អន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីនឹងហោះហើរជាអចិន្ត្រៃយ៍ទៅកាន់ក្រុងLondon Gatwick ចាប់ពីខែមិថុនាឆ្នាំ២០២៤

ប្រែសម្រួល៖ រតនា

សិង្ហបុរី៖ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (SIA) នឹងចាប់ផ្តើមបើកដំណើរការជើងហោះហើរអចិន្ត្រៃយ៍រវាងសិង្ហបុរី និងអាកាសយានដ្ឋាន Gatwick នៃទីក្រុងឡុងដ៍ចាប់ពីខែមិថុនា ឆ្នាំ ២០២៤ខាងមុខនេះតទៅ។

កាលពីថ្ងៃចន្ទទី១៨ ធ្នូ ក្រុមហ៊ុនអាកាសចរណ៍បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មាន ថាសេវាកម្មហោះហើរនឹងដំណើរការ ៥ លើកនៅក្នុងមួយសប្តាហ៍។

រួមជាមួយនឹងសេវាប្រចាំថ្ងៃ ៤ ដងនាពេលបច្ចុប្បន្នសម្រាប់ជើងហោះហើរទៅកាន់អាកាសយានដ្ឋាន Heathrow ទីក្រុងឡុងដ៏ដែលនឹងមានជើងហោះហើរសរុបទៅកាន់ទីក្រុងឡុងដ៍ដល់ទៅ ៣៣ លើកប្រចាំសប្តាហ៍នាពេលបច្ចុប្បន្ន។

ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (SIA) បាននិយាយថា សំបុត្រសម្រាប់ជើងហោះហើររបស់ SIA ទៅកាន់អាកាសយានដ្ឋាន Gatwick នៃទីក្រុងឡុងដ៍ នឹងត្រូវបានចេញជាបណ្តើរៗសម្រាប់លក់តាមរយៈបណ្តាញចែកចាយផ្សេងៗចាប់ពីថ្ងៃអង្គារនេះតទៅហើយ។

SIA បាននិយាយថា តាមបទប្បញ្ញត្តិ ជើងហោះហើរ SQ310 ពីសិង្ហបុរីនឹងដំណើរការនៅក្នុងថ្ងៃចន្ទនេះ និង ព្រហស្បតិ៍ សុក្រ សៅរ៍ និងថ្ងៃអាទិត្យជាបន្តបន្ទាប់ ដោយបន្ថែមថាជើងហោះហើរដំបូងនឹងចាកចេញពីសិង្ហបុរីនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៤ នៅវេលាម៉ោង ១១:៥៥ យប់។

ជើងហោះហើរត្រឡប់មកវិញ  SQ309 -ពីអាកាសយានដ្ឋាន Gatwick នឹងដំណើរការនៅថ្ងៃចន្ទ អង្គារ សុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយជើងហោះហើរដំបូងនឹងចេញដំណើរនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៤ នៅម៉ោង ១០.១៥ នាទីព្រឹក ម៉ោងក្នុងស្រុក។

ជើងហោះហើរនេះនឹងមកដល់ប្រទេសសិង្ហបុរីនៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៤វេលាម៉ោង ៦.២០ ព្រឹក។

SIA បាននិយាយថា ការមកដល់ពេលព្រឹកព្រលឹមនឹងផ្តល់ឲ្យអតិថិជននូវជម្រើសក្នុងការតភ្ជាប់ទៅកាន់ជើងហោះហើរ SIA និង Scoot ទៅកាន់គោលដៅនាៗនៅទូទាំងអាស៊ីអាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់ជាដើម។

SIA នឹងប្រើប្រាស់យន្តហោះប្រភេទ Airbus A350-900 របស់ខ្លួនសម្រាប់ការហោះហើរទៅកាន់អាកាសយានដ្ឋាន Gatwick របស់ទីក្រុងឡុងដ៍ ដែលមានកៅអីអង្គុយចំនួន ២៥៣ នៅក្នុងថ្នាក់កាប៊ីនចំនួនបី។

វា​បាន​បន្ថែម​ថា វា​នឹង​មាន​កៅអី​ចំនួន ៤២ ក្នុង​ថ្នាក់ Business Class ២៤ កៅអី​ក្នុង Premium Economy Class និង ១៨៧ កៅអី​ក្នុង Economy Class។

ការបន្ថែមព្រលានយន្តហោះ Gatwick បង្កើនចំនួនគោលដៅអឺរ៉ុបនៅក្នុងបណ្តាញ SIA ដល់ ១៤ ។

ជាមួយនឹងការណែនាំនៃសេវាកម្មថ្មី “អតិថិជននឹងមានជើងហោះហើរបន្ថែមដើម្បីជ្រើសរើសនៅពេលហោះហើររវាងប្រទេសសិង្ហបុរី និងចក្រភពអង់គ្លេស” លោក Dai Haoyu អនុប្រធានជាន់ខ្ពស់ស្តីទីនៃ SIA នៃផែនការទីផ្សារបាននិយាយយ៉ាងដូច្នេះ។

លោកបានបន្ថែមថា “វាក៏ជាជម្រើសក្នុងការធ្វើដំណើរបន្ថែមទៅកាន់ចំណុចផ្សេងៗទៀតនៅក្នុងទ្វីបអឺរ៉ុប និងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ”។

លោក Stewart Wingate នាយកប្រតិបត្តិនៃទីក្រុងឡុងដ៍ Gatwick បាននិយាយថា ផ្លូវហោះហើរថ្មីនេះនឹង “ផ្តល់នូវសក្តានុពលនៃការតភ្ជាប់ដ៏ធំ មិនត្រឹមតែទៅកាន់គោលដៅដ៏អស្ចារ្យរបស់សិង្ហបុរីប៉ុណ្ណោះទេ ប៉ុន្តែកាន់តែទូលំទូលាយនៅទូទាំងអាស៊ីអាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់”៕

ប្រភព៖ CNA/fh(rj)