ព័ត៌មានជាតិ

កម្ពុជា-ថៃសម្ពោធដាក់អោយប្រើប្រាសមជ្ឈមណ្ឌលសំចតនិងស្តារនីតិសម្បទា

ដោយ៖បន្ទាយ /បន្ទាយមានជ័យ

មជ្ឈមណ្ឌលសំចតនិងស្តារនីតិសម្បទាជនរងគ្រោះ -ប៉ោយប៉ែត (Poipet Transit and Rehabilitation Center for Victims ) នៅខេត្តបន្ទាយមានជ័យត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃចន្ទទី១៨ ខែធ្នូ ឆ្នាំ២០២៣។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) តំណាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកឆឺតតាក់គាត អាត់ថាករ (HE Cherdkiat ATTHAKOR ) ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា និងចូលរួមដោយលោកលោកស្រីសមាជិកស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ ថ្នាក់ដឹកនាំស្ថាប័ន ខេត្ត ស្រុកក្រុង អង្គការដៃគូអភិវឌ្ឍន៍ មន្ត្រីរាជការ កងកម្លាំង ពលរដ្ឋ សិស្ស យុវជនរាប់រយនាក់ ។

លោកជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទារបានថ្លែងថា :មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ -ប៉ោយប៉ែត ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់សេវា ការស្នាក់នៅបណ្តោះអាសន្ន ការហូបចុក ថែទាំ សុខភាព អប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បំណិនជីវិតដល់ជនរងគ្រោះ និងងាយរងគ្រោះដោយអំពើជួញដូរមនុស្សប្រកបដោយសុខសុវត្ថិភាព និងគ្មានការរើសអើងជាតិសាសន៍ និងពិការភាព។

មជ្ឈមណ្ឌលនេះជាជំនួយឥតសំណងពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃតាមរយ:ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិថៃ(TICA :Thailand International Cooperation Agency )សម្រាប់ជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដែលបានសាងសង់អស់ទឹកប្រាក់សរុប ២ .១៩៩ .៩២០ដុល្លារអាមេរិក លើផ្ទៃដីទំហំសរុប ៩.៧៦៨ ម៉ែត្រការ៉េ មានទីតាំងនៅភូមិប្រជាធម្មខាងកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

គម្រោងសាងសង់១ឆ្នាំ ចាប់ផ្ដើមសាងសង់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នឹងបញ្ចប់នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៣ ដែលមានទំហំផ្ទៃដីសរុប ៩ .៧៦៨ ម៉ែត្រការ៉េ (បណ្តោយ ១០១,៣៩ម ទទឹង ៩៦,៣៤ម)។

លោកឆឺតតាក់គាត អាត់ថាករ (HE Cherdkiat ATTHAKOR ) ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា បានថ្លែងថា : មជ្ឈមណ្ឌលសំចតនិងស្តារនីតិសម្បទាជន រងគ្រោះប៉ោយប៉ែត គឺជាមជ្ឈមណ្ឌលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា-ថៃ ក្នុងការជួយដល់ជនរងគ្រោះ ជាពិសេសពលករដែលរងគ្រោះដោយអំពើជួញដូរមនុស្សនិងពលករទេសន្តរប្រវេសន៍ដែលចាកចេញទៅធ្វើការនៅក្រៅប្រទេស រួមទាំងនៅប្រទេសថៃផងដែរ ៕