ព័ត៌មានជាតិ

ចាប់ពីថ្ងៃទី២២ធ្នូតទៅស្ពានឬស្សីកោះប៉ែននឹងបើកឱ្យដំណើរការឆ្លងកាត់ទស្សនាឆ្នេរខ្សាច់

ដោយ៖ គង់ហេង
កំពង់ចាម៖ លោក ប៊ុន ដារ៉ា ប្រធានគ្រប់គ្រងរមណីដ្ឋានឆ្នេរខ្សាច់កោះប៉ែនបានប្រកាស ជូនដំណឹងដល់ប្រជាពលរដ្ឋជាភ្ញៀវទេសចរ នៅថ្ងៃទី ១៩ ធ្នូនេះថា នឹងអាចធ្វើដំណើរឆ្លងកាត់ដោយស្ពានប្រដឹសឬស្សីឆ្លងកាត់ទន្លេមេគង្គចម្ងាយប្រមាណ ១.០០០ ម៉ែត្រ ចាប់ពីថ្ងៃទី ២២ ធ្នូខាងមុខតទៅ។


លោកប្រធានគ្រប់គ្រងរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែនបានប្រកាស និងជូនដំណឹងខាងលើធ្វើឡើងនៅក្នុងឱកាសដែលលោកបានអមដំណើរលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាមបានដឹកនាំ សហការី និងមន្រ្តីជំនាញចុះពិនិត្យលក្ខណៈបច្ចេកទេស និងពន្លឿនការស្ថាបនាស្ពានឬស្សី ដ៏វែងជាងគេមួយខ្សែនេះ ឱ្យបានហើយរួចរាល់ ឈានទៅរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំសកលឆ្នាំ២០២៣-២០២៤ នាពេលខាងមុខនេះ។


លោក ដារ៉ា បានបន្តថា៖ស្ពានឬស្សីនេះបច្ចុប្បន្នកំពុងសាងសង់ឆ្លងកាត់ទន្លេ ចាប់ពីត្រើយមុខវត្តដីដុះ ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម មកដល់រមណីយដ្ឋានឆ្នេរកោះប៉ែន មានប្រវែង ១០០០ ម៉ែត្រ ទទឹង ២ ម៉ែត្រ ដោយសាងសង់បានជាង ៩០ភាគរយ គឺស្ពានឬស្សីឆ្នេរកោះប៉ែន អាចនឹងសាងសង់រួច ១០០ភាគរយ ក្នុងពេលឆាប់ៗនេះ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ទាំងឡាយ អាចធ្វើដំណើរឆ្លងកាត់ស្ពានដោយថ្មើជើង មកកំសាន្តនៅឆ្នេរកោះប៉ែននេះ ចាប់ពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះ៕