អន្តរជាតិ

ហ្វីលីពីនថាការសន្ទនាតាមផ្លូវទូតជាមួយចិនដូចជាមិនទទួលបានលទ្ធផលល្អសោះ

ប្រែសម្រួល៖សហការី

ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr បាននិយាយថា “ការសន្ទនាជាគំរូផ្លាស់ផ្តូរទំនាក់ទំនង” ដែលជាការចាំបាច់ព្រោះប្រទេសរបស់គាត់ជាប់ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូងក៏ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងការទូតជាមួយទីក្រុងប៉េកាំងនេះទំនងជាស្ថិតនៅលើ “ទិសដៅមិនសូវទទួលបានលទ្ធផលល្អ” នោះទេ។

នៅក្នុងបទសម្ភាសន៍របស់លោក Marcos ជាមួយប្រព័ន្ធផ្សព្វផ្សាយជប៉ុនកាលពីថ្ងៃទី ១៦ ធ្នូ ដែលផ្នែកខ្លះនៃសម្តីរបស់លោកត្រូវបានចែករំលែកតាមប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីននៅថ្ងៃចន្ទ ទី ១៨ ធ្នូ បានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងការទូតជាប្រពៃណីត្រូវបានចិនហាក់ដូចជាមិនសូវយកចិត្តទុកដាក់នោះទេ នេះបើយោងតាមការចេញផ្សាយរបស់វិមានប្រធានាធិបតី។

លោក Marcos ដែលកំពុងស្ថិតនៅក្នុងប្រទេសជប៉ុនសម្រាប់កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍របស់ទីក្រុងតូក្យូជាមួយសមាគមអាស៊ីអាគ្នេយ៍បានលើកឡើងថា “លើចំណុចនេះ យើងបានប្រកាន់យកវិធីសាស្រ្តការទូតដែលជាប្រពៃណីមួយដែលយើងបាននិងកំពុងខិតខំធ្វើកិច្ចការនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយជាមួយនឹងការរីកចម្រើនតិចតួចបំផុត”។

លោក Marcos បាននិយាយថា “គឺដល់ពេលហើយក្នុងស្ថានភាពនេះ យើងត្រូវផ្លាស់ប្តូរទម្រង់នៃការសន្ទនា” លោក Marcos បាននិយាយម្តងទៀតថា ប្រទេសហ្វីលីពីនចង់ជៀសវាងជម្លោះដែលឈានទៅបង្កឲ្យផ្តុះអំពើហិង្សា។

លោកបានបន្ថែមថា រដ្ឋាភិបាលរបស់លោកនឹងបន្តកិច្ចសន្ទនាជាមួយដៃគូរបស់ខ្លួន និងបង្ហាញជំហររួមគ្នាមួយដើម្បីធានាដល់ការទទួលខុសត្រូវចំពោះដែនសមុទ្រហ្វីលីពីនផ្នែកខាងលិចដែលជាចំណុចដ៏គួរឲ្យព្រួយបារម្ភបំផុតមួយ។

ដែលសមុទ្រហ្វីលីពីន​នៅក្នុង​ផ្នែក​មួយនៃ​សមុទ្រ​ចិន​ខាងត្បូងដែលជា​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់ខ្លួន​គឺ​ជា​សមុទ្រ​ហ្វីលីពីន​ផ្នែកខាងលិច។

កាលពីសប្តាហ៍មុន ទីក្រុងម៉ានីល និងទីក្រុងប៉េកាំងបានធ្វើការចោទប្រកាន់គ្នាជុំវិញការប៉ះទង្គិចគ្នារវាងកងនាវារបស់ពួកគេនៅជិតតំបន់ដែលមានជម្លោះក្នុងសមុទ្រចិនខាងត្បូង ខណៈដែលចិនបានបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងដោយធ្វើការការទាមទារស្ទើតែទាំងស្រុងលើផ្លូវទឹកដ៏សំខាន់ៗ។

ក្រៅពីហ្វីលីពីន សមាជិកអាស៊ាន វៀតណាម ម៉ាឡេស៊ី និងប្រ៊ុយណេ ក៏បានធ្វើការទាមទារត្រួតស៊ីគ្នាជាមួយចិននៅក្នុងផ្នែកខ្លះនៃសមុទ្រចិនខាងត្បូង ដែលជាផ្លូវសម្រាប់ពាណិជ្ជកម្មប្រចាំឆ្នាំ មានតម្លៃជាង ៣ ពាន់ពាន់លានដុល្លារអាមេរិក។

តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ក្នុងឆ្នាំ ២០១៦ បាននិយាយថា ការអះអាងរបស់ចិនមិនមានមូលដ្ឋានផ្លូវច្បាប់ហើយសេចក្តីសម្រេចនេះត្រូវបានគាំទ្រដោយសហរដ្ឋអាមេរិកក៏ប៉ុន្តែទីក្រុងប៉េកាំងបានបដិសេធចោលទាំងស្រុង។

មិន​មាន​ការ​ធ្វើអត្ថាធិប្បាយ​ភ្លាមៗ​ពី​ស្ថានទូត​ចិន​ប្រចាំ​ក្រុង​ម៉ានីលអំពិបញ្ហានេះនៅឡើយ​ទេ៕

ប្រភព៖ Reuters/rc