ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣និងលើកទិសដៅការងារឆ្នាំ២០២៤

ដោយ៖ បន្ទាយ / បន្ទាយមានជ័យ

ថ្ងៃអង្គារទី១៩ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលខេត្តបន្ទាយមានជ័យ  បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាព លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និង លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្ដមប្រធានសាលាដំបូងខេត្ត ឯកឧត្ដមលោកព្រះរាជអាជ្ញាខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកឧត្ដមសេនីយ៍ វរសេនីយ៍មេបញ្ជាការ មេបញ្ជាការរង កង កម្លាំងទាំងបី មេធាវីប្រចាំរដ្ឋបាលខេត្ត ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត ប្រធាន អនុប្រធាន ការិយា ល័យប្រជាពលរដ្ឋខេត្ត នាយក នាយករងទីចាត់ការ និងប្រធាន អនុប្រធាន អង្គភាពចំណុះសាលាខេត្ត   ប្រធានក្រុមប្រឹក្សា អភិបាល នាយករដ្ឋបាល ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ អធិការនគ របាល មេបញ្ជាការផ្នែកសឹករង និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ទាំង៩ប្រធានច្រកទ្វារ និងសមត្ថកិច្ចឈរជើងនៅតាមព្រំដែន មេឃុំ-ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ស្មៀនឃុំ-សង្កាត់ ទាំង៦៧ព្រមទាំងមន្រ្តីពាក់ព័ន្ធ ។

លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យសូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការកិច្ចខិតខំប្រឹងប្រែង ទាំងអស់របស់ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព មន្ត្រីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកចិត្តទុកដាក់បំពេញការងារស្របតាមតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងស្មារតីទទួលខុស ត្រូវខ្ពស់ធ្វើឱ្យរដ្ឋបាលខេត្ដ សម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ទាំងការអភិវឌ្ឍន៍ខេត្ដ និងការធានា ស្ថិរភាពនយោបាយ សន្ដិសុខសង្គម សុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈ បានយ៉ាងល្អប្រសើរ ។

និងថ្លែងអំណរគុណដល់មន្រ្ដីសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយ៉ាង សកម្ម ក្នុងការពុះពារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពិសេសយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ប្រឆាំងជំងឺកូវីដ១៩ កន្លងមក។

នុងឱកាសនោះដែរ លោកអ៊ុំ រាត្រី  អភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្តក៏ដាក់ចេញនូវទិសដៅសំខាន់ៗ មួយចំនួន៖

១-បន្តថែរក្សាសន្តិភាពបន្តថែរក្សាការពារនូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ការបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើ សនានាតាមរយៈការពង្រឹងការអនុវត្ត គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ចំណុច។

២-ត្រូវបន្តពង្រឹង និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានតឹងរ៉ឹងនឹងម៉ឺងម៉ាត់បំផុត។

៣-  ត្រូវបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឲ្យបានម៉ឺងម៉ាត់ និងផុលផុស។

៤- រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តប្រតិបត្តិការបង្ក្រាបល្បែងស៊ីសង ខុស ច្បាប់គ្រប់ប្រភេទ ទាំងល្បែងភ្នាល់តាមប្រព័ន្ធអនឡាញខុសច្បាប់ និងល្បែងស៊ីសងនៅ តាម មូលដ្ឋាន ។

៥.រដូវក្ដៅនាពេលខាងមុខ នឹងងាយនាំឲ្យកើតមានឡើងនូវករណី អគ្គិភ័យ ដូច្នេះ សូមឲ្យគ្រប់សមាស ភាពពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យមានការ ប្រុងប្រយ័ត្នគ្រប់ពេល ចំពោះរាល់ដើមហេតុ ទាំងឡាយដែលអាចបង្កឲ្យកើតមានគ្រោះអគ្គិភ័យ។

៦- ត្រូវមានវិធានការរដ្ឋបាល និងវិធានការច្បាប់ឲ្យបានតឹងរ៉ឹងបំផុតក្នុងការទប់ស្កាត់ឲ្យបានទាន់ ពេលវេ លារាល់សកម្មភាពរំលោភយកដីសាធារណៈការសាងសង់សំណង់ផ្សេងៗ រំលោភលើដីចំណីផ្លូវ  និង ការចាក់ដីចូលព្រែក ទន្លេ  បឹងបួរដែលជាទ្រព្យសម្បត្តិរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិឯកជន។

គួរបញ្ជាក់ដែរថា អង្គសន្និបាតបានប្រព្រឹត្តទៅដោយមាន :បទបង្ហាញពីរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣និងទិសដៅការងារឆ្នាំ២០២៤របស់រដ្ឋបាលខេត្ត និងបែងចែកក្រុមពិភាក្សា និងធ្វើបទបង្ហាញលទ្ធផលនៃការប្រឡងប្រណាំង: ក-គោលនយោបាយភូមិឃុំ/សង្កាត់មានសុវត្ថិភាព, ខ-ការងារគ្រប់គ្រងគ្រោះមហន្តរាយ, គ-កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ និងឃ-ការផ្តក់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ ។

លុះដល់រសៀលថ្ងៃដដែលបានបន្តដំណើរការតាមរបៀបវារ:របស់ខ្លួន។

ហើយសន្និបាតនាំវនឹងបន្តទៀតនៅពេញ១ថ្ងៃស្អែកទៀត ដោយនឹងធ្វើពិធីបូកសរុបនិងបិទនាល្ងាចថ្ងៃទី២០ខែធ្នូឆ្នាំ២០២៣ ៕