អន្តរជាតិ

អត្ថាធិប្បាយ៖ អាស៊ានគួរតែមានជម្រើសដើរលើផ្លូវខ្លួនឯងខណ:អាមេរិកជាប់ផុងក្នុងសង្រ្គាម និងមមាញឹកក្នុងការបោះឆ្នោត

ដោយ៖Chong Ja Ian

តើមេដឹកនាំអាមេរិក និងចិនកំពុងតម្រង់បាល់ក្នុងទិសដៅប្រកួតប្រជែងជាលក្ខណ្ឌភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីឬយ៉ាងណា? ការរក្សាស្ថិរភាពក្នុងតំបន់ប្រកបដោយវិបុលភាពមិនអាចផ្ញើក្តីសង្ឃឹមលើមហាអំណាចទាំងពីរក្នុងការជួយរក្សាសន្តិភាពក្នុងលក្ខណ្ឌរួមរស់ជាមួយគ្នាដូចដែលមហាយក្សទាំងពីរបានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលកាលពីខែវិច្ឆិការវាងប្រធានាធិបតីអាមេរិក Joe Biden និងមេដឹកនាំចិន Xi Jinping នោះបានទេ។

កិច្ចប្រជុំកាលពីខែវិច្ឆិការវាងប្រធានាធិបតីទាំងពីរដែលបានធ្វើឡើងនៅក្រៅវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅសាន់ហ្វ្រាន់ស៊ីស្កូ ជិតមួយឆ្នាំបន្ទាប់ពីមេដឹកនាំទាំងពីរបានជួបគ្នាក្នុងអំឡុងពេលកិច្ចប្រជុំមេដឹកនាំ G20 នៅកោះបាលី។

គេសង្កេតឃើញថាមានពន្លឺខ្លះៗនៅចុងបញ្ចប់នៃឈុតឆាកនយោបាយបង្វែងដានរបស់ប្រធានាធិបតីទាំងពីរបត់បែនបិទបាំងគ្នាទៅវិញទៅមកដូចដើរលើផ្លូវរូងក្រោមដីធ្វើឲ្យក្តីសង្ឃឹមលើទំនាក់ទំនងរវាងអាមេរិក និងចិនថានឹងមានស្ថិរភាពនោះទំនងជាមិនសូវល្អប្រសើរនោះទេរួមទាំងការសន្ទនាផ្នែកសេដ្ឋកិច្ច និងនយោបាយកាន់តែតឹងតែងខ្លាំងឡើងដោយរួមបញ្ចូលទាំងកិច្ចព្រមព្រៀងដើម្បីស្តារទំនាក់ទំនងរវាងយោធា និងយោធា។

បញ្ហាដែលមិនគួមើលរំលងនោះគឺការកាត់បន្ថយហានិភ័យនៃសកម្មភាពយោធាដ៏សកម្មរបស់កងយោធាចិននៅជុំវិញកោះតៃវ៉ាន់ និងសមុទ្រចិនខាងកើត និងខាងត្បូង ក៏ដូចជាឧប្បត្តិហេតុដែលបានបង្កឡើងរវាងអាមេរិកនិងចិនដូចជាប៉េងប៉ោងចារកម្មរបស់ចិនដែលត្រូវបានចោទប្រកាន់ថាហោះហើរដោយអចេតនានៅទូទាំងសហរដ្ឋអាមេរិក ។

  • តើ​​មាន​អ្វីនឹង​កើត​ឡើង​ប្រសិន​បើ​អាមេរិក​ជួបបញ្ហា​រំខាន?

