អន្តរជាតិ

បុរសម្នាក់ត្រូវចោទពីបទលួចលុយជាង ៣១,០០០ ដុល្លារពីអ្នកដំណើរតាមយន្តហោះ

ប្រែសម្រួល៖ សហការី

សិង្ហបុរី៖ បុរសម្នាក់ដែលជាជនសង្ស័យត្រូវបានចោទប្រកាន់ពីបទលួចប្រាក់ពីអ្នកដំណើរបីនាក់ក្នុងអំឡុងពេលធ្វើដំណើរតាមជើងហោះហើរ Scoot ពីប្រទេសវៀតណាមទៅកាន់ប្រទេសសិង្ហបុរីចំនួន ៣១,០០០ ដុល្លារសិង្ហបុរី ស្មើនឹង២៣,២៦០ ដុល្លារអាមេរិក ។

បុរសជនជាតិចិនឈ្មោះ Zhang Xiuqiang មានអាយុ ៥២ ឆ្នាំត្រូវបានចោទប្រកាន់ពីបទលួចហើយត្រូវបានកាត់ទោសដោយតុលាការសាលាដំបូងសិង្ហបុរីលើសំណុំរឿងចំនួនបីករណីកាលពីថ្ងៃចន្ទទី ១៨ ខែធ្នូ ពាក់ព័ន្ធនឹងការប្រព្រិត្តបទល្មើសលើយន្តហោះដោយយោងតាមច្បាប់សិង្ហបុរី។

យោងតាមសាច់ប្រាក់របស់ជនសង្ស័យ Zhang បានលួចពីអ្នកដំណើរចំនួន ៣ នាក់នៅចន្លោះពីម៉ោង ៩.៣០ ព្រឹកដល់ ១២.៣០ យប់ក្នុងថ្ងៃទី ១៦ ខែធ្នូ ក្នុងខណៈដែលគាត់បាននៅលើយន្តហោះ Scoot ជើងហោះហើរ TR305 ពីប្រទេសវៀតណាមទៅកាន់ប្រទេសសិង្ហបុរី។

ជើងហោះហើរនេះកំពុងធ្វើដំណើរពីទីក្រុងហូជីមិញទៅកាន់អាកាសយានដ្ឋាន Changi ។

ជនសង្ស័យ Zhang ត្រូវបានចោទប្រកាន់ថាបានលួចលុយចំនួន ៥០ ដុល្លារសិង្ហបុរី និង ៥១០ លានដុងវៀតណាមស្មើនឹង ២៨,០០០ ដុល្លារសិង្ហបុរី ពីកាបូបស្ពាយពណ៌ខ្មៅដែលជាកម្មសិទ្ធិរបស់អ្នកដំណើរឈ្មោះ Tan Chin Kwang ។

គាត់ក៏ត្រូវបានម្ចាស់លុយផ្សេងទៀតធ្វើការចោទប្រកាន់ថាបានលួចប្រាក់ចំនួន ១,០០០ ដុល្លារអាមេរិក និង ៩៣០ ដុល្លារសិង្ហបុរីពីស្រោមសំបុត្រមួយនៅក្នុងថង់ពណ៌ប្រផេះដែលជាកម្មសិទ្ធិរបស់អ្នកដំណើរឈ្មោះ Park Sanggu និង ៦០០ ដុល្លារសិង្ហបុរី និង ៣ លានដុងវៀតណាមពីកាបូបស្ពាយរបស់អ្នកដំណើរឈ្មោះម្នាក់ទៀតឈ្មោះ Lim Janus ។

ជនសង្ស័យ Zhang ត្រូវ​បាន​​ឃុំ​ខ្លួន​ដើម្បី​ធ្វើការ​ស៊ើបអង្កេតបន្តស្របតាមនីតិវិធីបន្ទាប់មកនឹងត្រូវបញ្ជូនខ្លួន​​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី ២២ ខែ​ធ្នូខាងមុខនេះ។

ប្រសិនបើ​ត្រូវបានគេរកឃើញថាមានជាប់បន្ទុកក្នុងការប្រព្រឹត្តបទល្មើសនោះគាត់នឹងត្រូវ​ផ្តន្ទាទោស​ពីបទ​លួចដែលអាចជាប់​​ពន្ធនាគារ​ចំនួន​បី​ឆ្នាំ និងត្រូវពិន័យ​ជា​ប្រាក់សរុប​លើបទលួចចំនួនបីករណី៕

ប្រភព៖ CNA/ll(sn)