ព័ត៌មានជាតិ

មជ្ឈមណ្ឌលសំចតប៉ោយប៉ែតទទួលពលករចំណាកស្រុកបញ្ជូនពីថៃ១៦.៣៤៩នាក់ក្នុង៩ខែនៃឆ្នាំ២០២៣

ដោយ ៖បន្ទាយ / បន្ទាយមានជ័យ

មជ្ឈមណ្ឌលសំចតប៉ោយប៉ែតនាក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យទទួលពលករចំណាកស្រុកដែលបញ្ជូនត្រឡប់ពីថៃចំនួន ១៦ .៣៤៩នាក់ក្នុងរយ:ពែល.៩ខែនៃឆ្នាំ ២០២៣ ។ក្នុងនោះពលរដ្ឋដែលរងគ្រោះពីការជួញដូរមនុស្សមាន ១៣៦នាក់។

លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទារបានឲ្យដឹងដូច្នេះនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលសំចតប៉ោយប៉ែតក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ។

លោកថា ក្នុងចំណោមពលករចំណាកស្រុកដែលបញ្ជូនក្រឡប់មកពីប្រទេសថៃ ១៦ .៣៤៩នាក់/ ស្រី ៨ ០៤៥នាក់ /ប្រុស៦ ៨៤៩នាក់ ។កុមារា ៧៦២នាក់ / កុមារី ៦៩៣នាក់។

លោកបន្ថែមថា ក្រោយពីបញ្ជូនមកមណ្ឌល អ្នកទាំងនោះបានធ្វើសម្ភាសន៍និងកំណត់អត្តសញ្ញាណ ដើម្បីរកមុខសញ្ញាជនរងគ្រោះ ផ្តល់ការស្នាក់នៅរយៈពេលខ្លីមុនពេលបញ្ជូនទៅទទួលសេវាបន្តនៅ អង្គការ អង្គការដៃគូ និងសហគមន៍វិញ។

ជាលទ្ធផលបានរកឃើញជនងាយរងគ្រោះដោយអំពើជួញដូរមនុស្ស ចំនួន ១៣៦ នាក់ (ស្រី២៦នាក់ ប្រុស ២០នាក់ កុមារី ៤៦នាក់ និងកុមារា ៤៤នាក់)។ ជនរងគ្រោះពីការកេងប្រវ័ញ្ចកម្លាំងពលកម្មចំនួន ១០នាក់ (ស្រី ៣នាក់ ប្រុស ០៥នាក់ កុមារាម្នាក់ និងកុមារី១នាក់)។

សូមបញ្ជាក់ថា : មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត នៅខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃច័ន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ ។

មជ្ឈមណ្ឌលនេះជាជំនួយឥតសំណងពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃតាមរយ:ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិថៃ(TICA :Thailand International Cooperation Agency ) សម្រាប់ជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ។

គេបានសាងសង់អស់ទឹកប្រាក់សរុប ២ .១៩៩ .៩២០ដុល្លារអាមេរិក លើផ្ទៃដីទំហំសរុប ៩ ៧៦៨ ម៉ែត្រការ៉េ មានទីតាំងនៅភូមិ ប្រជាធម្មខាងកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