ដូចជាការរំខាននៅមជ្ឈិមបូព៌ា និងនៅចក្រភពអង់គ្លេស

នៅក្នុងតំបន់អាស៊ីអាគ្នេយ៍អ្វីដែលជាកង្វល់នោះគឺថាតើសហរដ្ឋអាមេរិកនៅតែបន្តការប្តេជ្ញាចិត្តចូលរួមប្រកបដោយន័យស្ថាបនាសម្រាប់កិច្ចការក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរឬទេ? បើក្នុងខណ:ពេលនេះអាមេរិកបានចូលរួមក្នុងសង្គ្រាមដ៏បង្ហូរឈាមដល់ទៅពីររួចមកហើយបន្ទាប់មកនឹងមានការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅក្នុងឆ្នាំ ២០២៤ផងដែរ។

អាមេរិកបានចូលរួមក្នុងសង្គ្រាមដ៏បង្ហូរឈាមគឹទីមួយសង្គ្រាមរវាងអ៊ីស្រាអែលនិងហាម៉ាស់នៅតំបន់ហ្គាហ្សាដែលបានផ្ទុះឡើងតាំងពីខែតុលាដែលបានបង្ហាញសញ្ញាតិចតួចថានឹងមានការធូរស្រាលឡើងវិញនិងទីពីរគឺសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែនដែលនឹងឈានដល់រយៈពេលពីរឆ្នាំនៅខែកុម្ភៈឆ្នាំ ២០២៤ហើយអាមេរិកបាននឹងកំពុងផុងខ្លួនយ៉ាងជ្រៅក្នុងការជួយស្រោចស្រង់អ៊ុយក្រែនធ្វើការប្រឆាំងនឹងការឈ្លាពានរបស់រុស្ស៊ី។

មួយវិញទៀតការពង្រីកជម្លោះនៅមជ្ឈិមបូព៌ាអាចទាញការយកចិត្តទុកដាក់របស់អាមេរិកឲ្យឃ្លាតឆ្ងាយពីអាស៊ីបូព៌ា ខណៈពេលដែលមានសភាពការតានតឹងបន្ថែមទៀតលើធនធានដ៏មហាសាលរបស់អាមេរិកដែលបានចំណាយដ៏សន្ធឹកសន្ធាប់រួចទៅហើយនៅក្នុងសង្រ្គាមនៅអ៊ុយក្រែន។ ចំណែកការចរចានៅក្នុងសភាដើម្បីបន្តផ្តល់មូលនិធិបន្ថែមដល់អ៊ុយក្រែនត្រូវបានជាប់គាំងដោះស្រាយមិនចេញ។

បើទោះបីជាមានការអះអាងរបស់ក្រុងវ៉ាស៊ីនតោនថា ខ្លួននៅតែមានសមត្ថភាពក្នុងការធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងតំបន់អាស៊ីបូព៌ាក៏ដោយ ក៏ការបញ្ចេញសម្ភារបរិក្ខារនៅមានកំណត់ដែលអាចបង្ហាញពីឆន្ទៈរបស់អាមេរិកថាចុះខ្សោយក្នុងការរក្សាទំនាក់ទំនងក្នុងសភាពតានតឹង និងមានសមត្ថភាពតិចតួចក្នុងការឆ្លើយតបទៅនឹងវិបត្តិក្នុងតំបន់ប្រសិនបើមានសង្គ្រាមផ្ទុះឡើង។

កង្វល់នេះត្រូវបានគេយកចិត្តទុកដាក់យ៉ាងទូលំទូលាយបំផុតមួយបើទោះបីជាមានការរៀបចំស្តារនូវទំនាក់ទំនងដើម្បីឈានទៅជួយគ្រប់គ្រងសណ្តាប់ធ្នាប់នៅក្នុងតំបន់យ៉ាងណាក៏ដោយខណ: ដែលទីក្រុងប៉េកាំងចូលចិត្តប្រើកម្លាំងយោធាជាជម្រើសក្នុងការដោះស្រាយវិវាទដោយមិនមានការអត់ធ្មត់នោះទេ។

