ព័ត៌មានជាតិ

រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយជាង១លានដុល្លារសម្រាប់ដោះមីនលើផ្ទៃដី១៨០ហិកតា

ដោយៈសិរីមតី
ភ្នំពេញ៖រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាសរុបចំនួន ១,៣៩០,១១៧ ដុល្លារអាមេរិក ដល់អង្គការមនុស្សធម៌និង បោសសម្អាតមីន ក្រោមគ្រោងការណ៍ នៃកិច្ចសហ ប្រតិ បត្តិ ការ សេដ្ឋកិច្ចរបស់ជប៉ុន ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។

ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង អ្នកតំណាងរបស់អង្គការសកម្មភាពកំចាត់ មីន ជប៉ុន បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ កាលពីថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០២៣នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។

ថវិកាចំនួន ៦៩៦,៣៩៧ ដុល្លារអាមេរិក បានត្រូវផ្តល់ជូនអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS)សម្រាប់គម្រោងគាំទ្រការស្ថាបនាឡើងវិញជាមួយការបោស សម្អាតគ្រាប់ បែកចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថាគម្រោង RSCS (ឆ្នាំទី៣) ។ចំណែកថវិកាចំនួន ៦៩៣,៧២០ ដុល្លារអាមេរិក សម្រាប់គម្រោងគាំទ្រ ការស្ថាបនាឡើងវិញ ជាមួយ ការបោសសម្អាតមីន នៅខេត្ត បន្ទាយមានជ័យ ហៅកាត់ថាគម្រោង RSDB (ឆ្នាំទី៣)។

នៅក្នុងគម្រោងនេះ អង្គការ JMAS នឹងបោសសម្អាតតំបន់ដែលមានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ១៨០ហិកតា និងផ្ទេរវិធីសាស្ត្រដែលមានសក្តិសិទ្ធភាព និងសុវត្ថិភាព ក្នុងការបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ទៅដល់ CMAC។ គម្រោងនេះក៏នឹងផ្តល់ការអប់រំអំពីការជៀសវាងពីហានិភ័យនៃគ្រាប់មីន ផងដែរ។ បន្ថែមពីនេះ កសិករនឹងទទួលបានឱកាសសិក្សាអំពីបច្ចេកទេសដាំដុះស្រូវ និងបង្កើតកសិដ្ឋានគំរូនៅលើទីតាំងដីដែលបោសសម្អាតមីនរួចរាល់។

ឯកអគ្គរាជទូតជប៉ុន បានឱ្យដឹងថា ជំនួយនេះត្រូវបានបែងចែកសម្រាប់គម្រោងគាំទ្រការស្ថាបនាឡើងវិញ ជាមួយការបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថាគម្រោង RSCS ឆ្នាំទី៣ ក្នុងថវិកាជិត៧០ម៉ឺនដុល្លារ ដែលអនុវត្តដោយអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS)។

លោកបានបន្តថា សម្រាប់ថវិកាជិត៧០ម៉ឺនដុល្លារទៀត នឹងគាំទ្រដល់គម្រោងការស្ថាបនាឡើងវិញនូវការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅខេត្តបន្ទាយមានជ័យ ហៅកាត់ថាគម្រោង RSDB ឆ្នាំទី៣ របស់អង្គការ JMAS លើផ្ទៃដី១៨០ហិកតា និងផ្ទេរវិធីសាស្ត្រដែលមានសក្តិសិទ្ធភាព និងសុវត្ថិភាព ក្នុងការបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ទៅដល់ CMAC។ គម្រោងនេះ ក៏នឹងផ្តល់ការអប់រំអំពីការជៀសវាងពីហានិភ័យនៃគ្រាប់មីនផងដែរ។ បន្ថែមពីនេះ កសិករនឹងទទួលបានឱកាស សិក្សាអំពីបច្ចេកទេសដាំដុះស្រូវ និងបង្កើត កសិដ្ឋានគំរូនៅលើទីតាំងដីដែលបោសសម្អាតមីនរួចរាល់៕