ព័ត៌មានជាតិ

មន្ត្រីនិយាយថា ការថែរក្សាសុខសន្តិភាពនិងសុខុដុមរមនាសាសនាបានគឺយើងនឹងមានសេចក្តីសុខចំរើន

ដោយ ៖ បន្ទាយ / បន្ទាយមានជ័យ

មន្ត្រីអាជ្ញាធរនិងជំនាញកិច្ចការសាសនាបានលើកឡើងថា  បើថែរក្សាសុខសន្តិភាពនិងសុខុដុមរមនាសាសនាដូចដែលរាជរដ្ឋាភិបាលខិតខំរកមកដោយលំបាកបាន មានន័យថាយើងបានសេចក្តីសុខ សេចក្តីចំរើន។ប្រជាជាតិនិងប្រទេសកម្ពុជាយើងក៏បន្តមានការអភិវឌ្ឃ ស្ថិរភាពនិងមោទនភាព ។

លោកលី សុវណ្ណារឹទ្ធិ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងលោកអ៊ុំ រាត្រី អភិបាលខេត្ត , លោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្តបន្ទាយមានជ័យបានថ្លែងដូច្នេះក្នុងពិធីអបអរសាទរព្រះរាជកំណើតព្រះយេស៊ូវគ្រីស្ទ ដែលគណ:កម្មការគ្រីស្ទបរិស័ទខេត្តរៀបចំធ្វើនៅព្រះវិហារមេថូឌីស្តព្រះពរនាភូមិគោរដ្ឋានសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ កាលពីរាត្រីថ្ងៃទី១៨ខែធ្នូឆ្នាំ២០២៣ ។

ពិធីនេះមានការអញ្ជើញចូលរួមដោយលោកលន់ វាសនា សមាជិកក្រុមប្រឹក្សាខេត្ត លោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្ត លោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ  សមាជិកគណ:កម្មការគ្រីស្ទបរិស័ទខេត្ត និងគ្រីស្ទបរិស័ទចម្រុះវ័យ ។

លោកលី សុវណ្ណារឺទ្ធិ.បានបន្តថា : សាសនាណាក៏អប់រំ ប្រៀនប្រដៅនិងដឹកនាំផ្នែកជំនឿអោយមនុស្សប្រព្រឹត្តល្អដែរ ។ ហេតុនេះអ្នកប្រណិប័តន៍ អ្នកប្រតិបត្តិនិងបរិស័ទដែលអនុវត្តឬមានជំនឿលើសាសនានីមួយៗ ត្រូវធ្វើអោយបានល្អតាមគន្លងនោះ ។

ចំពោះ ប្រទេសកម្ពុជាយើង រដ្ឋធម្មនុញ្ញបានចែងថា ពលរដ្ឋមានសេរីភាពខាងជំនឿសាសនា ។ ហើយសាសនាព្រះពុទ្ធជាសាសនារដ្ឋ ។រីឯសាសនាឯទៀតជាពាហិរសាសនា ។

រាជរដ្ឋាភិបាលបានដឹកនាំ អនុវត្តលើវិស័យនេះអោយសាសនាមានសុខុដុមរមនា ។

លោកគឹម វីវឌ្ឍន៍ ប្រធានក្រុមគ្រូគង្វាលនៃវិហារនេះនិងជានាយកវិទ្យុFM ផ្សាយសម្លេងចយហ្វយូ(Joy for You) បានលើកឡើងស្តីពីកំណើតឬបុណ្យណូអែល(គ្រីស្ទម៉ាស:Nóel/X’Mas) ថ្ងៃ១៧ ដោយ :

១.-សូមថ្វាយសិរីរុងរឿងដល់ព្រះយេស៊ូវ និងសូមគោរពដល់អរគុណព្រះអង្គដែលណូអែលឆ្នាំនេះនៅខេត្តបន្ទាយមានជ័យធ្វើ២កន្លែង ពេញដោយព្រះពរនិងព្រះគុណ(នៅទីនេះនារាត្រីនេះនិងនៅរាត្រីថ្ងៃទី២៥ខែធ្នូ នាសួនមានជ័យ(វេទិកាខេត្ត) ។

២.-សូមអរគុណដល់ថ្នាក់ដឹកនាំជាតិ ខេត្ត ក្រុង សង្កាត់ ភូមិ មន្ទីរធម្មការ ដែលតែងតែយកចិត្តទុកដាក់ និងបានអញ្ជើញចូលរួម ទាំងរួមសុខរួមទុក្ខជាមួយគ្នា។

៣.-សូមអរគុណដល់គណ:កម្មការ និងពួកជំនុំដែលខិតខំ ដុតដៃដុតជើងរៀបចំដោយអំណរ និងទ្រាំទ្រជាមួយគ្នា។ សូមព្រះប្រទានព្រះពរ។៤.សូមអរគុណដល់ភ្ញៀវកិត្តិយស បរិស័ទទាំងឡាយ។

លោកគឹម វីវឌ្ឍន៍ ក៏បានរំលឹកពីថ្ងៃប្រសូត្រនៃព្រះយេស៊ូវថ្ងៃទី២៥ខែ ធ្នូ នៅដើមរដូវស្លឹកឈើជ្រុះ។ ហើយពីដើមសតវត្សរ៍ទី៤ មកគេបានកំណត់យកថ្ងៃនៃពិធីបុណ្យកំណើតRoman Saturnalia គឺថ្ងៃទី១៧ដល់ ២១ខែធ្នូ។

បន្ទាប់មកដល់បច្ចុប្បន្ន វិហារសាសនាគ្រិស្តទាំងអស់សម្រេចយកថ្ងៃទី២៥ខែធ្នូវិញធ្វើពិធីបុណ្យរំលឹកកំណើតព្រះយេស៊ូវឬបុណ្យណូអែល(គ្រីស្ទម៉ាស:Nóel/X’Mas) ៕