ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យបញ្ចេញរបាយការណ៍ដោះស្រាយដីធ្លីក្រោយមានពលរដ្ឋ១០០គ្រួសារប្តឹងទៅរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

ដោយ : បន្ទាយ / បន្ទាយមានជ័យ

បន្ទាប់ពីពលរដ្ឋ១០០គ្រួសារថា រស់នៅភូមិចាន់គិរី និងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្តឹងទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសុំដកលោកអ៊ុំ រាត្រី អភិបាលខេត្ត,លោកង៉ោ ម៉េងជ្រួនអភិបាលរងខេត្តថា អសមត្ថភាពលើការដោះស្រាយទំនាស់ដីធ្លីនោះមក  ថ្នាក់ដឹកនាំខេត្តក៏បានបញ្ចេញនូវរបាយការណ៍ស្តីពីការដោះស្រាយវិវាទដីធ្លីកន្លងមក។

រដ្ឋបាលខេត្តបន្ទាយមានជ័យបានរំលឹករបាយការណ៍ស្តីពីការដោះស្រាយវិវាទដីធ្លីរវាងប្រជាពលរដ្ឋជាមួយសមាគមអភិវឌ្ឍន៍កសិកម្មជាតិ មានទីតាំងនៅភូមិចាន់គិរី និងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត និងភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។

ការបញ្ចេញនូវរបាយការណ៍ទាំងនេះគឺ ដោយសារតែមានបណ្តឹង ,មានការតវ៉ា និងមានការចុះផ្សាយរិះគន់ធ្ងន់ៗតាមសារព័ត៌មាននិងបណ្តាញសង្គមមួយចំនួន ទើបរដ្ឋបាលខេត្តបន្ទាយមានជ័យបង្ខំចិត្តចេញលិខិតបំភ្លឺខ្លះទៅសាធារណជននិងបណ្តាញផ្សព្វផ្សាយឲ្យបានដឹងពីការពិត។

ជាពិសេសបានបញ្ចេញនូវការរំលឹក លិខិតលេខ៩៣៥/២៣ របក ចុះហត្ថលេខាដោយលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យចុះថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២៣ កន្លងមក គោរពជូនលោកអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ របាយការណ៍ស្តីពីការដោះស្រាយវិវាទដីធ្លីរវាងប្រជាពលរដ្ឋជាមួយសមាគមអភិវឌ្ឍន៍កសិកម្មជាតិ មានទីតាំងនៅភូមិចាន់គិរី និងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត និងភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ។

លិខិតមានកម្រាស់៤ទំព័របានរៀបរាប់សង្ខេបស៊ីជម្រៅលើប្រវត្តិវិវាទដីធ្លីដ៏រ៉ាំរ៉ៃ អង្គហេតុ អង្គច្បាប់ នីតិវិធី ស្ថាប័នដោះស្រាយដោយអាជ្ញាធរ ដោយតុលាការ ភាគីដើមចោទ ចុងចម្លើយនិងលទ្ធផលសម្របសម្រួលដោះស្រាយស្ទើចប់ទាំស្រុង ។

ប៉ុន្តែ ករណីនៅសេសសល់បានកើតឡើងដោយសារ :១-ការទិញ លក់ដូរតៗគ្នាជាន់ទីតាំងគ្នារវាងពលរដ្ឋនិងពលរដ្ឋគ្នាឯង ។២-ដោយសារការចូលគ្រប់គ្រង កាន់កាប់ដីគ្មានការទទួលស្គាល់ពីអាជ្ញាធរអោយបានត្រឹមត្រូវឡើយ ។

បន្ថែមលើនោះ រដ្ឋបាលខេត្តនឹងពន្លឿនការដោះស្រាយអោយបានចប់សព្វគ្រប់ទាំងស្រុងនាពេលខាងមុខនេះ រួមទាំងការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធជូនពួកគាត់(ពលរដ្ឋ)ផងដែរ ។

[ មានរបាយការណ៍ជូនភ្ជាប់ សម្រាប់មិត្តអ្នកអាន ] ។

បន្ថែមលើនោះ រដ្ឋបាលខេត្តបន្ទាយមានជ័យក៏បញ្ចេញលិខិតលេខ៧៣៥ /២៣ សជណ ,លេខ ៧៣៦ សជណចុះថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២៣ ចុះធ្វើអត្តសញ្ញាណកម្មដីនិងប្រជាពលរដ្ឋដែលមិនទាន់បានព្រមព្រៀងបញ្ចប់វិវាទដីធ្លីជាមួយសមាគមអភិវឌ្ឍន៍កសិកម្មជាតិមានទីតាំង (ដូចខាងលើ) ។