ការបន្តដាក់សម្ពាធរបស់ចិនមកលើហ្វីលីពីន តៃវ៉ាន់ កូរ៉េខាងត្បូង និងជប៉ុន អាចជាកិច្ចខិតខំប្រឹងប្រែងដើម្បីសាកល្បងការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះមិត្តភ័ក្តិ សម្ព័ន្ធមិត្ត និងការរក្សាសណ្តាប់ធ្នាប់ក្នុងតំបន់បន្ទាប់ពីមានការស្តារទំនាក់ទំនងផ្នែកយោធានិងយោធាឡើងវិញ។

សមត្ថភាពរបស់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ក្នុងការគ្រប់គ្រងការប្រឈមមុខដាក់គ្នាដោយប្រថុយប្រថានដ៏មានសក្ដានុពលបែបនៅលើដែនសមុទ្រ និងនៅលើដែនអាកាស ទំនងជាសន្ទស្សមួយដ៏ពិតប្រាកសំដៅលើការប្រែប្រួលឥទ្ធិពលរវាងសហរដ្ឋអាមេរិក និងចិន។

  • ទំនាក់ទំនងស្មុគស្មាញ

ការនិយាយដោយដៃទទេចំពោះការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានបង្ហាញពីភាពផ្ទុយគ្នាសម្រាប់ទស្សនៈក្រុងវ៉ាស៊ីនតោន។ ម៉្យាងវិញទៀត ឥស្សរជននយោបាយក្នុងតំបន់មានការរិះគន់សហរដ្ឋអាមេរិកថា ពេលខ្លះដើរហួសតួនាទីរបស់ខ្លួនដែលជាសក្តានុពលបង្កឲ្យមានរឿង។ រដ្ឋាភិបាលសិង្ហបុរីបានចង្អុលបង្ហាញពីការជ្រៀតជ្រែកផ្នែកនយោបាយរបស់អាមេរិកនៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ ជាឧទាហរណ៍មួយសម្រាប់បង្កើតច្បាប់ទប់ស្កាត់និងការជ្រៀតជ្រែកពីបរទេសរបស់ខ្លួនដែលនឹងចូលជាធរមាននៅចុងខែនេះ។ ម៉ាឡេស៊ីមាននិន្នាការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិកនិងមូលនិធិរូបិយវត្ថុអន្តរជាតិខ្លាំងជាងគេ ដែលជាហេតុផលមួយថាគួរតែបង្កើតមូលនិធិរូបិយវត្ថុអាស៊ី ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការទប់ទល់ឥទ្ធិពលចិន។

ចំណុចមួយទៀតនោះគឺថាពួកគេប្រាថ្នាចង់បន្តអត្ថប្រយោជន៍ដើម្បីចូលរួមផ្នែកសេដ្ឋកិច្ច សន្តិសុខ និងនយោបាយជាមួយសហរដ្ឋអាមេរិកឲ្យបានសកម្មនិងជាប់លាប់ដើម្បីទប់ទល់នឹងចិនដែលកំពុងស្វះស្វែងរកការផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោកជាប្រព័ន្ធ។

ភាពមិនច្បាស់លាស់ចំពោះតួនាទីរបស់សហរដ្ឋអាមេរិកនៅអាស៊ីអាគ្នេយ៍អាចឆ្លុះបញ្ចាំងពីទំនុកចិត្តដែលនៅមានកម្រិតលើភាពជាអ្នកដឹកនាំក្នុងតំបន់ក្នុងការគ្រប់គ្រងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។

មានកិច្ចខិតខំប្រឹងប្រែងដែលលេចចេញជារូបរាងតិចតួចសម្រាប់អាស៊ីអាគ្នេយ៍ដូចជាការវិនិយោគក្នុងការធ្វើបច្ចុប្បន្នភាពសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីឲ្យមានប្រសិទ្ធភាពជាងមុនក្នុងការអនុវត្តអាណត្តិដែលមានស្រាប់របស់ខ្លួនសម្រាប់តួនាទីក្នុងពិភពលោកដែលពោរពេញទៅដោយការប្រកួតប្រជែងក្នុងភាពមិនច្បាស់លាស់មួយ។ មិនមានអ្វីចម្លែកនោះទេការប្តេជ្ញាចិត្តលើកំណែទម្រង់អាស៊ាន ឬការអភិវឌ្ឍន៍ដែលជាយន្តការពាក់ព័ន្ធនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទំនងជាវិធីសាស្រ្តមួយដ៏សមហេតុសមផលក្នុងលក្ខខណ្ឌបច្ចុប្បន្នភាព។

