សេដ្ឋកិច្ច

៣០គ្រួសារនាំគ្នាចងក្រងបង្កើតសហគមន៍តម្បាញក្រមា ដើម្បីរកប្រាក់បន្ថែមជួយជីវភាព

ដោយ : បន្ទាយ / ឧត្តរមានជ័យ

ពលរដ្ឋប្រមាណជា៣០គ្រួសាររស់នៅភូមិឆ្កែកូន ឃុំជើងទៀន ស្រុកចុងកាល់ខេត្តឧត្តរមានជ័យបានចង់ក្រងគ្នាបង្កើតជា”សហគមន៍តម្បាញ”មួយប្រកបមុខរបរតម្បាញក្រមាដើម្បីរកប្រាក់ចំណូលបន្ថែមផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ ដែលជារបរទី២ បន្ទាប់ពីពីធ្វើស្រែនិងចម្ការ ។

លោក សំ អឿន ជាប្រជាពលរដ្ឋរស់នៅភូមិឆ្កែកូនបានអោយដឹងកាលពីថ្ងៃទី១៥ខែធ្នូឆ្នាំ២០២៣ថា : ប្រជាពលរដ្ឋនៃសហគមន៍ខ្លួនបានប្រកបរបរតម្បាញក្រមានេះចាប់តាំងពីអំឡុងពេលមានវិបត្តិសាកលនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ឆ្នាំ២០២០ មក។គឺក្រោមការជួយឧបត្ថម្ភ គាំទ្រផ្នែកសម្ភារ ធនធានពីមន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យ។

លោកបានបន្តថា :ការរៀនជំនាញតម្បាញក្រមានៅស្រុកកំណើតនេះគឺប្រជាពលរដ្ឋភាគច្រើន គឺអ្នកដែលវិលមកពីធ្វើការស៊ីឈ្នួលនៅប្រទេសថៃ។

លោកបញ្ជាក់ថា : ការតម្បាញក្រមានៅទីនេះ ពួកខ្លួនមាន១-ជំនាញចេះត្បាញពីឪពុកម្តាយ ដូនតានិងប្រពៃណី។ទី២-ពួកគាត់បណ្តុះបណ្តាលបន្ថែមជំនាញពីក្រុមការងាររបស់មន្រ្តីកិច្ចការនារីខេត្ត ។

លោកបានឲ្យដឹងទៀតថា: តម្លៃក្រមា អាចលក់ចេញក្នុងតម្លៃចាប់ពីរម៉ឺនរៀល/១ក្រមា សម្រាប់ប្រភេទសាច់ក្រមាធម្មតា។រីឯប្រភេទសាច់ក្រមាសូត្រ តម្លៃបួនម៉ឺនរៀល/១ក្រមា ។

ក្នុងនោះ ក្រោមការងារទាក់ទងនិងជួយសម្រួលទីផ្សារពីមន្ទីរនេះ មានក្រុមឈ្មួញមកចាំទទួលទិញដល់មូលដ្ឋានតែម្តងផងដែរ។កក្តាទាំងនេះហើយអាចជំរុញធ្វើឲ្យពួកគាត់បានរស់នៅជួបជុំក្រុមក្រួសារ មានចំណូលសមស្រប ហើយមិនបាច់ធ្វើការចំណាកស្រុកដូចគ្រាមុននោះទេ៕