លិខិតបង្គាប់ការលេខ០៤៨/២៣ លបក ចុះថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២៣  ដែលត្រូវបានចាត់តាំងក្រុមការងារចម្រុះខេត្តដើម្បីចុះពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើអត្តសញ្ញណកម្មដីនិងប្រជាពលរដ្ឋដែលមិនទាន់បានព្រមព្រៀងបញ្ចប់វិវាទដីធ្លីទីនោះ …..ផងដែរ ។

[ មានសេចក្តីជូនដំណឹងនិងលិខិតបង្គាប់ការ ជូនភ្ជាប់ សម្រាប់មិត្តអ្នកអាន ] ។

សូមរំលឹកថា ប្រជាពលរដ្ឋនៅភូមិចាន់គិរី និងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ប្រមាណជាង១០០គ្រួសារបានធ្វើបណ្ដឹងចុះថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២៣ គោរពជូន ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនោះ ខ្លឹមសារក៏ប្ដឹងសុំផ្លាស់ប្ដូរលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមនិងលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ចេញពីមុខតំណែងផងដែរ ។

ពោលគឺបណ្តឹងនោះមានតាំងពីក្រោយរដ្ឋបាលខេត្តនិងជំនាញពាក់ព័ន្ធបានចុះសម្របសម្រួលដោះស្រាយ  ធ្វើអត្តសញ្ញាណកម្មនិងធ្វើរបាយការណ៍គោរពជូនលោកអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទៅទៀត។

[ មានបណ្តឹងពលរដ្ឋជូនភ្ជាប់ សម្រាប់មិត្តអ្នកអាន ] ។

ប៉ុន្តែបណ្តឹងនោះទើបតែបែកធ្លាយ ហើយពលរដ្ឋក៏លើកគ្នាតវ៉ានិងសម្ភាសន៍តាមប្រព័ន្ធផ្សព្វផ្សាយ ហើយចេញផ្សាយកាលពីថ្ងៃទី១១និង១២ខែធ្នូឆ្នាំ២០២៣ កន្លងមក ។

ពលរដ្ឋទាំងនោះបាននិយាយថា: «លោក អ៊ុំ រាត្រី លោក ង៉ោ ម៉េងជ្រួន អសមត្ថភាពក្នុងការដោះស្រាយបញ្ហាជូនពលរដ្ឋ ឃុបឃិតគ្នាជាប្រព័ន្ធ ធ្វើទុក្ខបុកម្នេញ ចាប់ប្រជាពលរដ្ឋដាក់គុក និងសកម្មភាព បំពានច្បាប់ជាអាទិ៍»។

ពលរដ្ឋបានបន្តថា : ពលរដ្ឋមានទំនាស់ជិត២០ឆ្នាំមកហើយ មិនមានអាជ្ញាធរចុះដោះស្រាយនោះទេ ។

ជាពិសេសនៅអាណត្តិលោក អ៊ុំ រាត្រី ជាអភិបាលខេត្ត និងលោក ង៉ោ ម៉េងជ្រួន ជាអភិបាលរងខេត្ត គឺមិនអើពើដោះស្រាយបញ្ហា ឱ្យពួកគាត់ឡើយ ។

ប៉ុន្តែបែរជាឃុបឃិតគ្នា ឱ្យតំណាងសមាគមន៍អភិវឌ្ឍន៍កសិកម្មជាតិដែលមានលោក ឱក សុផាន រួមនិងបក្ខពួក ធ្វើទុក្ខបុកម្នេញគំរាមសំឡុត និងចាប់ពលរដ្ឋដាក់គុកជាហូរហែ ដោយមិនឱ្យពួកគាត់ រស់នៅបានសុខនោះឡើយ។

មិនតែប៉ុណ្ណោះ អាជ្ញាធរខេត្តបានរៀបចំឱ្យលោក សេង ចាន់ឌី មេភូមិចាន់គិរី យកដីរបស់ពួកគាត់ ទៅលក់ឱ្យទៅអ្នកផ្សេង ធ្វើមានធ្វើបានតាមតែទំនើងចិត្តទៀតផង ៕