និន្នាការក្នុងចំណោមរដ្ឋក្នុងតំបន់អាស៊ានលើការរៀបចំទ្វេភាគីដែលពាក់ព័ន្ធនឹងរដ្ឋនៅក្នុងតំបន់ និងក្រៅតំបន់ ដើម្បីដោះស្រាយតម្រូវការសេដ្ឋកិច្ច និងសន្តិសុខ។ ឧទាហរណ៍ រួមមាន កិច្ចសហប្រតិបត្តិការយោធាទ្វេភាគីរវាងកម្ពុជា និងថៃឃើញថាបានពង្រឹងទំនាក់ទំនងជាមួយប្រទេសចិនក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ក៏ដូចជាការល្បាតនៅច្រកសមុទ្រម៉ាឡាកា និងសមុទ្រស៊ូលូជាដើម។ ក្រៅពីនេះក៏នៅមានរឿងដ៏គួរឲ្យហួសចិត្តផងដែរគឺការបែកបាក់ផ្ទៃក្នុងនៅក្នុងតំបន់កាន់តែច្រើន ដែលរដ្ឋជាសមាជិកអាស៊ីអាគ្នេយ៍ជាច្រើនព្យាយាមបិទបាំង។

  • រដ្ឋសមាជិកអាស៊ីអាគ្នេយ៍ប្រកាន់យកជម្រើសដូចម្តេច?

ទាំងអាស៊ីអាគ្នេយ៍ និងអាស៊ីឦសានទាំងមូល ទទួលបានការការពារជាប្រវត្តិសាស្ត្រពីអាមេរិក ដែលបានប្តេជ្ញាចិត្តគាំទ្រសេរីភាវូបនីយកម្ម និងស្ថិរភាពសេដ្ឋកិច្ច រួមជាមួយនឹងប្រទេសចិន ដែលបានចូលមកទទួលយកផលប្រយោជន៏ និងទទួលបានផលពីការរៀបចំនេះ តាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៧០កន្លងមក ។

មិនមែនមនុស្សទាំងអស់អាចទទួលបាននូវផលប្រយោជន៍ពីសណ្តាប់ធ្នាប់សេរីនិយមដែលធ្វើឲ្យពួកគេរីកចម្រើនដោយសារសកម្មភាពនេះនោះទេ។ សង្គ្រាមកូរ៉េ សង្គ្រាមឥណ្ឌូចិនទាំងបី ការគាំទ្ររបស់ចិនចំពោះខ្មែរក្រហម ក៏ដូចជាភាពជ្រុលនិយមក្នុងការប្រឆាំងកុម្មុយនិស្ត និងសង្រ្គាមភេរវកម្ម សុទ្ធសឹងតែបានគូសបញ្ជាក់អំពីតម្លៃមនុស្សពិតប្រាកដដែលទទួលបានភាពរុងរឿង និងស្ថិរភាពដោយផ្នែកនិមួយៗរៀងៗខ្លួនគឺថាដាច់ដោយឡែកពីគ្នាទាំងស្រុង។

