ៉ាន់ម៉ានៅក្នុងឆ្នាំ ២០២៤ខាមុខនេះ ។ Corsi បានបញ្ជាក់ថា “យើងមិនមានមូលនិធិគ្រប់គ្រាន់នោះទេដូចដែលគេបានឃើញរួចមកហើយនៅក្នុងឆ្នាំ ២០២៣” នៅពេលនោះគឺមានតែ ២៩ ភាគរយនៃមូលនិធិដែលមានត្រូវបានយកមកផ្គត់ផ្គង់សម្រាប់មនុស្សប្រមាណ ១.៩ លាននាក់ដែលជាអាទិភាពសម្រាប់ជំនួយនៅក្នុងឆ្នាំ ២០២៣ គឺមិនគ្រប់គ្រាន់ទេ។

លោកបាននិយាយថា “មនុស្សរាប់លាននាក់កំពុងជាប់គាំង ហើយយើងទាំងអស់គ្នាត្រូវតែធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីការពារប្រទេសមីយ៉ាន់ម៉ាមិនឲ្យធ្លាក់ទៅក្នុងភាពអាសន្នដែលត្រូវបានគេបំភ្លេចចោល” ទោះបីជាកម្មវិធីជំនួយអន្តរជាតិភាគច្រើនរបស់អង្គការសហប្រជាជាតិកំពុងតែខ្វះថវិកាក៏ដោយ៕

ប្រភព៖ AFP/fs