ព័ត៌មានជាតិ

ឆ្នាំ២០២៤ខេត្តកំពង់ចាមមានគម្រោងអភិវឌ្ឍន៍ចំនួន៤៥១ដែលនឹងត្រូវចំណាយថវិកាប្រមាណជាង ៩១៩.៨៩៦លានរៀល

ដោយ៖ គង់ហេង
កំពង់ចាម៖ សម្រាប់ឆ្នាំ ២០២៤ ខេត្តកំពង់ចាមមានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចំនួន ៤៥១ គម្រោងដែលនឹងត្រូវចំណាយថវិកាចំនួន ៩១៩.៨៩៦លាន រៀល។ នេះបើតាមការថ្លែងឱ្យដឹងរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅថ្ងៃទី ១៨ ធ្នូម្សិលមិញ។


នៅក្នុងកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកម្មធីវិនិយោគបី ឆ្នាំរំកិល ( ២០២៤ដល់២០២៦) របស់រដ្ឋបាលខេត្តកំពង់ចាម ដែលមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត នាយករដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង ១០ ព្រមទាំងអង្គការសមាគម ដៃគូអភិវឌ្ឍន៍ និងមន្រ្តីពាក់ព័ន្ធមួយចំនួន នៅក្នុងមន្ទីរផែនការខេត្តនេះ លោកអភិបាលខេត្តកំពង់ចាមបានថ្លែងថា៖ ក្នុងសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤ ដល់ ២០២៦ របស់រដ្ឋបាលខេត្ត មានគម្រោងវិនិយោគកំពុងដំណើរការចំនួន ១០ គម្រោង ដែលត្រូវចំណាយថវិកា ចំនួន ៣០០.១៨លាន រៀល។


លោកបានបន្ថែមថា៖ ក្នុងនោះគម្រោងដែលមានថវិកាគាំទ្រមានចំនួន ៤៥១ គម្រោងដែលនឹងត្រូវចំណាយថវិកាចំនួន ៩១៩.៨៩៦ លានរៀល ដែលត្រូវអនុវត្តក្នុងឆ្នាំ ២០២៤។ គម្រោងទាំងនេះពិតជាបានបង្ហាញ នូវការរីកចម្រើនលើគ្រប់វិស័យ ធ្វើឲ្យប្រជាពលរដ្ឋមានកំណើនសេដ្ឋកិច្ច គ្រួសារកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុកហើយជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្ត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។


លោកបានបន្តថា៖ គម្រោងទាំងអស់នៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលនេះ គឺជាផែនការ សម្រាប់អនុវត្តនៅឆ្នាំ២០២៤ សូមលោក-លោកស្រី ប្រធានមន្ទីរ អង្គភាព ជំរុញការអនុវត្តគម្រោង នីមួយៗឲ្យចប់តាមការកំណត់ដោយធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋានឲ្យ បានជិតស្និទ្ធ។ ជាមួយគ្នា នោះ ក្រុមការងារកសាងផែនការខេត្ត រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ ត្រូវត្រៀមខ្លួន ចាប់ ផ្តើមដំណើរការប្រមូលតម្រូវការអាទិភាពរបស់មូលដ្ឋាន នៅចុងខែមករាគឺ ដើម្បីដាក់ក្នុងផែនការ យុទ្ធសាស្ត្រថវិកាបានឲ្យទាន់ពេលវេលា ស្របតាមប្រកាសអន្តរក្រសួងលេខ ០១៤៩ ផក.ប្រក ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ របស់ក្រសួងផែនការ និងក្រសួងមហាផ្ទៃ ស្ដីពី ការដាក់ឲ្យ ប្រើប្រាស់សេចក្តីណែនាំបំពេញបន្ថែម លើសេចក្តីណែនាំបច្ចេកទេស ស្តីពីការរៀបចំ និងកសាង កម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ៕