បើទោះ​បី​ជា​មាន​កំហុសឆ្គង​យ៉ាង​ណា​ក៏​ដោយក៏សណ្តាប់​ធ្នាប់​ដែល​ផ្អែក​លើ​ច្បាប់​សេរីនិយម​ឥឡូវ​នេះកំពុងស្ថិត​នៅ​ក្រោម​ការ​ប្រឈមមុខដាក់គ្នារវាងអាមេរិកជាមួយចិននិងរុស្សី។ ទាំងសហរដ្ឋអាមេរិក និងចិនឥឡូវនេះកាន់តែមានការសង្ស័យដាក់គ្នាចំពោះមហិច្ឆិតាមួយនេះ ដោយក្រឡេកមើលបញ្ហាផ្ទៃក្នុងរបស់ខ្លួន និងងាកទៅចងសម្ព័ន្ធមិត្តក្នុងលក្ខខណ្ឌសេដ្ឋកិច្ច និងសន្តិសុខ បើទោះបីជានៅពីក្រោយឆាកចិនកំពុងតែផ្តោតលើការពង្រឹងសេដ្ឋកិច្ចក្នុងស្រុករបស់ខ្លួនដើម្បីទប់ទល់នឹងសម្ពាធពីខាងក្រៅក៏ដោយ។

សម្រាប់ការឆ្លើយតបនៅក្នុងតំបន់ប៉ាស៊ីហ្វិក ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ បាននឹងកំពុងសម្លឹងមើលយន្តការសម្របសម្រួលក្នុងគោលដៅបង្កើនសមត្ថភាពការពារជាតិ និងបង្កើតភាពធន់នៃរបាំងការពារសន្តិសុខជាតិនឹងដោះស្រាយសម្ពាធសេដ្ឋកិច្ចតាមផ្លូរដ្ឋនិងប្រកាន់យកយន្តការសម្របសម្រួលគ្នាទៅវិញទៅមកជាមួយនឹងសហរដ្ឋអាមេរិក។

ប្រទេសហ្វីលីពីន​ក៏​បាន​ដើរលើផ្លូវ​ក្នុង​ទិសដៅ​ស្រដៀង​គ្នា​នេះ​ដែរចំណែករដ្ឋអាស៊ីអាគ្នេយ៍ដទៃទៀតក៏ព្យាយាមរក្សាស្ថិរភាពនិងសន្តិភាពជាមួយប្រទេសជិតខាងដែលជាគំនិតផ្តួចផ្តើមរបស់ពួកគេដោយឡែៗកពីគ្នា។

អស់រយ:ពេលជាច្រើនឆ្នាំទីបំផុតរដ្ឋអាស៊ីអាគ្នេយ៍ប្រហែលជាត្រូវសម្រេចចិត្តជ្រើសរើសដែលមិនមែនរវាងសហរដ្ឋអាមេរិក និងចិននោះទេក៏ប៉ុន្តែសួថាតើពួកគេចង់ដើរលើផ្លូវមួយដោយខ្លួនឯងបានដោយរបៀបណា? ប្រសិនបើមហាអំណាចធំៗកំពុងឈ្លោះគ្នាហើយបែងចែកប្លុកនៅក្នុងតំបន់ដែលជាកត្តាមួយបង្ហាញថាលំហសេរីភាពនៃរដ្ឋសមាជិកនីមួយៗនៅមានកម្រិត។ សួរថា​តើរដ្ឋសមាជិកនិមួយៗ​បាន​ត្រៀម​ខ្លួនរួច​ជា​ស្រេច​ក្នុង​កាប្រឈមនិងជម្លោះរវាងអាមេរិកនិងចិនដែលបណ្តាលឲ្យមានការបែងចែកប្លុកនៅក្នុងតំបន់ង​ហើយ​ឬ​នៅ ក្នុង​ពេល​នេះ​នៅ​តែ​ជា​សំណួរមួយ​ដែល​គ្មាន​ចម្លើយនៅឡើយទេ។

បញ្ជាក់ៈ លោក Chong Ja Ian ជាសាស្ត្រាចារ្យរងផ្នែកវិទ្យាសាស្ត្រនយោបាយនៅសកលវិទ្យាល័យជាតិសិង្ហបុរី និងជាអ្នកប្រាជ្ញក្រៅស្រុកនៅ Carnegie China៕

ប្រភព៖ CNA/ch